ក្រុមប៉េកាំង៖ កីឡាករបាល់ទាត់ចិន ២ ក្រុម មានចេតនាទាល់បាល់ចូលសំណាញ់ទីខ្លួនឯង បំណងសុខចិត្ដធ្វើចាញ់ចំពោះការប្រកួតដ៏លេងសើច នូវអ្វីដែលត្រូវបានចាត់ទុកជាការប្រកួត «ដ៏មិនគួរឱ្យជឿ» និង «ការបំបាក់មុខ» កម្មវិធីប្រកួត។
វីដេអូឃ្លីបនៃការប្រកួតរវាងក្រុមទាំងពីរដែលត្រូវបានចែករំលែកយ៉ាងច្រើន បានបង្ហាញសកម្មភាពពួកគេអូសបាល់ចុះឡើងៗ រួចទាត់បាល់បញ្ចូលសំណាញ់ខ្លួនឯង ដោយលទ្ធផលបញ្ចប់ត្រឹម ២ ស្មើ។
ក្រុមទាំងពីរ មកពីដែនកោះហៃណាន់ ភាគខាងត្បូង មានបំណងចង់ចាញ់ការប្រកួត ដើម្បីបញ្ចៀសវគ្គប្រកួតដ៏តានតឹងជាមួយក្រុមខ្លាំង។
សមាគមបាល់ទាត់ខេត្ដហៃណាន់ បានហៅការប្រកួតនេះ «ឈុតឆាកដ៏ហួសចិត្ដ» និងទទូចឱ្យក្រុមអ្នករៀបចំការប្រកួតចេញបម្រាមក្រុមទាំងអស់ឈបជាន់ទីលានប្រកួតទៀត។
សមាគមបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងសុំថ្កោលទោសចំពោះអត្ដចរឹកគ្មានក្រមសីលធម៌ ដែលបានបង្ខូចវិស័យបាល់ទាត់ថ្នាលនៅហៃណាន់»។
អ្នកសរសេរប្លុកកីឡាលើបណ្ដាញសង្គម Weibo ដែលមានអ្នកគាំទ្រ ៥ លាននាក់ បានឱ្យដឹងថា៖ «ឱបាល់ទាត់ចិនខ្ញុំអើយ! ម្ដេចអ្នកធ្លាក់ដល់បាតដាលម្លេះ?។ គ្មានសីលធម៌ជាអ្នកកីឡាសោះ»។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន China News Service បានឱ្យដឹងថា ការប្រកួតកំប្លុកកំប្លែងបែបនេះមិនមែនជារឿងអីចម្លែកនោះទេ។
ប្រភពដដែលបានបន្ដថា៖ «ថ្វីដ្បិតតែការលេងបែបនេះបានរងនូវការរិះគន់ ហើយវាធ្វើឱ្យប៉ះពាល់ដល់ថ្នាលបាល់ទាត់យ៉ាងណាក៏ដោយ ក៏ស្ថានភាពអវិជ្ជមាននេះនៅតែបន្ដកើតមាន»។
បណ្ដាញផ្សព្វផ្សាយចិន និងសមាគមបាល់ទាត់ក្នុងស្រុកមិនបានបញ្ជាក់ថា ក្រុមបាល់ទាត់មួយណាបានចាញ់ដោយជោគជ័យនោះទេ៕ AFP/HR