ក្រុងប្រ៊ុចសែល៖ សត្វល្អិតកាន់តែច្រើនកំពុងត្រូវបានប្រែក្លាយពីសត្វគួរឱ្យខ្ពើមរអើមទៅក្នុងចានអាហារដ៏ពេញនិយមនៅអឺរ៉ុបក្រោមកិច្ចព្រមព្រៀងរវាងបណ្ដាប្រទេសនៅអឺរ៉ុបក្នុងការដាក់ឈ្មោះវាថា «អាហារច្នៃប្រឌិតថ្មី» ដែលមានសុវត្ថិភាពក្នុងការទទួលទាន។ នេះបើយោងតាមគណៈកម្មការអឺរ៉ុបបានឱ្យដឹងកាលពីសប្ដាហ៍មុន។
កិច្ចព្រមព្រៀងនេះមានន័យថា ប្លុកប្រទេសនៅអឺរ៉ុបទាំង ២៧ កាន់តែខិតទៅជិតក្នុងការកែសម្រួលច្បាប់អឺរ៉ុប ដែលអាចអនុញ្ញាតឱ្យពលរដ្ឋ និងភ្ញៀវទទួលទានអាហារបន្ថែដោយដង្កូវលឿង និងកូនដឹកដឿ (Tenebriomolitor)។
គណៈកម្មការបានកត់សម្គាល់ដោយបានប្រកាសថា៖ «ការប្រើប្រាស់សត្វល្អិតជាជម្រើសប្រភពប្រូតេអ៊ីន មិនមែនជារឿងថ្មីនោះទេ ហើយសត្វល្អិតត្រូវបានអនុញ្ញាតឱ្យទទួលទាននៅតាមបណ្ដាប្រទេសជាច្រើនរួចហើយ»។
គណៈកម្មការបានបន្ថែមថា ដង្កូវលឿងច្បាស់ជាត្រូវបានហៅជាអាហារច្នៃប្រឌិតថ្មី ពេលធ្លាក់ទៅដល់ចានអាហារ ជាពិសេសអ្នកដែលអាចមានអាល្លែកហ្ស៊ី។ សត្វល្អិតអាចត្រូវបានប្រើជាសាច់ក្នុងសាច់ប៊ឺហ្គ័រ គ្រឿងក្រឡុកជំនួយប្រូតេអ៊ីន និងនំប៊ីស្គីតជាដើម។
គណៈកម្មការ បានឱ្យដឹងថា បច្ចុប្បន្នមានពាក្យស្នើសុំចំនួន ១១ ដែលចង់ឱ្យសត្វល្អិតក្លាយជា «អាហារប្រភេទថ្មី» នៅអឺរ៉ុប ហើយពួកវានឹងត្រូវបានពិចារណាដោយអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប។
គណៈកម្មការបានបន្ដថា ការសម្រេចលើការដាក់បញ្ចូលដង្កូវលឿងជាអាហារថ្មីនេះត្រូវបានរំពឹងថានឹងត្រូវបានអនុវត្ដនៅប៉ុន្មានសប្ដាហ៍ទៀត។
ខណៈគណៈកម្មការបានកត់សម្គាល់ថា នេះជាលើកដំបូងហើយដែលសត្វល្អិតត្រូវបានចាត់ទុកជាចំណីអាហារនៅអឺរ៉ុប អង្គភាពនេះបានអះអាងថា សត្វល្អិតត្រូវបានចាត់ទុកជារបស់អាចទទួលទាននៅតាមរដ្ឋសមាជិកជាច្រើន។
ប៉ុន្ដែកាលនោះ វាកើតឡើងមុនការធ្វើបច្ចុប្បន្នភាពឆ្នាំ ២០១៨ ចំពោះបទប្បញ្ញត្ដិអឺរ៉ុបស្ដីពីអាហារច្នៃប្រឌិតថ្មី ដែលតម្រូវឱ្យសត្វល្អិតទាំងអស់ត្រូវទទួលបានការអនុម័តជាមុនសិន។
ក្រុមអ្នកស្រាវជ្រាវបានធ្វើការតាមដានជាច្រើនឆ្នាំលើតម្លៃប្រូតេអ៊ីនខ្ពស់នៃដង្កូវលឿង ដែលផ្ទុកខ្លាញ់ និងអាស៊ីដអាមីណូដ៏សំខាន់។
ដង្កូវទាំងនេះអាចលូតលាស់ជាមួយសារធាតុជាច្រើនរួមមាន មេដំបែគ្រឿងស្រវឹង ធញ្ញជាតិ ម្សៅពោត និងម្សៅដំឡូងបារាំង។
ពួកវាត្រូវបានដាក់លក់នៅតាមទីផ្សារអាហារជាច្រើនក្នុងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍រួចហើយ៕ HR