ក្រុងវែលីងតោន: ទោះបីជា​ឈុត​កិន្នរ ជា​សម្លៀកបំពាក់​របាំ​បុរាណ​ខ្មែរ ច្នៃ​ឡើង​ពី​គ្រឿង​សម្ភារ​ឧបភោគ បរិភោគ ឆ្នាំ​នេះ មិន​មាន​វាសនា​បាន​គ្រង​ពាន «គ្រឿង​អលង្ការ និង​គ្រឿង​តុប​តែង​កាយ» ដូច​ឈុត​អប្សរា​កាល​ពី​ឆ្នាំ​មុន​យ៉ាង​ណា​ក៏ដោយ ក៏​អ្នក​ឌីហ្សាញ ជា​កូន​ខ្មែរ​ដែល​ស្រឡាញ់​វប្បធម៌​ជាតិ​របស់​ខ្លួន​លើ​ទឹក​ដី​នូវែលសេឡង់ នៅ​តែ​បន្ដ​ឆន្ទៈ​លើក​ស្ទួយ​ទម្រង់​របាំ​បុរាណ​ខ្មែរ​លើ​ឆាក​អន្ដរជាតិ និង​រីករាយ​ចំពោះ​ការ​គាំទ្រ​ស្នាដៃ​ឌីហ្សាញ​របស់​លោក ជា​ពិសេស បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​ខំ​ផ្ដល់​កម្លាំង​ចិត្ដ​ពី​ចម្ងាយ។


ក្រោយ​បញ្ចប់​ការប្រកួត​នៅ​ថ្ងៃទី ១៦ និង​ទី ១៧ ខែមិថុនា នៅ​ក្រុង​ហាកបេ កិន្នរ​ឈុត​របាំ​ក្នុង​សម័យ​រជ្ជកាល​ព្រះរាជា​ស៊ីសុវត្ថិ ដែល​ត្រូវ​បាន​ចំណាយ​ពេល​ឌីហ្សាញ និង​ផលិត​យ៉ាង​ផ្ចិតផ្ចង់​រយៈពេល ២០ ថ្ងៃ នៅ​តែ​មាន​ឱកាស​ឈ្នះ​ពាន​មួយ​ទៀត ខណៈ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ Edible Fashion Awards បាន​បង្ហោះ​រូបថត ៤៧ សន្លឹក ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទូទាំង​ពិភពលោក​ជ្រើស​រើស​ឈុត​ឌីហ្សាញ​ស្អាត​បំផុត។


ដោយមាន​ការឧបត្ថម្ភ​ពីសា​លា​កុមារ Sprouts In-Home Childcare New Zealand ក្រោម​ប្រធាន​បទ «សន្ដិភាព និង​ភាព​សម្បូរ​បែប» ឬ Peace and Diversity គេហទំព័រ​នេះ បាន​សរសេរ​ថា៖ «ដើម្បី​បោះ​ឆ្នោត​ឈុត​ឌីហ្សាញ​ខ្លួន​ចូលចិត្ដ ដំបូង​គ្រាន់​តែ​ចុច like ទំព័រ Edible Fashion Awards និង​ជ្រើសរើស​រូប​សញ្ញា​បេះដូង​លើ​រូប​ថត។ ការ​បោះ​ឆ្នោត​នឹង​បិទ​នៅ​ម៉ោង ៥ ល្ងាច​ថ្ងៃ​អាទិត្យ ទី ២៤ ខែ​មិថុនា ខាង​មុខ​នេះ»។


ឈុត​កិន្នរ​ត្រូវ​បាន​ច្នៃ​​​ពី​គ្រឿង​ស​ម្ភារឧបភោគ​បរិភោគ។ សហការី


យុវជន លី តារា​ពន្លឺ ឬ តារា លី អាយុ ២៣ ឆ្នាំ ដែល​បាន​ទៅ​រស់នៅ​ឯនាយ​សមុទ្រ​តាំងពី​កុមារភាព និង​ទើប​បាន​ឈ្នះ​ពាន​លើ​ឈុត​សម្លៀក​បំពាក់​របាំ​បុរាណ​ខ្មែរ អប្សរា ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​ឆ្នាំ ២០១៧ បាន​ប្រាប់​ថា៖ «ខ្ញុំ​មាន​សង្ឃឹម​ថា កិន្នរ​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​តាមរយៈ​ការ​បោះ​ឆ្នោត​លើ​ហ្វេសប៊ុក។ ប៉ុន្ដែ​លទ្ធផល​យ៉ាង​ណា ខ្ញុំ​ក៏​មិន​ដឹង​ដែរ។ ចំពោះ អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​នឹង​ទទួល​បាន​ពាន​មួយ»។


ជាមួយនឹង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ-បាយ​ចាប់ពី​ប្រអប់​នំ​ភី​ហ្សា នំ​ចាហួយតូចៗ ចានជ័រ ស្លាបព្រា និង​សម​ប្លាស្ទិក រហូត​ដល់​ក្រដាស​អាលុយ​មីញ៉ូម កំប៉ុង​អាហារ ដប​ទឹក ថាស​សំណ​ដាក់​សាច់​អាំង​បាប៊ីឃ្យូ និង​នំ​ប៉ាស្ដា​ជាដើម អ្នក​ឌីហ្សាញ​កិន្នរ​រូប​នេះ បាន​លើក​ឡើង​ពី​ការ​យល់​ឃើញ​ចំពោះ​ការ​វិនិច្ឆ័យ​របស់​គណៈ​កម្មការ​ផ្ដល់​ពិន្ទុ​ថា៖ «ម្នាក់ៗ​សុទ្ធ​តែ​មាន​មោទនភាព​ចំពោះ​ការ​ឌីហ្សាញ​របស់​ខ្លួន។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ថា វា [ឈុត​កិន្នរ] ស្រស់​ស្អាត​មិន​ប្រាកដ​ជា​ពេញ​ចិត្ដ​ក្នុង​ក្រសែ​ភ្នែក​ពួកគេ​ឡើយ»។

ឆ្លើយ​នឹង​សំណួរ​ថា តើ​លោក​មានបំណង​ចង់​ចូលរួម​ប្រកួត​ព្រឹ​ត្ដិ​ការណ៍​នេះ​ទៀត​ទេ យុវជន​ដែល​ចាប់​យក​ការ​សិក្សា​ផ្នែក​គំនូរ​ជីវចល 3D បាន​ប្រាប់​ថា៖ «ខ្ញុំ​មិន​ច្បាស់​ទេ។ ប៉ុន្ដែ​បើ​ខ្ញុំ​នៅ​តែ​បន្ដ​ចូលរួម​ប្រកួត ខ្ញុំ​នៅ​តែ​មាន​បំណង​បង្ហាញ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ដដែល។ ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​ចូលរួម​ប្រកួត​ព្រឹត្ដិការណ៍​ស្រដៀង​គ្នា​នេះ ជា​វេទិកា​កាន់​តែ​ធំ​ដោយ​មាន​ឈ្មោះ​ថា «World of Wearable Arts»។

លោក តារា លី បាន​ថ្លែងអំណរគុណ​ដល់​ការគាំទ្រ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ទាំង​ការចែក​រំលែក​ស្នាដៃ និង​សរសេរ​សារ​លើក​ទឹកចិត្ត​ដល់​រូប​លោក។ លោក​បាន​សរសេរ​ផ្ញើ​ជូន​បងប្អូន​ពលរដ្ឋ​ខ្មែរ​ថា៖ «ខ្ញុំ​នឹង​ខិតខំ​ប្រឹង​ប្រែង​ជួយ​លើក​ស្ទួយ​ទម្រង់​សិល្បៈ​បុរាណ និង​វប្បធម៌​ខ្មែរ​ឲ្យ​ពិភពលោក​ឃើញ»។

Edible Fashion Awards ប្រារឰឡើង​តាំងពី​ឆ្នាំ ២០០៦ នៅ​នូ​វែ​ល​សេ​ឡង់ បាន​បង្ហាញ​ស្នាដៃ​អ្នក​មាន​ទេព​កោសល្យ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​ផលិតផល​ម្ហូបម្ហា៕