ក្រុង​ប៉េកាំង: លយ​ជាប់​នឹង​​ជ្រលង​ភ្នំ​កម្ពស់​ជាង ៣០០ ម៉ែត្រ ដែល​ទិដ្ឋភាព​ជ្រលង​ខ្ពស់​ច្រូង​ច្រាង​ទាំង​នេះ​ត្រូវបាន​ប្រើ​ក្នុង​ភាពយន្ដ​ប្រឌិត «​Avatar» ជណ្ដើរ​យោង​ក្រៅ​អគារ​ដ៏​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​បាន​នាំ​ទេសចរ​ចិត្ដ​សឿង​ទស្សនា​ទស្សនីយភាព​ស្រៀវ​ឆ្អឹង​ខ្នង។


ជណ្ដើរ​យោង​ភ្លោះ ៣ ​ប្រឡោះ នៅ​ឧទ្យាន​ព្រៃ​ហ្សាងជៀជី​ ភាគ​កណ្ដាល​ប្រទេស​ចិន បាន​បង្ហូត​ខ្លួន​ឡើង​ជ្រលង​ភ្នំ​ត្រឹម​រយៈ​ពេល​តែ ៨៨ ​វិនាទី​ ជា​គោល​ដៅ​ព្យាបាល​វិស័យ​​ទេសចរណ៍​​ក្នុង​ស្រុក​ ក្រោយ​ពី​កូរ៉ូណា​បាន​បង្ខំ​ឲ្យ​មាន​វិធាន​ការរឹង​បណ្ដឹង​ការ​​ធ្វើ​ដំណើរ​ និង​បិទ​ប្រទេស​កាលពីដើម​ឆ្នាំ។

ជណ្ដើរ​យោង​បាន​ដឹក​ជញ្ជូន​ភ្ញៀវ​ទៅកាន់​កំពូល​ភ្នំ​ ដែល​ត្រូវបាន​ប្រើ​ជា​​​លំនាំ​ឈុត​ឆាក​នៃ​ដែន​ដី​មនុស្ស​ខៀវ ណាវី របស់​ផលិតករ ចេមស៍ ខាមេរ៉ុន ក្នុង​ឆ្នាំ ​២០០៩។



លោក គីវ កេ អាយុ ៤៥ ​ឆ្នាំ ដែល​ធ្វើ​ដំណើរ​លើ​ជណ្ដើរ​យោង​ជាមួយ​ក្រុម​គ្រួសារ បាន​និយាយ​ថា​៖ «​មូលដ្ឋាន​មួយ​​ដែល​យើង​មក​ទី​នេះគឺ​ថា ទីឋាន​នេះ​ស្ថិត​ក្នុង​ភាពយន្ដ​រឿង Avatar។ ភាពយន្ដ​ហូលីវូដ​នោះ​ពិត​ជា​ល្អ​មើល​មែន​ទែន​ ហើយ​វា​រំលេច​នូវ​ទស្សនីយ​ភាព​ស្រស់​ស្អាត​ផង​ដែរ​»។


លោក លីវ ជា ជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ជណ្ដើរ​យោង​ ដែល​មាន​ឈ្មោះ​ថា «​នាគ​មួយ​រយ» បាន​និយាយ​ថា​៖ «​រចនា​សម្ព័ន្ធ​ភូមិសាស្ដ្រ​ពិត​ជា​ស័ក្ដិសម​ក្នុង​ការ​ប្រើ​ប្រាស់​ជណ្ដើរ​យោង​សម្រាប់​ជាមធ្យោបាយ​ដឹក​ជញ្ជូន។ ដូច្នេះ យើង​បាន​ផលិត Bailong Elevator»។

លោក​បាន​បន្ថែម​ថា​៖ «​កាល​ពី​មុន ប្រើ​តែ​ទូរ​ខ្សែ​រ៉ត​ដែល​សមត្ថភាព​មាន​កំណត់។ ដូច្នេះ ភ្ញៀវ​ទេសចរ​ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ​»។

ជម្រើស​មួយ​ផ្សេង​ទៀត គឺ​ការ​ដើរ​ថ្មើរ​ជើង​ឡើង​ភ្នំ​រយៈ​ពេល ៣​ ម៉ោង។

ជិន ស៊ីហាវ ជា​និវត្ដជន​ បាន​ប្រាប់ AFP ក្រោយ​ចុះ​ពី​ជណ្ដើរ​យោង​ ដែល​មាន​តម្លៃ​សំបុត្រ ១៩ ដុល្លារ​ថា​៖ «​វា​ពិត​ជា​លឿន​ខ្លាំងណាស់»។

ភ្ញៀវ​ទេសចរ​ប្រមាណ ៨០០​ នាក់​ នាំ​គ្នា​ឡើង​ជិះ​ជណ្ដើរ​យោង​រៀង​រាល់​ឆ្នាំ។ ប៉ុន្ដែ​ចំនួន​នេះ​បាន​ថយ​ចុះ​ខ្លាំង​ពី​ចំនួន​មធ្យម ១៤ ០០០​ នាក់​ កាល​ពី​មុន​កូវីដ​៕ AFP/HR