ក្រុង​ប៉ារីស៖ អផ្សុក​នឹង​ការ​​សម្ងំ​នៅ​តែ​ផ្ទះ​ ចុងភៅ​ដ៏​ល្បីៗ​នៅ​​បារាំង​នាំ​គ្នា​បញ្ចេញ​ស្នាដៃ​​ធ្វើ​ម្ហូប​ងាយៗ ផ្ដល់​ភាព​ស្រស់ស្រាយ​ដល់​​ប្រិយមិត្ត​ ដោយ​មិន​​ចាំបាច់​ប្រើប្រាស់​រូបមន្ត​ស្មុគស្មាញ​ដូច​នៅ​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់។


មេ​ចុងភៅ Cyril Lignac ជា​តារារះ​លើ​វិស័យ​ម្ហូប​អាហារ​​និយាយ​ថា៖ «ថ្ងៃ​នេះ អត់​មាន​​ហៅ​ចុងភៅ​ថា​​ លោក​ Lignac តាម​ឈ្មោះ​ផ្លូវ​ការ​អី​ទេ។ ហៅ​ខ្ញុំ​ថា Cyril ធម្មតាៗ​បាន​ហើយ។ ខ្ញុំ​ក៏​មិន​ខុស​អ្វី​ពី​បង​ប្អូន​បារាំង​យើង​​ទេ គឺ​ចូលចិត្ត​ទៅ​ផ្សារ​ក្បែរ​ផ្ទះ​ទិញ​បន្លែ​បន្លុក​​ដាំស្ល​ដូច​តែ​គ្នា​​ហ្នឹង»។


ពាក់​អាវ​យឺត​រលុងៗ ​ចម្អិន​ម្ហូប​នៅ​ឯចង្ក្រាន​បាយ​ក្នុង​ផ្ទះ​ លោក​ Cyril ​រៀប​រាប់​ថា៖ «អត់​មាន​រូបមន្ត​អី​លាក់​បាំង​ទេ គ្រឿង​ផ្សំ​យក​ចេញ​ពី​ទូទឹកកក និង​ធ្នើ​​គ្រឿង​ទេស នៅ​ផ្ទះ​យើង​ដូចៗ​គ្នា។ តោះ​ចាប់​ផ្ដើម»។


រីឯ​មេ​ចុងភៅ​នារី​​ល្បីល្បាញ​​ប្រចាំ​នៅ​ក្រុង​ប៉ារីស អ្នកស្រី​​ Amandine Chaignot ​​បង្ហាញ​វីដេអូ​ កំពុង​លាង​ចាន​​បណ្ដើរ និង​ឆ្លៀត​ចម្អិន​ម្ហូប​ខុស​ពី​ទម្លាប់​​នៅ​ភោជនីយដ្ឋាន​​​។


កំពុង​ចម្អិន​ម្ហូប​ងាយៗ ទំពាំង​បារាំង ស៊ុត និង​ប៊័រ អ្នកស្រី​​​ប្រាប់​​ថា៖ «កុំ​ឃើញ​ម្ហូប​សាមញ្ញៗ​អ៊ីចឹង រសជាតិ​វា​ឆ្ងាញ់​ណាស់ មិន​គួរ​មើល​រំលង​ទេ»។


មេ​ចុងភៅ​ម្ហូប​មេឌីទែរ៉ាណេ ជាប់​​ផ្កាយ ២ ពី​មីសឺលីន លោក ​Alexandre Mazzia បាន​​បង្ហោះ​រូបមន្ត​ចម្អិន​ម្ហូប​តម្រូវ​តាម​​ស្ថានភាព​បម្រាម​​ចេញ​ក្រៅ​​ផ្ទះ​។

ដោយ​ប្រាប់​ទស្សនិកជន​ឲ្យ​ចាត់​ទុក​លោក ជា​ឪពុក​ចូល​ផ្ទះ​​បាយ​​ធ្វើ​ម្ហូប​ជាមួយ​កូនៗ​នោះ​ លោក​រៀប​រាប់​ថា៖ «ខ្ញុំ​បាន​ទទួល​សារ​​ពី​ប្រិយមិត្ត​ ចំនួន ៣៥០ សារ ពី​វិធី​​ចម្អិន​សណ្ដែក​បៃតង​​ និង​ធ្វើ​ពង​មាន់​ចៀន​​អូមើឡែត​។ អ្នក​ខ្លះ​សួរ​ថា ចុះ​ប្រសិន​បើ​ខ្វះ​ក្រូច​ឆ្មារ តើ​អាច​ប្រើ​​​​ប្រាស់​ផ្លែ​ប៉ោម​​បៃតង​ជំនួស​បាន​ទេ ចុះ​បើ​អស់​​គ្រាប់​ស្វាយ​ចន្ទី អាច​យក​ធញ្ញជាតិ​​ផ្សេង​ជំនួស​បាន​ទេ»។

មេ​ចុងភៅ​​ជាប់​​ផ្កាយ ៣​​ ពី​មីសឺលីន Christophe Bacquie ត្រូវបាន​ប្រពន្ធ​ទទូច​ឲ្យ​ផ្សាយ​ចំណេះដឹង​ធ្វើ​ម្ហូប​តាម​បណ្ដាញ​សង្គម​អ៊ីនស្តាក្រាម។

ជាមួយ​ស្ថានភាព​ផ្សារ​ទំនិញ​ខ្លះ​បិទ​ទ្វារ លោក Christophe Bacquie បាន​​ណែនាំ​ប្រិយ​មិត្ត​ថា៖ «យើង​ត្រូវ​ចេះ​ច្នៃ​អ្វី​ដែល​យើង​មាន ហើយ​ក្នុង​នាម​ជា​មេ​ចុងភៅ​ម្នាក់ យើង​អត់​គួរ​ប្រើប្រាស់​គ្រឿង​ផ្សំ​អី​ស្មុគស្មាញ​​ទេ។ យើង​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ»៕ AFP