ភ្នំពេញ៖ ​គ្រាន់​តែ​ឈាន​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ​២០២១​ ភ្លាម ​​តារា​​​ស្រី​ និងម៉ូដែល​រូប​ស្រស់ ​រាង​ស្ល៊ីម​​ កញ្ញា ទឹម រដ្ឋា​​ ក៏​​ទទួល​​បាន​កាដូ​​រថយន្ត​ទំនើប​ថ្មី​​សន្លាង​ ១ គ្រឿង​​ពី​ម្ចាស់​បេះដូង​​​ ដើម្បី​រឹត​បន្តឹង​​ចំណង​ស្នេហ៍​ ខណៈ​មុន​បន្តិច​កញ្ញា​​ទើប​​តែ​​សក​ដាក់​​ឱ្យ​អ្នក​​ជម្រេញ​​ជជីក​សួរ​​នាំពី​​រឿង​សម្ព័ន្ធ​ស្នេហ៍​នាង ជាមួយ​​បុរស​​​ជាតិ​អាមេរិក​នៅ​​​មិន​ទាន់​​រក​វេលា​ចូល​​រោងការ​។


ជាមួយ​​​​រូប​​​ឈរ​ញញឹម​ជិត​​ម្ចាស់​ស្នេហ៍​​​ ចូវ៉ានី អេនតូនីញ៉ូ និង​​បុរស​​​ពាក់​អាវ​យឺត​ទាហាន​ ដែល​​​ជា​​ឪពុក​កញ្ញា​ នៅ​​ពី​មុខ​​​រថយន្ត​​ម៉ាក​ MG ​មិន​ទាន់​កាត់​ខ្សែ​​​​បូ​​ក្រហម​ផង​នោះ ក៏​ធ្វើ​ឱ្យ​មហាជន​លាន់​មាត់​សរសើរ​ថា​៖ ​«​អីយ៉ា! ​​ឆ្នាំ​ថ្មី​ភ្លាម ស្រីស្រស់ ទឹម​ រដ្ឋា​ បាន​កាដូ​ថ្មី​ភ្លែត​ តែ​ម្តង​ពី​ម្ចាស់​​ចិត្ត ដើម្បី​រឹត​បន្តឹង​ស្នេហ៍​​! ចង់​ដឹង​ណាស់​​ថា រថយន្ត​ថ្មី​​សន្លាង​​នេះ ​១ គ្រឿង​ តម្លៃ​ប៉ុន្មាន​ទៅ​ហ្ន!»។​


យ៉ាង​ណា​​រឿង​​រថយន្ត​ ១​ គ្រឿង​​ម៉ាក MG ពណ៌​ខ្មៅ​ថា ​តើ​ជា​កាដូ​ពី​ម្ចាស់​ចិត្ត​មែន​​ឬ​យ៉ាង​ណា​? ភ្នំពេញ ​ប៉ុស្តិ៍​ ​មិន​ទទួល​បាន​ការ​បកស្រាយ​ពី​កញ្ញា ទឹម រដ្ឋា​ ឡើយ​ដោយសារ​​ប្រព័ន្ធ​ទូរស័ព្ទ​តេ​ចូល តែ​គ្មាន​​​​អ្នក​លើក​ទទួល​។ តែ​បើ​តាម​​សារ​បង្ហើរ​ក្នុង​បណ្តាញ​​អ៊ីនស្តាក្រាម​​​នោះ កញ្ញា ទឹម រដ្ឋា បាន​​សរសេរ​បញ្ជាក់​ថា៖ «កាដូ​ធំ​ និង​​ពិសេស សម្រាប់​ថ្ងៃ​ខួប​កំណើត​​របស់​ខ្ញុំ​ឆ្នាំ​នេះ [ឆ្នាំ ​២០២១​]​ ពី​លោក​ប៉ា និង​​ Corazon ​[ឈ្មោះ​​ហៅ​ក្រៅ​ម្ចាស់​ស្នេហ៍​​​រូប​​សង្ហា​ ចូវ៉ានី អេនតូនីញ៉ូ]។ អរគុណ​ម្ចាស់​ជីវិត​ទាំង ​២​ របស់​ខ្ញុំ»។​


កាល​​ពី​ចុង​ឆ្នាំ ​២០២០ ដោយសារ​​​​​ឧស្សាហ៍​ឃើញ​បណ្តើរ​​​សង្សារ​​អាមេរិក​រូប​​សង្ហា ​ចូវ៉ានី ​ អេនតូនីញ៉ូ ទៅ​ចូលរួម​​​ក្នុង​​​កម្មវិធី​ផ្លូវ​​ការ ឬ​កម្មវិធី​សង្គម​​នានា​​ ដោយ​​​បើក​ចំហ និង​មាន​រយៈ​ពេល​យូរ​ក្រែល​​នោះ​​ ទើប​​​​​នាពេល​​ថ្មីៗ​នេះ ស្រាប់​តែ​​តារា​សម្តែង​​​​ស្រី​ និង​ម៉ូដែល​រូប​ស្រស់​កញ្ញា ទឹម រដ្ឋា ហាក់​​សម្តែង​​​​​​នូវ​ភាព​​ជម្រេញ​ខ្លាំង​នឹង​សំណួរ​ជជីក​សួរ​​នាំ​ពី​​រឿង​សម្ព័ន្ធ​ស្នេហ៍​នាង​ជាមួយ​បុរស​​ជាតិ​​អាមេរិក ដែល​នៅ​​មិន​​ទាន់​​​កំណត់​វេលា​ចូល​រោងការ​​នៅ​​ឡើយ​។


ប្រហែល​​​ទ្រាំលែង​បាន​ហើយ​មើល​ទៅ​​ ទើប​​​​តារា​​​សម្តែង​​សិច​ស៊ី ឬ​ស៊ី​វិល័យ​កញ្ញា ទឹម រដ្ឋា បន្លឺ​​ជាសារ​តប​​​វិញ​ភ្លាមៗ​ ទៅ​​នឹង​​អ្នក​តាម​សួរ​នាំ​រឿង​​នាង​ដូច្នេះ​​​ថា៖ «​មាន​​​សំណួរ​ជា​ច្រើន​ហើយ​​ជា​សំណួរ​ដដែលៗ​​ ដែល​​សួរ​មក​កាន់​ពួក​​យើង​​ទាំង​ ២។ ចម្លើយ​​​​ គឺ​សូម​​រង់ចាំ​​ទស្សនា​​ភាគ​បន្ត​អរគុណ​​​​សម្រាប់​ការ​ស្រឡាញ់ ​និង​គាំទ្រ ខ្វល់ខ្វាយ​​មក​​កាន់​យើង​ទាំង ២ តាំង​ពី​ដើម​រហូត​​​​​ដល់​ឥឡូវ»។​​


កញ្ញា ទឹម រដ្ឋា ក៏​​​ធ្លាប់​បង្ហើប​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ដែរ​​ថា៖ «​សម្រាប់​​រឿង​​រៀបការ ​នាង​ខ្ញុំ​​មិន​ទាន់​បរិយាយ​យ៉ាង​ណា​នោះ​​ទេ តែ​សុំ​ទុក​ពេល​​វេលា​មួយ​រយៈ​​ទៀត​សិន ដើម្បី​ស្វែងយល់​ចិត្ត​គ្នា។ នាង​​​​ខ្ញុំ​ក៏​សុំ​មិន​​​ទាន់​កំណត់​ថា នៅ​ពេល​ណា​​នឹង​ត្រូវ​​​ដល់​ពេល​ត្រូវ​ចាត់​ចែង​រឿង​នោះ ព្រោះ​​ថា​ ពេលវេលា​ទៅ​ថ្ងៃ​ខាង​មុខ​​​នោះ យើង​​​ពិត​ជា​មើល​មិន​ឃើញ​ដែរ»៕​​