ក្រុងប៉ារីស : ដំណាំ​កាហ្វេព្រៃ ៣ ក្នុង​ចំណោម ៥ ប្រភេទ​កំពុង​ប្រឈម​នឹង​ការ​ផុតពូជ ខណៈ​ផែនដី​ជួប​បម្រែបម្រួល​អាកាសធាតុ​ដ៏អាក្រក់​រួមទាំង​ជំងឺ និង​ការបំផ្លិច​បំផ្លាញ​ព្រៃឈើ​អាច​រុញច្រាន​ភេសជ្ជៈ​ដ៏ពេញនិយម​នេះ​បំផុត​ក្នុង​លោក​នាពេល​អនាគត​រលត់​រលាយ​។ នេះ​បើ​យោង​តាម​ការព្រមាន​ពី​ការស្រាវជ្រាវ​ថ្មី​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។


កាហ្វេ​ជាង ២ ​ពាន់​លាន​ពែង​ត្រូវ​បាន​ទទួលទាន​រៀងរាល់​ថ្ងៃ តែ​ឧស្សាហកម្ម​នេះ​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​ដំណាំ​ព្រៃ​ដែល​ដាំ​ដុះ​តែ​ប៉ុន្មាន​តំបន់​ដើម្បី​រក្សា​ផ្គត់ផ្គង់​ទីផ្សារ​ដ៏ធំ​សម្បើម និង​ប្រឈម​ពី​សត្វល្អិត​បំផ្លាញ​។


ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​ឧទ្យាន Kew Royal Botanic Gardens ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា ដំណាំ​កាហ្វេ ៧៥ ​ប្រភេទ​ត្រូវ​បាន​វាយតម្លៃ​ជា​រុក្ខជាតិ​រង​ការគំរាម​កំហែង​ផុត​ពូជ​បំផុត ១៣ ​ប្រភេទ​ប្រឈម​ការ​រលត់រលាយ​ធ្ងន់ធ្ងរ និង​ ៤០ ​ប្រភេទ​ជិត​ផុត​ពូជ​រួម​ទាំង​កាហ្វេ​អារ៉ាប៊ីកា និង ២២ ប្រភេទ​ជិត​រងគ្រោះ​។


Aaron Davis ប្រធាន​ផ្នែក​ស្រាវជ្រាវ​កាហ្វេ​នៅ Kew បាន​ប្រាប់ AFP ថា​៖ «​ប្រភេទ​កាហ្វេ​ខ្លះ​រក​លែង​បាន​ដែល​វា​អាច​ដុះ​តែ​នៅ​តំបន់​មួយ​ចំនួន​តូច ហើយ​ខ្លះ​ទៀត​ជា​ដំណាំ​នៅ​សល់​តែ​ទំហំ​ប៉ុន​តារាង​បាល់ទាត់​ប៉ុណ្ណោះ​»​។


ផលិតផល​កាហ្វេ​សកល​ថ្មីៗ​នេះ​ពឹង​អាស្រ័យ​លើ​ពូជ​ដំណាំ​តែ ២ ​ប្រភេទ​គឺ អារ៉ាប៊ីកា និង​រ៉ូប៊ូស្ដា​៕ HR