ភ្នំពេញៈ តារាសម្ដែង​សម្បុរ​ស្រអែម​ដែល​ទើប​បន្ថែម​ជំនាញ​បង្ហើរ​សំនៀង​បកស្រាយ​បទ​អូរីជីណល កញ្ញា ឌី សូនីតា កំពុងតែ​កាក់កប​ខ្លាំង​នៅក្នុង​វិស័យ​សិល្បៈ​ដោយ​មហាជន​តែងតែ​ឃើញ​តារាស្រី​រូបនេះ​បង្ហាញ​ពី​មុខរបរ​ថ្មីៗ​ជានិច្ច​ដូចជា​ការលក់​ផលិតផល​តាម​បណ្តាញ​សង្គម និង​នាំចូល​ផលិតផល​មកពី​ប្រទេស​បារាំង​មាន​កាបូប ស្បែកជើង ជាដើម​។


ទន្ទឹម​នឹង​ទីផ្សារ​សិល្បៈ​ក៏​កំពុង​តែ​កាក់កប​តារាសម្ដែង​ដែល​ចាប់​ដៃគូ​ស័ក្ដិសម​ឥតខ្ចោះ​ និង​កំលោះ​សង្ហា អេឡិច ហ្សូរ៉ា កញ្ញា ឌី សូនីតា ថ្មីៗ​នេះ​ក៏​បាន​ផ្សព្វផ្សាយ​បង្ហាញ​នៅក្នុង​បណ្តាញ​សង្គម​ផង​ដែរ​ថា រូបនាង​នឹង​ទទួល​រៀបចំ​កម្មវិធី​ផ្សេងៗ​។


តារាស្រី​មាន​ពហុ​ជំនាញ​ទាំង​វ័យក្មេង​ដែល​មហាជន​បាន​ដឹង​ថា​មាន​ជំនួញ​ខាង​អចលនទ្រព្យ​ដែរនោះ​បាន​ផ្តល់​បទសម្ភាស​ទាក់ទង​ជាមួយ​មុខរបរ​ថ្មី​ទទួល​រៀបចំ​កម្មវិធី​មក ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​តាមពិត​ទៅ​ការងារ​នេះ (​ទទួល​រៀបចំ​ក្នុង​កម្មវិធី​) តាំងតែ​ពី​ឆ្នាំ​ ២០១៨ តែ​ខ្ញុំ​អត់​ដែល​ចេញ​មុខ​ទេ ដោយ​បោះ​ទៅ​ឲ្យ​មិត្តភក្តិ​ខ្ញុំ​បន្ត​ទៀត​នៅពេល​មាន​ភ្ញៀវ​ទាក់ទង​មក​។ លុះត្រា​កម្មវិធី​ធំៗ​បាន​ទទួល​ចេញមុខ​។ ទើប​តែ​ពេល​នេះ​ខ្ញុំ​ចង់​ចាប់ផ្តើម​ធ្វើ​ដោយ​ខ្លួនឯង​ផ្ទាល់​ទាំងអស់ ដោយសារ​ឥឡូវ​ខ្ញុំ​មាន​ក្រុម​ការងារ​គ្រប់គ្រាន់​ហើយ​»​។


កញ្ញា ឌី សូនីតា តារាសម្ដែង​រាង​តូច​ច្រឡឹង និង​ឆ្វាក់​ទីផ្សារ​ថត​ភាពយន្ត​ឲ្យ​ផលិតករ​បរទេស​នោះ រូបនាង​ក៏​បាន​បន្ថែម​ពី​ការទទួល​រៀបចំ​កម្មវិធី​ផ្សេងៗ​ទៀតថា​៖ «​ខ្ញុំ​មាន​ទទួល​គ្រប់​សេវាកម្ម​មាន​ទាំង​ការតុបតែង​ដេគ័រ​មុខ​រោង ក្រុម​តន្ត្រី និង​មាន​ទទួល​ម្ហូបអាហារ​ផងដែរ និយាយ​រួម​ទៅមួយ​កំប្លេ​តាម​ដែល​ភ្ញៀវ​គាត់​ចង់​បាន​»​។


យ៉ាងណា​មិញ​តារាសម្ដែង​ដែល​ទើប​តែ​បង្ហើរ​ទឹកដម​សំឡេង​តាម​បទ​អូរីជីណល កញ្ញា ឌី សូនីតា ក៏​បាន​បញ្ជាក់​ដែរ​ថា​មុខរបរ​ផ្ដល់​សេវាកម្ម​រៀបចំ​កម្មវិធី​នេះ​គឺ​ដើម្បី​បន្ថែម​ខ្ទង់​ចំណូល​ពី​លើ​វិស័យ​សិល្បៈ​។


ដូច្នេះ​ហើយ​ទើប​ស្រី​ស្រស់​សម្បុរ​ស្រអែម​បញ្ជាក់​ទៅ​កាន់​អ្នក​ដែល​ចង់​បាន​រូប​កញ្ញា​ឡើង​បង្ហើរ​សំនៀង​នៅ​លើ​ឆាក​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​ការរៀបចំ​កម្មវិធី​ចំពោះ​ក្រុម​តន្ត្រី​គឺ​មិនមាន​ខ្ញុំ​ច្រៀង​ទេ បើសិន​ជា​ម្ចាស់​កម្មវិធី​ចង់​បាន​ខ្ញុំ​ច្រៀង​ត្រូវ​គិត​តម្លៃ​ផ្សេង​ទៀត​»​។

ចំពោះ​មុខរបរ​ថ្មី​ការទទួល​រៀបចំ​កម្មវិធី​ដែល​ទើប​បង្ហាញ​ជា​សាធារណៈ តារាភាពយន្ត កញ្ញា ឌី សូនីដា ក៏បាន​បង្ហើប​ថា​មាន​ការចូលរួម​ជាមួយ​ដៃគូ​គឺ​លោក អេឡិច ហ្សូរ៉ា ដែល​តែងតែ​លេច​ឮថា មាន​ស្នេហា​ក្រៅ​ឆាក​ផង​ដែរ​។

តារាស្រី​ក្រមិចក្រមើម​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​ពេល​ដែល​ត្រូវ​រៀបចំ​កម្មវិធី​នៅ​តាម​ខេត្ត​គឺ​យើង​តម្រូវ​ឲ្យ​បង ហ្សូរ៉ា ជា​អ្នក​ទៅ​រៀបចំ ចំណែក​នៅ​រាជធានី​ភ្នំពេញ​ខ្ញុំ (​សូនីតា​) ជា​អ្នក​ចេញមុខ ប៉ុន្តែ​បើសិន​ជា​កម្មវិធី​ធំ​ក៏​ត្រូវ​ឲ្យ​គាត់​ (​អេឡិច ហ្សូរ៉ា​) ​មក​ជួយ​ដែរ​»​។

ចំណែកឯ​ការងារ​សិល្បៈ​វិញ​កញ្ញា ឌី សូនីតា បាន​បង្ហើប​ថា​រូបនាង​ពិតជា​មាន​ការរវល់​ស្ទើរ​ដកឃ្លា​មិន​រួច រួមមាន​ទាំង​ការថត​ផ្សព្វផ្សាយ​ផលិតផល​ចូលរួម​ក្នុង​កម្មវិធី​ដូចជា​ការច្រៀង​ក្នុង​ពិធីការ និង​ការចេញ​បទចម្រៀង​ថ្មីៗ​ជាច្រើន​បទ​រួមទាំង​ការងារ​ផ្ទាល់ខ្លួន​ជាច្រើន​មុខ​ទៀត​។

កញ្ញា ឌី សូនីតា ក៏​បាន​បរិយាយ​អំពី​គម្រោង​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ដូច្នេះ​ថា​៖ « ក្នុងពេល​ខាង​មុខ​នេះ ខ្ញុំ​កំពុង​ត្រៀម​ថត​បទចម្រៀង​ថ្មី ដែល​និយាយ​ពី​ជីវិត​តស៊ូ​របស់​ខ្ញុំ​ផ្ទាល់​ដើម្បី​ចែករំលែក​ឲ្យ​ដល់​ប្រជាពលរដ្ឋ​យើង​បាន​ដឹង​»​។

ម្ចាស់​បទ «​កំហុស​» កញ្ញា ឌី សូនីតា ដែល​ជា​កូនកំព្រា​ធ្លាប់​ទៅ​ធ្វើការ​នៅ​រោងចក្រ​ជាមួយ​ម្តាយ​បាន​ប្រាប់​ពី​ការធ្វើ​បទចម្រៀង​លាតត្រដាង​ខ្សែជីវិត​របស់​នាង​ផង​ដែរ​ថា​៖ «​ព្រោះ​ថា​ជីវិត​ខ្ញុំ​ជួប​ការលំបាក​ច្រើន​ណាស់ ដែល​បទចម្រៀង​ហ្នឹង​មាន​រយៈពេល​ ១០ ​ទៅ​ ១៥ ​នាទី​»​។

ស្រីស្រស់​ដែល​តែងតែ​រំឭក​គុណ​រៀមច្បង សុគន្ធ នីសា និង​ ឯក ស៊ីដេ ដែល​ជួយ​ឲ្យ​នាង​មាន​គេ​ស្គាល់​លើ​វិថី​សិល្បៈ​រូបនេះ នាង​ក៏​បាន​បង្ហើប​ដែរ​ថា​៖ «​បាន​ត្រៀម​ចេញ​បទ​ញាក់​ផងដែរ​។ ចំពោះ​កុន​វិញ​សម្រាប់​ឆ្នាំ​នេះ​ខ្ញុំ​សុំ​ទទួល​តែ​រឿង​ដុំ​ទេ ដោយសារ​តែ​អត់​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ទៅ​ថត​ឲ្យ​ពួកគាត់ អ៊ីចឹង​ឆ្នាំ​ក្រោយ​អី​បាន​គិត​រឿង​ភាគ​វិញ​»៕