ចានស្រាក់​ស្ពាន់​ដ៏ប្រណីត​ពណ៌​ដូច​មាស​ រចនា​សម្រាំង​ដោយ​ក្រុម​សិប្បករ​ភ្ញីទេស

Content image - Phnom Penh Post
ចានស្រាក់​ដែល​សម្រិតសម្រាំង​ដោយ​ក្បាច់រចនា​ល្អ​ប្រណីត​ធ្វើ​ពី​ស្ពាន់​លឿង ពណ៌​ដូច​មាស​។ រូបថត ភ្ញីទេស

ភ្នំពេញៈ បើទោះបី​របរ​ជា​សិប្បករ​ចម្លាក់​ប្រាក់ ស្ពាន់ និង​ទង់ដែង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពោធិ៍តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល​ចម្ងាយ​ជាង ៤០ ​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​នោះ​ហាក់​ថយ​ចំនួន​ក្រុមគ្រួសារ​ប្រកប​អាជីព​ទៅហើយ​ក្តី តែ​រាល់​បណ្តុំ​នៃ​ស្នាដៃ​ចម្លាក់​លើ​គ្រឿង​ប្រដាប់​ប្រើប្រាស់​នានា​នៃ​ក្រុមគ្រួសារ​សិប្បកម្ម​ភ្ញីទេស គឺ​នៅ​តែ​អាច​រក្សា​គុណភាព និង​ទឹកដៃ​ដ៏ប្រពៃ​របស់​ខ្លួន​មាន​ ៣ ជំនាន់​មកហើយ​ដល់​បច្ចុប្បន្ន​។

លោក វ៉ាន់ ស៊ីថា សិប្បករ​ចម្លាក់​ជំនាន់​ទី​ ៣ មាន​វ័យ ២៧ ឆ្នាំ​ហើយ​បាន​រៀនចំណេះ​សិប្បកម្ម​ចម្លាក់​ប្រាក់ ស្ពាន់ និង​ទង់ដែង​ត​ពី​ឪពុកម្តាយ​តាំងពីក្មេង​វ័យ​មក​នោះ​បាន​ឲ្យ​ដឹងថា​៖ «​ជា​ការពិត​នោះ​របរ​ជា​ជាងចម្លាក់​នេះ មិនមាន​ច្រើន​គ្រួសារ​ឡើយ​ដែល​រក្សា​ជា​មុខរបរ​មាន​ត​កូនចៅ​រហូត​មក​ដល់ពេលនេះ​។ ខណៈ​គ្រួសារ​សិប្បកម្ម​ភ្ញីទេស​របស់​ខ្ញុំ បាន​បន្ត​ច្រើន​ជំនាន់​ហើយ​ដែរ​។ ប្រសិនបើ​គិត​ត្រឹម​ជំនាន់​ជីតា​ខ្ញុំ​មក​នោះ​គឺ​មាន ៣ ​ជំនាន់​ហើយ​ដោយ​ជំនាន់​ជីតា​របស់ខ្ញុំ​បាន​ប្រកបរបរ​នេះ​មុន​សម័យ​ខ្មែរក្រហម ខណៈ​ជំនាន់​ឪពុកម្តាយ​ខ្ញុំ ធ្វើ​នៅក្រោយ​សម័យ​ប៉ុលពត គឺ​ចាប់ពី​ឆ្នាំ​ ១៩៧៩ មក​។ នៅ​ជំនាន់​ទី​ ៣ គឺ​រូបខ្ញុំ​ដែល​បាន​រៀនសូត្រ​តាំងពី​ក្មេង និង​បាន​រៀន​ចេះ​ជំនាញ​ឆ្លាក់​នានា ចេះ​ស្ទាត់​តាំងពី​លោក​នៅ​វ័យ ១៨ ឆ្នាំ​មក​ផងដែរ​»​។

Content image - Phnom Penh Post
ចានស្រាក់​ដែល​រចនា​ដោយ​ក្បាច់​ភ្ញី​លម្អិត​សព្វ​នៃ​តួ​ជា​ស្នាដៃ​ល្អ​ឯក​របស់​សិល្បករ​ភ្ញីទេស​។ រូបថត ភ្ញីទេស

សិប្បកម្ម​ជាងទង​ចម្លាក់​ខ្មែរ​ដ៏ប្រណីត​ធ្វើ​អំពី​ស្ពាន់ ប្រាក់ និង​ទង់ដែង​ទាំងនេះ មាន​ច្រើន​ប្រភេទ និង​សណ្ឋាន​តម្រូវ​តាម​ចំណូលចិត្ត​របស់​អ្នកប្រើ​ដោយ​គេ​ឃើញ​មានដូចជា​ចម្លាក់ ផ្តិល ក្អម ឆត្ររួត តុម្ពកំបោរ ប្រអប់​ស្លា ប្រអប់​ក្រដាស​ជូត​មាត់ ប៉ាន់តែ រូប​ផ្លែ​ល្ពៅ និង​រូប​សត្វ​នានា​គឺ​ត្រូវ​រចនា និង​សម្រិតសម្រាំង​ផ្ចិតផ្ចង់​ដ៏ល្អ​ប្រណីត​ពី​សំណាក់​ក្រុម​សិប្បកម្ម​ភ្ញីទេស​។

វ៉ាន់ ស៊ីថា ម្ចាស់​សិប្បកម្ម​ភ្ញីទេស ដែល​បច្ចុប្បន្ន​កំពុង​តែ​បាន​បង្កើត​ទីតាំង​ថ្មី​មួយទៀត​នៅ​ក្រុងភ្នំពេញ គឺ​ស្ថិត​នៅ​ខាងក្រោយ​មន្ទីរ​សម្រាក​ព្យាបាល​រ៉ូយ៉ាល់​រតនៈ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​ក៏​បាន​រៀបរាប់​ពី​ចម្វាក់​ផលិតកម្ម​ផលិត​ចានស្រាក់​ស្ពាន់​មាន ៤ ថ្នាក់​ដែល​មាន​ពណ៌​លឿង​ដូចជា​ពណ៌​មាស​ផងដែរ​។ ចំពោះ​ចានស្រាក់​ស្ពាន់​មាន​ចំនួន ៤ ថ្នាក់​ដែល​មើល​ទៅ​មាន​ពណ៌​លឿង​ច្រាល​ដូចជា​មាស​នោះ លោក វ៉ាន់ ស៊ីថា ក៏បាន​ប្រាប់​ឲ្យ​ដឹង​ពី​របៀប​ធ្វើ និង​រយៈពេល​ធ្វើ​ដែរ​ថា​៖ «​ខ្នាត​មួយ​នេះ​មាន​ទម្ងន់ ២,៩ គីឡូ​មាន​កម្ពស់​ទាំងអស់ ៤០ សង់ទីម៉ែត្រ ខណៈ​កម្ពស់​ជាន់​ក្រោម ៨ សង់ទីម៉ែត្រ​បាត ១៤ សង់ទីម៉ែត្រ ហើយ​ចាន ៣ ទៀត​មាន​កម្ពស់ ៧ សង់ទីម៉ែត្រ ដោយ​យើង​បាន​លក់​ជូន​ភ្ញៀវ​ដែល​បាន​កម្ម៉ង់​ក្នុង​តម្លៃ ២៩០ ដុល្លារ​។ តែ​ខាង​ខ្ញុំ​ក៏បាន​ចំណាយ​ពេល​ដើម្បី​សម្រាំង​ធ្វើ​ជូន​ភ្ញៀវ ដែល​កុម្ម៉ង់​ប្រមាណ​ជិត​ ២ ខែ ឯណោះ​ទើប​ចប់​រួចរាល់​»​។

លោក វ៉ាន់ ស៊ីថា ក៏​បន្ត​ថា​៖ «​ស្ពាន់​ផលិត​ជា​គ្រឿង​ទាំងនេះ​មាន ២ ប្រភេទ​គឺ​ស្ពាន់​ពណ៌​ក្រហម និង​លឿង ហើយ​យើង​គិត​តម្លៃ​ជា​គីឡូ​។ គ្រឿង​ស្ពាន់​តម្លៃ​ចន្លោះ​ពី ៥០ ដុល្លារ ទៅ ១០០ ដុល្លារ ខណៈ​ប្រាក់​វិញ​មាន​តម្លៃ​ចន្លោះ​ពី ៣៥ ដុល្លារ​ទៅ​ដល់ ១០០ ដុល្លារ​៕