ក្រុងជួបហ្សាណា៖ អ្នក​ស្រុក​បាន​រាយការណ៍​ទៅ​កាន់​អង្គភាព​ពន្លត់​អគ្គិភ័យ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ចម្លាក់​ឈើ​​របស់​ស្ដ្រី​ទី១ ​អាមេរិក​ ម៉េឡានៀ ត្រាំ ក្នុង​សម្លៀក​បំពាក់​ពណ៌​ខៀវ​ផ្ទៃ​មេឃ ដែល​ត្រូវ​បាន​ដំឡើង​​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​កំណើត​សេវនីកា​ ត្រូវ​បាន​គេ​ដុត​។


ចម្លាក់​ឈើ​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​កាល​ពី​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ​២០២០ គឺ​ ១ ឆ្នាំ​ក្រោយ​​​សម្ពោធ​​ផ្លូវ​ការ។

ក្រោយ​ពី​នំខេក​ ម៉េឡានៀ ទឹក​ឃ្មុំ​ម៉េឡានៀ និង​ថែម​ទាំង​ស្បែក​ជើង​ម៉េឡានៀ មាតុភូមិ​​កំណើត​របស់​ស្ដ្រី​ទី១ ​​អាមេរិក​នៅ​ស្លូវេនី បាន​បង្កើន​កិត្ដិនាម​ល្បីល្បាញ​របស់​កូន​ស្រី ទោះ​រង​នូវ​​ការ​យល់​ឃើញ​ខុស​ៗ​គ្នា​យ៉ាង​ណា​ក៏​ដោយ​។


ចម្លាក់​នេះ ​​គឺ​ជា​ស្នាដៃ​របស់​ជាង​ចម្លាក់​ក្នុង​ស្រុក​ និង​សិប្បករ​ អាឡេស ហ៊្សូប៉េវ​ ម៉ាស៊ី រួមទាំង​គូកន​ជា​វិចិត្រករ​អាមេរិក​ ប្រាដ ដូនី ដែល​បាន​ថត​វីដេអូ​ឯកសារ​អំពី​ការ​ផលិត​ចម្លាក់​ឈើ​​។ វា​ត្រូវ​បាន​អះអាង​ថា ​ជា​ចម្លាក់​និមិត្ត​រូប​ដំបូង​បំផុត​របស់​លោក​ស្រី ម៉េឡានៀ ត្រាំ​។ ​


ចម្លាក់​ស្ដ្រី​ទី១ អាមេរិក​លើ​ទឹក​ដី​ស្លូវេនី ទទួល​បាន​ប្រតិកម្ម​ចម្រុះ​ពី​សាធារណជន ព្រម​ទាំង​មាន​ការ​ចាប់​អារម្មណ៍​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ជាតិ និង​​អន្ដរជាតិ​។


ប៉ូលិស​ក្រុង​ ណូវ៉ូ ម៉េស្ដូ ត្រូវ​បាន​ជូន​ដំណឹង​អំពី​ឧប្បត្ដិហេតុ​នេះ និង​កំពុង​បើកការ​ស៊ើប​អង្កេត​ពី​ការ​ដុត​ចម្លាក់​រូប​​ស្ដ្រី​ទី១ អាមេរិក​នេះ​​។

កាល​ពី​ដើម​ឆ្នាំ ចម្លាក់​ឈើ​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ ក៏​ត្រូវ​បាន​ដុត​ចោល​ទាំង​ស្រុង​នៅ​ក្រុង​​ម៉ារ៉ាសេ ប្រទេស​ស្លូវេនី ចម្ងាយ​ជាង​ ៣០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ក្រុង​ជួបហ្សាណា​៕ AFP/HR