ភ្នំពេញ៖ ក្រោយពីអវត្តមានពីវិថីសិល្បៈចម្រៀងអស់រយៈពេលប្រមាណជាង ១ ទសវត្សរ៍មកនោះ អតីតម្ចាស់បទចម្រៀងដ៏ល្បីនាអំឡុងឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៣ ប្រគំនៅក្នុងថ្ងៃមង្គលការ កូនកំលោះកូនក្រមុំ គឺបទ «មង្គលយើង» លោក ឆោម ប៊ុនយ៉ុង ក៏ស្រាប់តែបង្ហាញវត្តមានក្នុងផ្លូវព្រះធម៌នៃពុទ្ធចក្រវិញ បង្កើតភាពភ្ញាក់ផ្អើលទាំងមហាជន និងសង្គមសិល្បៈ។
នាបច្ចុប្បន្ន ព្រះភិក្ខុ ឆោម ប៊ុនយ៉ុង គង់នៅវត្តកោះមេត្តាពោធិវង្ស ស្ថិតនៅក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅមហាកុដិលេខ ១៥ ដោយមានព្រះនាមក្នុងពុទ្ធចក្រថា «ព្រះភិក្ខុ ឆោម ប៊ុនយ៉ុង ព្រហ្មប្បញ្ញោបញ្ញាវិនរោ» ខណៈព្រះអង្គបានសាងផ្នួសជាព្រះសង្ឃអស់រយៈពេលជាង ១០ ឆ្នាំ មកហើយនោះ។
ការបង្ហាញវត្តមានរបស់ព្រះតេជគុណ ព្រះភិក្ខុ ឆោម ប៊ុនយ៉ុង បានលេចឮតាមរយៈខ្សែវីដេអូធ្វើបទបង្ហាញមួយតាមសារព័ត៌មានអនឡាញ ដែលជាបណ្តាញសង្គមសម័យទំនើប ហើយក្រោយមកក៏លេចដំណឹងដល់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមនោះ ក៏បាននាំយកនូវគ្រឿងទេយ្យទានទៅប្រគេនព្រះអង្គផងដែរ។ នេះបើតាមសាររបស់លោក ហេង ឡុង ជាគូស្នេហ៍អ្នកនាងបានបង្ហោះឱ្យដឹងកាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ។
លោក ហេង ឡុង បានបង្ហោះភ្ជាប់ជាមួយរូបថតច្រើនសន្លឹកនោះថា៖ «អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានទៅសួរសុខទុក្ខព្រះតេជគុណ ឆោម ប៊ុនយ៉ុង ជូនបច្ច័យ និងទេយ្យទាន។ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណទៅដល់សប្បុរសជនទាំងអស់ ដែលជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេស សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ ម៉ឺនដុល្លារ ក្នុង ១ ឆ្នាំ ក្នុងរយ:ពេល ៥ ឆ្នាំ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកបុរីពិភពថ្មី បានឧបត្ថម្ភថវិកាក្នុង ១ នាក់ ៥ ម៉ឺនដុល្លារ ក្នុង ១ ឆ្នាំ ក្នុងរយ:ពេល ៥ ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា»។
ដោយសារតែឃ្លាតឆ្ងាយពីពិភពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និងមានឧបនិស្ស័យនឹងព្រះពុទ្ធសាសនាតាមគន្លងនៃព្រះធម៌នោះ មើលទៅព្រះតេជគុណ ឆោម ប៊ុនយ៉ុង ពិតជាមិនអាចងាកវិលក្រោយ ឬលាចាកសិក្ខាបទមកជាគ្រហស្ថនោះឡើយ។
នេះបើតាមសង្ឃដីកា ក្នុងបទសម្ភាសកន្លងមកនោះ ព្រះអង្គមានថេរដីកាថា៖ «អាត្មានឹងមិនវិលទៅរកអតីតកាលលើផ្លូវសិល្បៈដូចអតីតកាលនោះឡើយ គឺស្ម័គ្រស្មោះនឹងផ្លូវព្រះធម៌ហើយ»។
គួររំឭកដែរថា បទចម្រៀងដែលមានចំណងជើងថា «មង្គលយើង» ដែលបកស្រាយដោយតារាចម្រៀង ឆោម ប៊ុនយ៉ុង និងអ្នកនាង ឆោម និមល មានប្រជាប្រិយភាពខ្លាំងតាំងពីឆ្នាំ ២០០០ មក ជាពិសេសនោះសម្រាប់ប្រគំលេងនៅថ្ងៃពិធីមង្គលការ៕