ក្រុងរ៉ៃក្យាវិក: អៀរឡង់​បាន​បិទទ្វារ​លែង​ស្វាគមន៍​ភ្ញៀវទេសចរ​រាប់លាន​នាក់​ដែល​នាំ​គ្នា​មក​លេង​ប្រជុំ​កោះ​ភ្នំភ្លើង​រៀងរាល់​ឆ្នាំ​ពី​ដំណើរ​ទៅ​កាន់​ជ្រលង​មួយ ដែល​ទទួល​ភ្ញៀវ​ជោរជន់​ពេក​តាំងពី​ទេសភាព​ទីនេះ​ត្រូវ​បាន​រំលេច​សម្រស់​ក្នុង​វីដេអូ​របស់​តារាចម្រៀង ចាស្ទីន ប៊ីប៊ើ​។


ភ្ញៀវទេសចរ​ដ៏ច្រើនសន្ធឹក និង​សំណើម​រដូវរងា​បាន​រំខាន​ដល់​ជីវចម្រុះ​ដ៏ផុយស្រួយ​នៃ​ជ្រលង​ទឹក Fjadrargljufur​។ ដូច្នេះ​ទីភ្នាក់ងារ​បរិស្ថាន​អៀរឡង់ បាន​បិទ​តំបន់​នោះ​ពី​ការកម្សាន្ដ​របស់​មហាជន​រហូត​ដល់​ថ្ងៃទី​ ១ ខែ​មិថុនា​។

ទីប្រឹក្សា​ទីភ្នាក់ងារ ដានីញ៉ែល ហ្វ្រេ ចនសុន បាន​ឲ្យ​ដឹង​ថា​៖ «​អំឡុង​ពេល​ទឹកកក​ចាប់ផ្ដើម​រលាយ​ផ្លូវ​ដើរ​មាន​ភក់ជ្រាំ​ដែល​មាន​ការលំបាក​ដល់​អ្នក​ឡើង​ភ្នំ​។ ដោយសារ​ភក់​មាន​កម្រាស់​ក្រាស់​ភ្ញៀវ​ត្រូវ​ដើរ​ជាន់​របង និង​ឆ្លង​ទៅ​កាន់​ផ្លូវ​ថ្មើរជើង​ដែល​ខូចខាត​ដល់​ជីវិត​រុក្ខជាតិ​យ៉ាង​ខ្លាំង​»​។


ជ្រលង​ជ្រោះ​ដ៏ស្រស់ស្អាត Fjadrargljufur បិទ​ទ្វារ​លែង​ទទួល​ទេសចរ​។ រូបថត AFP


Fjadrargljufur គឺជា​ជ្រលង​ជ្រោះ​ដែល​មាន​ទឹកធ្លាក់​កម្ពស់ ១០០ ម៉ែត្រ​ប្រវែង ២ គីឡូម៉ែត្រ​អម​ដោយ​រុក្ខជាតិ​បៃតង និង​ទឹកថ្លា​ឈ្វេង​។ ជ្រលង​ជ្រោះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​ចម្រោះ​ទឹក​ដែល​រលាយ​ពី​ទឹកកក​អាយុ ៩០០០ ឆ្នាំ​។


ជ្រលង​ជ្រោះ​ជា​ទីឋាន​មិន​សូវ​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ទាល់​តែ​ដល់​ចុង​ឆ្នាំ​ ២០១៥ ពេល​តារាចម្រៀង​កាណាដា ចាស្ទីន ប៊ីប៊ើ មក​ថតចម្រៀង​នៅ​ទី​នេះ​ក្រោម​ចំណងជើង​ថា «I''ll Show You»​។

លោក​បាន​បន្ដ​ថា​៖ «​ភ្ញៀវទេសចរ​មក​កាន់​តំបន់​នេះ​បាន​កើនឡើង​ពី ៥០ ទៅ ៨០ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​តាំងពី​ឆ្នាំ​ ២០១៦ ដោយ​ប៉ាន់​ប្រមាណ​ថា​មាន​ភ្ញៀវ ៣០​ ​ម៉ឺន​នាក់​បាន​មក​លេង​ជ្រលង​ជ្រោះ​ក្នុង​ឆ្នាំ​ ២០១៨»​។

កាលពី​ឆ្នាំ​មុន អៀរឡង់ ទទួល​ភ្ញៀវទេសចរ ២,៣ ​លាន​នាក់​។ ចំនួន​តំបន់​ទេសចរណ៍​ជាច្រើន​ក្នុង​ប្រទេស​អៀរឡង់​ត្រូវ​បាន​បិទ​ដើម្បី​ទុក​ពេល​អភិរក្ស រួម​មាន​ជ្រលង Reykjadalur ទឹក​ក្ដៅ​ធម្មជាតិ និង​ផ្លូវ​ឡើង​ភ្នំ​ទៅ​កាន់​ទឹកធ្លាក់ Skogafoss ក៏​ទើប​បាន​បិទ​ដែរ​៕ HR