ភ្នំពេញៈ ដោយ​មើល​ឃើញ​ពី​គុណសម្បត្តិ​តាមរយៈ​សកម្មភាព​ចូលរួម និង​ឆន្ទៈ​ចង់​ជួយ​ធ្វើ​កិច្ចការ​ផ្នែក​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​នោះ តារាសម្តែង និង​ពិធីការិនី និង​ជា​ថៅកែ​អាជីវកម្ម​លក់​ផលិតផល​រក្សា​សម្រស់​ក្រោម​យីហោ​ឈ្មោះ​ «​មុទិតា​» កញ្ញា ដួង ហ្សូរីដា ត្រូវ​បាន​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា តែងតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ចាប់ពី​ថ្ងៃ​ខែ​នេះ​តទៅ​។


បើ​តាម​ពិភព​សង្គម​សិល្បៈ​កញ្ញា ឌួង ហ្សូរីដា ត្រូវ​បាន​គេ​ដាក់​ងារ​ថា គឺជា​តារា​សម្តែង​ស្រី​ដែល​មាន​ភាពឈ្លាសវៃ​ក្នុង​ការបង្កើត​មុខ​ជំនួញ​ជាមួយ​នឹង​សិល្បៈ ខណៈ​ពិធីការិនី​រូបនេះ​ក៏​ត្រូវ​គេ​ដឹងថា មាន​ក្រុមហ៊ុន​រកស៊ី​មិន​ក្រោម​ ២-៣ ​នោះ​ដែរ​ដោយ​មាន​ហាង​កាត់ដេរ ហាង​លក់​គ្រឿងសម្អាង ឬ​រក្សា​សម្រស់ ហាង​លក់​កាបូប ផលិតផល​សម្បុក​ត្រចៀកកាំ និង​ក្រុមហ៊ុន​តារា​បង្ហាញ​ម៉ូដ​ទៀតផង​ដែរ​។


ដោយឡែក​សម្រាប់​កិច្ចការងារ​សង្គម​វិញ​តារាសម្តែង និង​ពិធីការិនី​រូប​នេះ ក៏​មាន​សកម្មភាព​ជា​ហូរហែ​មិន​សូវ​លស់​ពេល​នោះ​ទេ ខណៈ​ពេល​ថ្មីៗ​នេះ​កញ្ញា​ ឌួង ហ្សូរីដា ក៏​បាន​ទទួល​លិខិត​សរសើរ​ក្រោយ​ពី​ចូលរួម​ជួយ​នៅក្នុង​សកម្មភាព​រៃអង្គាសប្រាក់​សម្រាប់​មូលនិធិ​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា​កាលពី​ចុង​ខែ​មីនា ឆ្នាំ​ ២០១៩ កន្លង​មក​នៅ​សណ្ឋាគារ​រ៉ាហ្វល់ឡឺរ៉ូយាល់​។


មិន​យូរ​ប៉ុន្មាន​កញ្ញា ឌួង ហ្សូរីដា ក៏​ត្រូវ​បាន​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា តែងតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ក្នុង​ការទទួល​ភារកិច្ច​ផ្សព្វផ្សាយ​ពី​ការអភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា ខណៈ​ដំរី​គឺជា​សត្វ​ដែល​កំពុង​តែ​រង​នូវ​ភាព​ជិត​ផុត​ពូជ​ដែរ​។


ពាក់ព័ន្ធ​ទៅ​នឹង​លក្ខណសម្បត្តិ​ដែល​នាំ​ឲ្យ​សមាគម​ជ្រើស​យក​កញ្ញា ឌួង ហ្សូរីដា ជា​តំណាង​អ្នកស្រី ខៃ ចិន្តា ឬ​មជ្ឈដ្ឋាន​សង្គម​ភាគច្រើន​គេ​និយម​ហៅ​គាត់​ថា ចិន្តា ក្លេ ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃរាវត្តា បង្ហើប​ឲ្យ​ដឹង​ថា​៖ «​គាត់​មាន​លក្ខណៈ​គុណសម្បត្តិ​ច្រើន​ដែល​ខាង​យើង​ចាប់​អារម្មណ៍​បាន​ពិចារណា និង​ដាក់​សំណើ​ទៅ​គាត់​សម្រាប់​តំណែង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​នេះ​។ អ្វី​ដែល​សំខាន់​គឺ​គាត់​មាន​ក្តីស្រឡាញ់ និង​សប្បាយចិត្ត​ជាមួយ​នឹង​កិច្ចការ​សង្គម​មួយ​នេះ​ក្រោយពី​យើង​បាន​ស្នើសុំ​ទៅ​គាត់​»​។


អ្នកស្រី ចិន្តា ក្លេ បន្ត​ថា​៖ «​ហើយ​ទំនាក់ទំនង​គាត់ និង​សមាគម​យើង​នាពេល​កន្លងមក​គឺ​គាត់​តែងតែ​ជួយ​ជា​ថវិកា​ផ្ទាល់ខ្លួន​តាម​លទ្ធភាព និង​កាលពី​ដើម​ឆ្នាំនេះ គាត់​មិន​ត្រឹម​លះបង់​ដោយ​ស្ម័គ្រចិត្ត​ជួយ​ធ្វើ​ជា​ពិធីការិនី​នៃ​កម្មវិធី​រៃអង្គាសប្រាក់​សម្រាប់​មូលនិធី​សមាគម​នោះ​ទេ​គឺ​ថែម​ទាំង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្វះស្វែង​រៃអង្គាសប្រាក់​ទៀតផង​។ ចំពោះ​វេលា​ប៉ុន្មាន​ឆ្នាំ យើង​ក៏​មិន​ទាន់​បាន​កំណត់​ជាមួយ​គាត់​នៅ​ឡើយ​ទេ តែ​គឺ​យើង​ទុក​សិទ្ធិ​ជូន​ទៅ​គាត់​សម្រេច​ផង​ដែរ​ក្នុង​ករណី​ប្រសិន​បើ​គាត់​ជាប់​រវល់​ការងារ​សិល្បៈ ឬ​កិច្ចការ​ជំនួញ​មិន​អាច​បំពេញ​ការងារ​នេះ​បាន​នាពេល​ខាង​មុខ​»៕