ក្រុង​ប៉េកាំង៖ ស្ដ្រី​ខូច​ចិត្ដ​ជន​ជាតិ​ចិន​ម្នាក់​បាន​បញ្ជូន​កាដូ​សងសឹក​ដ៏​ចម្លែក​មួយ​ទៅ​កាន់​អតីត​សង្សារ​ ដែល​បាន​ចែក​ផ្លូវ​ពី​នាង​ ដោយ​ការ​ចាក់​ស្រោច​​ខ្ទឹម​បារាំង ​១ ​ឡាន​នៅ​មាត់​ទ្វារ​​ផ្ទះ​ខាង​ប្រុស​ ដើម្បី​ឲ្យ​បុរស​រូប​នេះ​សម្រក់​ទឹក​ភ្នែក​ព្រោះ​តែ​ក្លិន​ខ្ទឹម​​។


ស្ដ្រី​មក​ពី​ខេត្ដ​សានដុង​ភាគ​ខាង​កើត​​ប្រទេស បាន​ទិញ​ខ្ទឹម​បារាំង​​រាប់​តោន​តាម​អនឡាញ និង​​ដឹក​ជញ្ជូន​​ទៅ​កាន់​ផ្ទះ​អតីត​សង្សារ​ ដោយ​​​បោះ​សម្ដី​​​ថា ដល់​វេន​គាត់​យំ​ម្ដង​ហើយ។


កាសែត Shandong Net ដែល​មាន​​ទំនោរ​ទៅ​ខាង​រដ្ឋបាល​មូលដ្ឋាន​បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​ថា​ នាង​បាន​កុម្ម៉ង់​អ្នក​ដឹក​ជញ្ជូន​ទៅ​ចាក់​បន្លែ​ស្រក់​ទឹក​ភ្នែក​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​អតីត​​សង្សារ​ និង​ចាក​ចេញ​ដោយ​មិន​បាន​ចុច​កណ្ដឹង​។


ស្ដ្រី​រូប​នេះ​បាន​សរសេរ​ដាក់​ក្រដាស់​មួយ​សន្លឹក​ភ្ជាប់​ជាមួយ​កាដូ​នោះ​ថា​៖ «​ខ្ញុំ​យំ​ ៣ ថ្ងៃ​មក​ហើយ ហើយ​ពេល​នេះ ដល់​វេន​បង​ម្ដង​ហើយ​»។


ស្ដ្រី​ក្នុង​ខេត្ដ​សានដុង ឈ្មោះ​ត្រកូល ហ្សាវ បាន​ប្រាប់ Shandong Net ថា​ នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​​អតីត​មិត្ដ​ប្រុស​ជិត ១ ឆ្នាំ​មុន​ពេល​បុរស​រូប​នោះ​បាន​សម្រេច​ចិត្ដ​ចែក​ផ្លូវ​ដោយ​ឯក​ឯង​។


នាង ហ្សាវ ពោល​ថា​៖ «​ខ្ញុំ​ឈឺ​ចាប់​​​ណាស់​ តែ​គាត់​មិន​ខ្ចី​យំ​សោះ​»។

ភាគី​ខាង​នារី​បាន​និយាយ​ថា ​នាង​​បាន​សម្រេច​ចិត្ដ​បញ្ជូន​កាដូ ​១ ​ដែល​​ធ្វើ​ឲ្យ​ភាគី​ខាង​ប្រុស​យំ​វិញ​ម្ដង​។

នាង​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​អាច​ជា​មនុស្ស​​តែ​ម្ខាង​ដែល​ត្រូវ​យំ​ឡើយ​»។

អតីត​មិត្ដ​ប្រុស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ប្រតិកម្ម​របស់​កញ្ញា ហ្សាវ ពិត​ជា​លើស​ហើយ​។ ការ​ចែក​ផ្លូវ​គ្នា​ដ៏​ក្រហល់ក្រហាយ​ភ្នែក​នេះ​បាន​បង្ក​ជា​ក្លិន​ក្រពុល​ឆួល​ដល់​អ្នក​ជិត​ខាង​៕ AFP/HR