ភ្នំពេញ៖ ក្រោយពីហែលឆ្លងដំណាក់កាលព្យាបាលជិត ១ ខែ និងបន្តឃុំខ្លួននៅផ្ទះកន្លះខែទៀត ទីបំផុត កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ បានប្រកាសប្រាប់ថា ខ្លួនបានជាសះស្បើយពីជំងឺកូវីដ១៩ ១០០ ភាគរយហើយ។
យោងតាមការបង្ហោះសារចុងក្រោយកាលពីយប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ លោក ណុប បាយ៉ារិទ្ធ បានសរសេរប្រកាសនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «គិតចាប់តាំងពីថ្ងៃធ្វើតេស្តសំណាកលើកចុងក្រោយបង្អស់របស់ខ្ញុំបាទ មកទល់ពេលនេះ គឺ ៥ ថ្ងៃហើយ។ ថ្ងៃទី ១៤ ខែមេសា ជាថ្ងៃយកសំណាកទៅពិនិត្យលើកចុងក្រោយរបស់ខ្ញុំ លោកគ្រូពេទ្យមានប្រសាសន៍ថា ៣ ថ្ងៃក្រោយ ប្រសិនបើមិនមានការខលទំនាក់ទំនងពីគ្រូពេទ្យមកទេ គឺមានន័យថាខ្ញុំបានជាសះស្បើយ ១០០ ភាគរយ ពីជំងឺកូវីដ១៩ ហើយ។ តែបើគ្រូពេទ្យខលមកមានន័យថាជំងឺរបស់ខ្ញុំអាចមានបញ្ហាណាមួយ ដែលខុសប្រក្រតីត្រូវព្យាបាលបន្ត»។
ក្នុងសំណេរដដែលនោះ តារាចម្រៀងប្រុសសាច់សខ្ចីរូបនេះ បានរៀបរាប់ពីមន្ទិលរបស់ខ្លួនទៀតថា៖ «ក្នុងអំឡុង ៣ ថ្ងៃមុនខ្ញុំនៅតែមិនទាន់អស់ចិត្ត នៅតែបន្តចាំរហូតដល់ថ្ងៃនេះជាថ្ងៃទី ៥ ដើម្បីឱ្យកាន់តែច្បាស់ក្នុងចិត្ត។ ពេលនេះខ្ញុំបានជាសះស្បើយ ១០០ ភាគរយហើយ ប៉ុន្តែអ្វីដែលខ្ញុំនៅតែគោរពយ៉ាងខ្ជាប់ខ្ជួននោះគឺ វិធានការ «៣ កុំ ៣ ការពារ» ជាប់ជានិច្ច និងការស្នាក់នៅតែក្នុងផ្ទះ មិនចេញទៅខាងក្រៅដាច់ខាត ក្រៅពីការគោរពតាមបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលហើយគឺខ្ញុំនៅមិនទាន់បាត់ការភ័យខ្លាចទេ ជំងឺនេះគឺមិនមែនធម្មតាៗ ដូចការគិតរបស់យើងទេ ហានិភ័យ គឺកើតពីការមើលស្រាល ប្រមាថ និងធ្វេសប្រហែស ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន ហើយអនុវត្តតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល»។
គួររំឭកដែរថា តារាចម្រៀងប្រុសនៅផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២១ រួចត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដឺ ហ្គ្រេដឌុក អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់។
ឆ្លងកាត់ដំណើរការព្យាបាល ២៥ ថ្ងៃ កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ កន្លងមកនោះ លោកបានប្រកាសម្តងរួចមកហើយថា ខ្លួនបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះហើយ ដោយបានបន្តធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ថែមទៀតនៅគេហដ្ឋានផ្ទាល់ ដើម្បីឱ្យជាក់ច្បាស់ថាលោកពិតជាសះស្បើយប្រាកដមែន។
តារាចម្រៀងផលិតកម្មហង្សមាសលោក ណុប បាយ៉ារិទ្ធ បានប្រកាសទៀតថា៖ «២៥ ថ្ងៃគត់នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំ ក៏ដូចជាអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke Hotel។ ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អគឺលទ្ធផលអវិជ្ជមាន ២ ដង លោកគ្រូពេទ្យបានអនុញ្ញាតឱ្យចេញទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះ ១៤ ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើញមកពីមន្ទីរពេទ្យ មន្ទីរសុខាភិបាល និងមណ្ឌលសុខភាព»៕