តន្ត្រីករ​មកពី​ទីក្រុង​ឡុងដ៍ ធ្វើ​កិច្ចការ​ថែ​រក្សា​វប្បធម៌ និង​តន្ត្រី​បុរាណ​ខ្មែរ​ជាង ២៥ ឆ្នាំ នៅ​ទឹកដី​ខេត្ត​កំពត

Content image - Phnom Penh Post
សិស្ស​​របាំ​នៃ​អង្គការ​វិទ្យាស្ថាន​អភិវឌ្ឍន៍វប្បធម៌​ខ្មែរ ដែល​បង្កើត​ឡើង​កាលពី​ ២៥ ឆ្នាំ​មុន​ នៅ​ទឹកដីខេត្តកំពត។ រូបថត Steve Porte

ភ្នំពេញ៖ អតីត​គ្រូ​តូរ្យ​តន្ត្រី​វីយូឡុង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ធ្លាប់​ភ្លក្ស​រសជាតិ​ជីវិត​តាម​ភូមិ​ឯ​ទី​ជនបទ​គ្មាន​ទឹក​ស្អាត និង​អគ្គិសនី​ប្រើប្រាស់​នា​​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ អ្នកនាង Catherine Louise Geach បាន​បង្កើត​អង្គការ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ (KCDI) នៅ​ខេត្ត​កំពត ក្រោម​ថវិកា​ស្ដួច​ស្ដើង​សម្រាប់​ប្រត្តិបត្តិការ​អស់​រយៈពេល ២៥ ឆ្នាំ​នេះ​។​

ដើម្បី​ប្រារព្ធ​អបអរ​បេសកកម្ម​អភិរក្ស និង​ធ្វើ​ឲ្យ​រស់រាន​ឡើង​វិញ​នៃ​សិល្បៈ​សម្ដែង​ប្រពៃណី​ខ្មែរ ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​អាច​បន្ត​កេរដំណែល​បេតិកភណ្ឌ​វប្បធម៌​ជាតិ​សាសន៍​ខ្លួន អង្គការ​វិទ្យាស្ថាន KCDI នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី​ពិសេស​អបអរ​ខួប ២៥ ឆ្នាំ ដោយ​មាន​ការ​ចូលរួម​ពី​សិល្បករ​ខ្មែរ​ជាច្រើន​ជំនាន់ និង​តំណាង​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​សៅរ៍ទី ៧ ខែធ្នូ វេលា​ម៉ោង ៦ កន្លះ​ល្ងាច នៅ​ទឹកដី​ក្រុង​កំពត​។​

អ្នកនាង Catherine បាន​ឲ្យ​ដឹង​ថា៖ «​យើង​ពិត​ជា​រំភើប​ត្រេកអរ ដែល​យើង​បាន​បន្ត​រហូត​ដល់​ប្រារព្ធ​ខួប​ទី ២៥ ឆ្នាំ ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​សិល្បៈ​ខ្មែរ​។ សិស្ស​របស់​យើង​ដែល​បាន​សិក្សា​តាំង​ពី​ឆ្នាំ ១៩៩៤ នឹង​មក​ចូលរួម​ការ​ប្រគំ​តន្ត្រី​អបអរ​ខួប​ឆ្នាំ​នេះ ហើយ​ពួក​គេ​មួយ​ចំនួន​ក៏​នឹង​មាន​វត្តមាន​សម្ដែង​លើ​ឆាក​ផង​ដែរ​។ នេះ​ជា​ពេល​វេលា​ដ៏​ស្រស់​បំព្រង និង​ជា​ផ្លែផ្កា​នៃ​កិច្ច​ខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​»​។​

ស្ថាបនិក​អង្គការ​ដែល​ជា​តន្ត្រីករ​បញ្ចប់​ការ​សិក្សា​ពី​សាលា​តូរ្យ​តន្ត្រី Royal Academy of Music ក្រុង​ឡុង​ដ៏ អ្នកនាង Catherine Louise Geach បាន​ធ្វើ​ដំណើរ​មក​កម្ពុ​ជា​នៅ​ឆ្នាំ ១៩៩០​។ ស្ថិត​ក្នុង​វ័យ ១៨ ឆ្នាំ កាល​ណោះ​អ្នកនាង​ត្រូវ​មក​ប្រមូល​របាយការណ៍​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​សម័យ​ខ្មែរ​ក្រហម​។​

ក្រៅ​ពី​​កិច្ចការ​នៅ​អតីត​សមរភូមិ អ្នកនាង​បាន​ឆ្លៀត​ពេល​ប្រគំ​វីយូឡុង​ស្នាដៃ​មូហ្សាត ឲ្យ​បណ្ដា​សិស្ស​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅ​ភ្នំពេញ។ អ្នកនាង Catherine ត្រូវ​បាន​លោក​ព្រឹទ្ធ​បុរស​ស្នើ​ឲ្យ​ជួយ​បង្រៀន​ផ្នែក​តន្ត្រី​ដល់​សិស្ស ខណៈ​គ្រា​នោះ​កម្ពុ​ជា​មាន​កង្វះ​ធនធាន​មនុស្ស​។​

មុន​នឹង​រំលេច​រូបរាង​អង្គការ​វិទ្យាស្ថាន KCDI នៅ​ទឹកដី​កំពត​អ្នកនាង​បាន​​រៀបរាប់​ថា​៖ «​សិល្បករ​ប្រមាណ ៩០ ភាគរយ​ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​។ កាល​ណោះ​មាន​គ្រូ​តន្ត្រី​ដ៏​ប៉ិន​ប្រសប់​តែ ៧ នាក់ និង​អ្នក​ជំនាញ​ផ្នែក​របាំ​តែ ៥ នាក់​នៅ​រស់រាន​មាន​ជីវិត។ ស្ថានភាព​នៅ​កម្ពុជា​ពិត​ជា​យ៉ាប់យ៊ឺន​ណាស់​កាល​ពី​ឆ្នាំ ១៩៩០»​។​

អ្នកនាង Catherine បាន​រំឭក​ពី​អារម្មណ៍​គ្រា​នោះ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​ស្រណោះ​ណាស់ ហើយ​ខ្ញុំ​ពិតជា​គោរព​ដល់​មិត្ត​រួម​ការងារ​ជា​ជនជាតិ​ខ្មែរ។ ខ្ញុំ​ស្រឡាញ់​តន្ត្រី របាំ និង​ការ​សម្ដែង​ប្រពៃណី​ខ្មែរ ហើយ​កាល​ណោះ​ទម្រង់​សិល្បៈ​ទាំង​នេះ​ពិត​ជា​ប្រឈម​នឹង​ការ​បាត់បង់​សូន្យ​សុង​តែ​ម្ដង​»​។​

Content image - Phnom Penh Post
ព្រឹទ្ធាចារ្យ ឯម ធាយ បង្រៀនសិស្ស​​ KCDI។ រូបថត Uon Sambo, ស្ថាបនិក​អង្គការ Catherine Geach។ រូបថត សហការី

ដោយ​ទឹក​ចិត្ត​ស្រឡាញ់​តន្ត្រី​ប្រពៃណី​​ខ្មែរ អ្នកនាង​បាន​បង្កើត​អង្គការ​វិទ្យាស្ថាន KCDI ក្នុង​ឆ្នាំ ១៩៩៣ និង​ស្ថាបនា​​សាលាតន្ត្រី​ខ្មែរ​បុរាណ​នៅ​ខេត្ត​កំពត នៅ​ឆ្នាំ ១៩៩៤​។​

ស្ថាបនិក​អង្គការ ដែល​ចេះ​លេង​ឧបករណ៍​ទ្រសោ​ខ្មែរ និង​ប្រគំ​ភ្លេង​មហោរី​រូប​នេះ​បាន​លើក​ឡើង​ថា​៖ «បទពិសោធ​បង្រៀន​សិស្ស​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ កាល​ពី​ឆ្នាំ ១៩៩០ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ពង្រីក​​ការ​ចែក​រំលែក​តាមរយៈ​ការ​បង្កើត​​សាលា​តន្ត្រី​បុរាណ​នៅ​ខេត្ត​កំពត​នេះ​។ កាល​ពី​សម័យ​នោះ សិល្បករ​ខ្មែរ​បុរាណ ជាពិសេស​តន្ត្រីករ​តែ​ម្ដង គឺ​ពិត​ជា​តស៊ូ​ទាំង​លំបាក​លំបិន​ក្នុង​ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ ក្រោយពី​របប​ខ្មែរ​ក្រហម​»​។​

ក្រោម​ជំនួយ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) និង Sovannah Phum puppet masters នៅ​ឆ្នាំ ២០១៥ អង្គការ​វិទ្យាស្ថាន KCDI បាន​ធ្វើ​កិច្ចការ​ស្រោចស្រង់​ទម្រង់​សិល្បៈ​​ល្ខោន​ស្បែក​តូច នៅ​ខេត្ត​កំពត​។ ក្រៅ​ពី​នោះ អង្គការ​វិទ្យាស្ថាន KCDI ក៏​បាន​អញ្ជើញ​ព្រឹទ្ធាចារ្យ​សិល្បៈ ភ្លេង​ពិណពាទ្យ លោក​តា ហួត ទូច និង​ទេវនាដ​និម្មិត លោក​យាយ ឯម ធាយ មក​បន្ត​មរតក បង្ហាត់​បង្ហាញ​សិស្ស​ផង​ដែរ​។​

សាលា​តន្ត្រី​បុរាណ ដែល​ដើរ​តួនាទី​ជួយ​​កុមារ​ទុរគត​មួយ​នេះ ធ្លាប់​នាំ​សិល្បករ និង​តន្ត្រីករ​របស់​ខ្លួន​ទៅ​សម្ដែង​លើ​ឆាក​អន្តរជាតិ ដូចជា​នៅ កាតា បារាំង បែលហ្ស៊ិក ហូឡង់ និង​អ៊ីតាលី​។​

អ្នកនាង Catherine បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្ដែង​ការ​គាំទ្រ​សកម្មភាព​យើង ដោយ​លោកស្រី​គ្រោង​នឹង​ផ្ដល់​នូវ​ឧបករណ៍​ចាប៉ី​ដង​វែង ដល់​វិទ្យាស្ថាន​យើង ដើម្បី​បង្រៀន​ដល់​សិស្ស​ពិការ​ភ្នែក​»​។​

ក្នុង​ដំណើរ​ការ ២៥ ឆ្នាំ ស្ថាបនិក​អង្គការ​វិទ្យាស្ថាន KCDI បាន​ឲ្យ​ដឹង​ដែរ​​ថា អ្នកនាង និង​បុគ្គលិក​ខ្មែរ ១១ នាក់​ពិត​​​ជា​ស្ញប់ស្ញែង​នឹង​លទ្ធផល​ផ្លែផ្កា ចេញ​ពី​កញ្ចប់​ថវិកា​ដ៏​ស្ដួច​ស្ដើង ខណៈ​ស្ថាបនិក និង​ក្រុម​ប្រឹក្សាភិបាល​នៃ​អង្គការ ស្ម័គ្រ​ចិត្ត​បម្រើការ​ដោយ​គ្មាន​ប្រាក់​ខែ​។​

ទន្ទឹម​នឹង​ការ​លះបង់​នេះ អ្នកនាង​បាន​លើក​ឡើង​ថា​៖ «​យ៉ាង​ណា​ក្ដី យើង​នៅ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​អាហារ សម្លៀក​បំពាក់ កន្លែង​ស្នាក់ ថ្នាំ​សង្កូវ ការ​មើលថែ និង​បង្ហាត់​បង្រៀន​ក្មេងៗ ក៏​ដូច​ជា​ឧបត្ថម្ភ​ដល់​បុគ្គលិក​ខ្មែរ​យើង ខណៈ​ការ​ស្វែងរក​ជំនួយ​អន្តរជាតិ​កាន់​តែ​ពិបាក​។ សម្រាប់​ខ្ញុំ​ពេល​ខ្លះ ខ្ញុំ​គេង​មិន​លក់​ព្រោះ​តែ​រិះរក​ប្រភព​ជំនួយ​ជា​បន្តបន្ទាប់​»​។​

អង្គការ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វប្បធម៌​ខ្មែរ មាន​អាសយដ្ឋាន​នៅ​ភូមិ​មួយ​ឧសភា វិថី​ឯករាជ្យ ក្រុង​កំពត ជិត​ធនាគារ​អេស៊ីលីដា​៕