ចម្លាក់​ក្មេង​ឈរ​បាញ់នោម​នៅ​ប៊ែលហ្ស៊ិក បដិសេធ​ឈុត​ម៉ៃឃើល ជេកសុន

Content image - Phnom Penh Post
ស្ដេច​ចម្រៀង​ប៉ុប ម៉ៃឃើល ជេកសុន និង​ចម្លាក់​ក្មេង​ឈរ​នោម​។ រូបថត AFP

ក្រុងប្រ៊ុចសែល: អាជ្ញាធរ​ក្រុង ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក បាន​បដិសេធ​ការប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ស្ដេច​ចម្រៀង​ប៉ុប​អាមេរិក ម៉ៃឃើល ជេកសុន មក​តុបតែង​រូបចម្លាក់​ក្មេង​ឈរ​បាញ់នោម Manneken-Pis ដើម្បី​គម្រប់​ខួប​មរណភាព ១០ ឆ្នាំ​របស់ ជេកសុន​។

សេចក្ដី​សម្រេច​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​មាន​ការទម្លាយ​ភាពយន្ត​ឯកសារ​រឿង Leaving Neverland ដែល​លាតត្រដាង​ពី​សកម្មភាព​បៀតបៀន​ផ្លូវភេទ​កុមារ ដោយ​អតីត​ស្ដេច​ចម្រៀង​ប៉ុប ម៉ៃឃើល ជេកសុន កាលពី​រូបលោក​នៅ​រស់​។

អ្នកនាំពាក្យ​សាលាក្រុង​បាន​ឲ្យ​ដឹង​ថា​៖ «​ក្រុមប្រឹក្សា​រដ្ឋធានី​ប្រ៊ុចសែល​មិន​ទទួលរង​ឥទ្ធិពល​ពី​ភាពយន្ត​ឯកសារ​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​គ្រាន់តែ​ចង់​ឈរ​លើ​គោលការណ៍​ដ៏ប្រុងប្រយ័ត្ន និង​ម៉ឺងម៉ាត់​មួយ​ប៉ុណ្ណោះ​»​។

ចម្លាក់​ដ៏ល្បីល្បាញ​នៅ​ក្រុង​ប្រ៊ុចសែល Manneken-Pis statue ជា​រូប​ក្មេងប្រុស​បាញ់នោម​នៅ​លើ​សួន​បាញ់​ទឹក​អស់​រយៈពេល​ប្រមាណ ៤០០ ឆ្នាំ​មក​ហើយ​។

ចម្លាក់​នេះ​តែងតែ​ត្រូវ​បាន​គេ​យក​សម្លៀកបំពាក់​ប្លែកៗ​មក​តុបតែង​ដោយ​ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ​ជា ១៣០ ​កំប្លេ​។ សម្លៀកបំពាក់​ទាំងនោះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​អង្គការ និង​ស្ថានទូត​នានា ដើម្បី​ជា​ការប្រារព្ធ​ឱកាស ទិវា និង​ព្រឹត្តិការណ៍​ធំៗ​ដូចជា​កម្មវិធី​ចូលឆ្នាំ​ប្រពៃណី​ចិន និង​ការប្រកួត​បាល់ទាត់​ពិភពលោក​ជាដើម​។

ចម្លាក់​ក្មេង​ឈរ​បាញ់នោម Manneken-Pis ដើមឡើយ​ត្រូវ​បាន​សាលាក្រុង​គ្រោង​នឹង​បំពាក់​ខោអាវ​របស់​ស្ដេច​ចម្រៀង​ប៉ុប ម៉ៃឃើល ជេកសុន នៅ​ថ្ងៃ​ទី​ ២៥ ខែ​មិថុនា ដើម្បី​គម្រប់​ខួប​មរណភាព ១០ ​ឆ្នាំ​របស់​លោក មុន​ពេល​ដែល​ចម្លាក់​នេះ​នឹង​បន្ត​គ្រង​ឈុត​គាំទ្រ​បាល់ទាត់ ប៊ែលហ្ស៊ិក​៕