ឆ្កែ​របស់​លោក អូបាម៉ា ធ្លាប់ជា​សម្លាញ់​ជើង ៤ ដ៏​មាន​ប្រជាប្រិយ​នៅ​សេតវិមាន ស្លាប់​ដោយសារ​ជំងឺ​មហារីក

Content image - Phnom Penh Post
រូបភាព​ពី​ខែ​មីនា ឆ្នាំ ២០១២ បង្ហាញ​លោក អូបាម៉ា និង​ឆ្កែ​របស់​លោក​ឈ្មោះ Bo នៅ​សេតវិមាន ក្រុង​វ៉ាស៊ីនតោន។ AFP

ក្រុងវ៉ាស៊ីនតោន៖ សុនខ​ប្រចាំ​គ្រួសារ​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ឈ្មោះ បូ (Bo) ដែល​ក្លាយជា​សមាជិក​សេតវិមាន​ដ៏មាន​ប្រជាប្រិយ បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ ដោយសារ​ជំងឺមហារីក ដែល​លោក អូបាម៉ា បាន​និយាយ​រំឭក​ពី​ការចងចាំ​សម្លាញ់​ជើង៤ ថា ជា​សត្វ​ដ៏សុភាព​រាបសា។

លោក អូបាម៉ា បាន​សន្យា​ជាមួយ​កូនស្រី ម៉ាលីយ៉ា និង​ សាសា ថា ពួកគេ​អាច​ចិញ្ចឹមសត្វ​បាន​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០០៨ ហើយ បូ បាន​ចូលរួម​ក្នុង​គ្រួសារ​នេះ​មិនយូរប៉ុន្មាន​ បន្ទាប់​ពួកគេ​រើ​មកកាន់​សេតវិមាន។

លោក អូបាម៉ា បាន​សរសេរ​លើ Twitter ដោយ​បាន​ចែករំលែក​រូបថត​លោក និង ​បូ រត់​លេង​នៅ​បរិវេណ​សេតវិមាន ហើយ​ បូ ត្រូវ​បាន​ក្មេងៗ​អង្អែល​លេង​ថា៖ «ថ្ងៃនេះ ក្រុមគ្រួសារ​យើង​បាន​បាត់បង់​មិត្ដភក្ដិ​ជិតស្និទ្ធ និង ជា​គូកន​ដ៏ស្មោះត្រង់​ម្នាក់»។

លោក​បាន​បន្ដថា៖ «អស់​រយៈពេល​ជាង ១ ទសវត្សរ៍ បូ គឺជា​សត្វ​តំណាង​ឱ្យ​ភាពរឹងមាំ និង​សុភាពរាបសា​ក្នុង​ជីវិត​យើង។ គាត់​រីករាយ​ក្នុង​ការចែករំលែក​សេចក្ដី​ល្អ និង​ទុក្ខព្រួយ​ពី​យើង​គ្រប់ពេលវេលា»។

Content image - Phnom Penh Post
រូបភាព​ពី​ខែមេសា ឆ្នាំ ២០០៩ បង្ហាញ​ក្រុមគ្រួសារ​របស់លោក បណ្ដើរ​ឆ្កែ Bo នៅ​វាលស្មៅ​ភាគខាងត្បូង​សេតវិមាន។ AFP

លោក​បន្ថែមថា៖ «គាត់​ជា​សត្វ​មាន​ភាពអំណត់ ដែល​មក​រួមរស់​ក្នុង​សេតវិមាន ដោយ​ពូកែ​ព្រួស តែ​មិនចេះ​ខាំ ចូលចិត្ដ​ហក់លោត​ក្នុង​អាងទឹក​នៅ​រដូវក្ដៅ ចូលចិត្ដ​លេង​ជាមួយ​ក្មេងៗ មក​ឆ្វែល​តុ​បាយ និង​មាន​រោម​ស្អាត»។

បូ ជា​សត្វ​ឆ្កែ​ពូជ​ទឹក​ព័រទុយហ្គាល់​ពណ៌​ខ្មៅ​លាយស ត្រូវបាន​ប្រគល់​ជា​កាដូ​ដល់​លោក អូបាម៉ា ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា អេដវើដ ឃេនណេឌី និង​ត្រូវបាន​ជ្រើសរើស​ ដោយសារ​សភាព​រោម​ស្អាត​របស់​វា។

ឆ្កែ​នេះ​រមែង​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្ដិការណ៍​នានា​នៅ​សេតវិមាន ជាពិសេស ពិធីបុណ្យ Easter Egg Roll ប្រចាំឆ្នាំ​ជំនួប​ជាមួយ​សម្ដេច​ប៉ាប​សួរសុខទុក្ខ​កុមារ​តាម​មន្ទីរពេទ្យ និង​ជិះ Air Force One ជាមួយ​ប្រធានាធិបតី។

អតីត​ស្ដ្រី​ទី ១ អាមេរិក​លោកស្រី​ មីឆែល ​អូបាម៉ា ​បាន​សរសេរ​នៅលើ​អ៊ីនស្ដាក្រាម​ថា៖ «ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​យើង​ប្រាកដជា​នឹក​ បូ ​ខ្លាំង។ ប៉ុន្ដែ​យើង​ក៏​អរគុណ​ដែល​គាត់​រស់នៅក្នុង​ជីវិត​ដ៏រីករាយ​កន្លងមក»៕

ព័ត៌មានថ្មីៗ