ក្រុងញូវដែលី៖ ចាប់ពីសកម្មភាពរបស់លោក វីរ៉ាត់ កូលី ឲ្យភរិយាបូលីវូដ កាត់សក់ រហូតដល់ Ravindra Jadeja លើខ្នងសេះ កំពូលកីឡាករគ្រីឃីតឥណ្ឌា បង្កើតសកម្មភាពប្លែកៗនៅក្នុងអំឡុងពេលមានបម្រាមបិទប្រទេសទាំងមូល។
នៅពេលដែលព្រឹត្ដិការណ៍កីឡា Indian Premier League (IPL) នៅបន្ដដំណើរការ លោក កូលី បានផ្ញើសារវីដេអូជាច្រើន មានទាំងបង្ហាញសកម្មភាពនៅផ្ទះ ដោយប្រាប់ប្រជាជនឲ្យបន្ដកុំចេញក្រៅ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ ១៩។
ប៉ុន្ដែសំណេរដែលទទួលបានការចុចចូលចិត្ដ «likes» រហូតដល់ជាង ១០ ម៉ឺនដងនោះ គឺជាការបង្ហោះរបស់ភរិយាជាតារាបូលីវូដ អ្នកស្រី អានូសខា សារម៉ា ដែលបង្ហោះវីដេអូកាត់សក់ឲ្យប្ដី។
ស្របពេលនោះ លោក កូលី អាយុ ៣១ ឆ្នាំ បានសរសេរឆាតលើអ៊ីស្ដាក្រាមជាមួយអតីតតារាភាពយន្ដអង់គ្លេស ខេវីន ព្យែធើសេន អំពីអ្វីដែលពិភពលោកកំពុងតែប្រឈម និងអ្វីដែលពួកគេបានឆ្លងកាត់អំឡុងពេលរាប់អានគ្នានេះ។
ខណៈអភិជន និងជនជាតិឥណ្ឌាវណ្ណៈកណ្ដាលត្រូវធ្វើកិច្ចការផ្ទះខ្លួនឯង ដោយសារបុគ្គលិកតាមផ្ទះ មិនអាចចេញពីផ្ទះបានពួកគេក៏បានបង្ហោះវីដេអូបោសជូតកម្រាលឥដ្ឋផងដែរ។
ការបិទប្រទេសចំពោះប្រជាជន ១,៣ ពាន់លាននាក់ បានធ្វើឲ្យពលរដ្ឋឥណ្ឌារាប់លាននាក់អត់ការងារធ្វើ និងបានបង្ខំឲ្យពលរដ្ឋក្រីក្រដើរដោយថ្មើរជើងចម្ងាយរាប់រយគីឡូម៉ែត្រទៅកាន់ភូមិកំណើតរបស់ពួកគេ។
ដោយបានបរិច្ចាគមូលនិធិខ្លះ ជួយសម្រាលវិបត្តិ លោក កូលី សរសេរថា៖ «បេះដូងរបស់យើងបែកខ្ទេចខ្ទាំដែលរងគ្រោះពីបញ្ហានេះ ហើយយើងរំពឹងថា ការរួមចំណែករបស់យើងតាមមធ្យោបាយនានា នឹងជួយសម្រាលបន្ទុករបស់ពួកគាត់ខ្លះ»៕ AFP/HR