ភ្នំពេញៈ​ ដោយ​មាន​​​គោល​​បំណង​​លើកកម្ពស់​ការយល់ដឹង​បន្ថែមពីមូលនិធីគន្ធបុប្ផា​កម្ពុជា​​ ក្នុង​​កិច្ច​ខិត​ខំ​​​​ប្រឹង​​​​ប្រែង​​មួយ ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា ដែល​ជា​មន្ទីរ​​ពេទ្យ​​​​​​កុមារ​ឈានមុខ​គេ ​ក្នុង​ព្រះ​រា​ជា​ណា​​​ចក្រ​​​​កម្ពុជា​ និង​ជា​​​មន្ទីរពេទ្យ ​​​ដែលបាន​ផ្តល់​ការ​​ព្យា​បាល​​ដោយ​ឥត​គិត​ប្រាក់ ដ​ល់កុមារ​កម្ពុជា មាន​ចំនួន​​​​រា​ប់​​លាន​​នាក់​​ ក្រុម​ហ៊ុន​ស្មាត​ បាន​រៀបចំ​​កម្ម​វិធី​ប្រគំ​តន្រ្តី​សប្បុ​រសធម៌​មួយឈ្មោះថា​​ «ការប្រគំ​តន្រ្តី​ដើម្បី​​​​ស្នាម​ញញឹម» ដែល​​ចូលរួមពីសំណាក់​ក្រុម​សិល្បៈ​ករ​​-​សិល្បៈការិនី​ល្បី​ៗ​ក្នុង​​ស្រុក​​​ជាច្រើន​ នឹង​បង្ហាញ​​​វត្ត​មាន​​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​។​


ក្រុម​អ្នករៀបចំ​មូល​និធិ​គន្ធបុប្ផាកម្ពុជា និង​ក្រុម​តារា​ចម្រៀង​របស់​ស្មាត។ រូបថត ​ហ៊ាន រង្សី​


លោក ​Thomas Hundt (ថូម៉ាស ហ៊ុន) នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន Smart Axiata ថ្លែង​នា​ថ្ងៃ​ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន នា​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ ថា៖​ «​យើង​ពិត​​ជា​​​មានមោទ​ន​ភាព​ណាស់​​ ដែលបាន​ធ្វើ​ការ​​​ជាមួយ​នឹង​​​សិល្បៈ​ករ-សិល្បៈការិនី​​ ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​​​​ក្នុងស្រុក​ ដើម្បី​​ជួយ​​ដល់​​មូល​និធិ​​​ដ៏​អស្ចារ្យ​មួយនេះ ​ដែល​បានផ្ដល់​អត្ថប្រយោជន៍ ​ជាច្រើន​​សម្រាប់​​កុមារ​កម្ពុជា​​។ ​បុគ្គលិក ​និង​និយោ​ជិត​​​ជា​ច្រើន​​របស់​យើង​ក៏​ធ្លាប់​​​ទទួល​​បាន​ការថែទាំ​​ពី​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​​ផងដែរ​ ហេតុនេះហើយ​ បាន​ជា​យើង​​​​​សម្រេច​ចិត្ត​​​ ​មិន​​ត្រឹម​តែ​ធ្វើ​ការ​បរិច្ឆាគ​​ប្រាក់​ប៉ុណ្ណោះទេ​​ ប៉ុន្តែក៏​ប្រើប្រាស់​​ធនធាន ​ដែលយើងមាន​ ដើម្បី​ជួយ​លើក​កម្ពស់​​មូលនិធិមួយ​នេះ​ឲ្យ​កាន់​តែ​​ល្អ​ប្រសើរផងដែរ​​»​។


លោក ​Thomas Hundt (ថូម៉ាស ហ៊ុន) នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន Smart Axiata។ រូបថត ​ ​ហ៊ាន រង្សី​​​​


​លោក​​បណ្ឌិត​ ចាន់ ណារិទ្ធិ នាយក​លេខា​ធិការ​ដ្ឋាន​​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ​​សម្តែង​ចំណាប់​អារម្មណ៍​ខ្លួន​​ថា៖ ​«​ការ​ប្រគំ​​តន្ត្រី​នេះ​ គឺ​ជា​ឱកាស​​ដ៏អស្ចារ្យមួយ ​សម្រាប់​​​ប្រជា​ពល​រដ្ឋ​​វ័យ​ក្មេង​ ដើម្បី​​ប្រមូល​​ផ្តុំ​គ្នា​ចូលរួមកម្សាន្ត​ និង​សម្តែង​​ការ​គោរព​ ក៏​ដូច​ជា​ថ្លែង​​អំណរគុណ​ ដល់​ក្រុម​វេជ្ជ​បណ្ឌិត​ និង​គិលានុ​ប​ដ្ឋា​យិកា​ជា​ច្រើន ដែល​នៅ​តែ​​បន្ត​​ផ្តល់​ការ​ព្យា​បាល ​​ដោយ​ឥត​គិត​ថ្លៃ​​ប្រកប​​ដោយ​គុណ​ភាព​ខ្ពស់​​បំផុត​ ដល់​ប្រជា​ពល​រដ្ឋ ​ដែលជាធនធាន​ដ៏សំខាន់​បំផុត​​របស់​យើង​ជាកុមារកម្ពុជា ​សម្រាប់​រយៈ​ពេល​​​ច្រើន​​ជាង ​២៥ ​ឆ្នាំ ​កន្លង​មក​នេះ​​។ ​


ក្នុង​នាម​​​​ជា​អ្នក​តំណាង​​ឲ្យ​មន្ទីរ​ពេទ្យ​​ទាំងមូល​ អ្នក​ជំ​ងឺ ​និង​ក្រុម​គ្រួ​សារ​​របស់​អ្នក​ជំ​ងឺ​ ក៏ដូច​ជា​​​​ឯកឧត្តម​អគ្គបណ្ឌិត​​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ​ព័ន្ធមុនីរ័ត្ន​ ខ្ញុំ​សូម​​សម្តែង​​ការ​​ដឹង​គុណ​​ដ៏​ជ្រាល​ជ្រៅ​បំផុត ​របស់​យើងដល់​ក្រុមហ៊ុន Smart ​សិល្បៈ​ករ-សិល្បៈការិនី ​និង​​​ភាគី​​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​​​ចូល​រួម​ចំណែកក្នុងកម្មវិធីផ្តួច​ផ្តើម​​នេះ​​»​។

លោក​​បណ្ឌិត​ ចាន់ ណារិទ្ធិ នាយក​លេខា​ធិការ​ដ្ឋាន​​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា។ រូបថត ​​ ​ហ៊ាន រង្សី​

សំបុត្រ​​ចូល​រួម​​ទស្ស​នា​​ទាំង​អស់ ​នឹង​ដាក់​លក់​​ចាប់​ពីថ្ងៃ​​ទី​​១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩ នេះ​ត​ទៅ ​នៅ​តាម​​ទី​តាំង​​ចំនួន ៦ ទូ​​ទាំង ​​រាជ​ធានីភ្នំ​ពេញ​ នៅតាម Smart Shop ទាំងអស់រួមមាន Smart Shopផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉ល និងអ៊ី​អន​ម៉ល​សែន​សុខ និង​Smart Shop ធីខេ​អេហ្វេណូ (ទួលគោក)​។ ចំពោះ​សំបុត្រ​ទស្សនា​ ១​​ សន្លឹក​​​​តម្លៃ ​​១០ ​ដុល្លារ ហើយ​រាល់​ប្រាក់ចំណូល​ពីការលក់សំបុត្រ​ទាំង​អស់​ នឹង​​ត្រូវ​​បរិ​ច្ឆាក​​ទៅ​​ឲ្យមូល​និធិគន្ធបុប្ផា​កម្ពុជា​ ហើយ​ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុមហ៊ុន Smart​ នឹង​​បរិច្ឆាគ​​ថវិកា​​​​​បន្ថែម ​១០ ​ដុល្លារ​ ពី​​​​លើ​​រាល់​ចំនួន​​​​សំបុត្រ ​ដែល​បាន​លក់​រួច​ ដើម្បី​​បន្ថែម​ថវិកា​ សម្រាប់​មូល​និធិ​​ពី​​​ការ​​លក់​​សំបុត្រនេះ​ទៀត​ផង​ដែរ​។​ តាម​រយៈ​​ការ​ប្រគំតន្រ្តី​ដើម្បី​​​​ស្នាម​ញញឹម​​​នេះ​ដែរ ក្រុម​ហ៊ុន​ស្មាត​ បរិ​ច្ចាគ​​ប្រាក់​ចំនួន ១០ ម៉ឺន ដុល្លារ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​បន្ថែម​ពី​មូល​និធិ​គន្ធ​បុប្ផា​​កម្ពុជា​ ហើយ​ក៏​មាន​ក្តី​រំពឹង​ថា នឹង​រ៉ៃ​អង្គាស​បាន​ប្រាក់ប្រហែល​​ ១០ ម៉ឺន ដុល្លារ​ បន្ថែម​ទៀត​សម្រាប់​មូល​និធិ​ផង​ដែរ​​។​

សម្រាប់​ការប្រគំ​តន្រ្តី​ដើម្បី​​​​ស្នាម​ញញឹម​​ នៅ​ថ្ងៃ​ទី ​១៥ ខែ ធ្នូ​ ឆ្នាំ​២០១៩ នោះ​នឹង​មាន​វត្តមាន​ក្រុម​តារា​ចម្រៀង​ល្បីៗ​ដូចជា​លោក ងួន ចាន់​ដេវីត,​ កញ្ញា ទេព បូព្រឹក្ស, កញ្ញា ចិត្ត កញ្ចនា, កញ្ញា អេដា, កញ្ញា ឡូរ៉ា ម៉ម, លោក អូន, កញ្ញា ពេជ្រ សោភា ​ក្រុម​ SmallWorldSmallBand (SWSB) និង​ក្រុម​តារា​ប្រុសស្រី​ផ្សេងៗទៀត៕​