ភ្នំពេញ៖ តារា​សម្ដែង​ស្រី​កូន​កាត់​ខ្មែរ-ឥណ្ឌា កញ្ញា វណ្ណា វត្តី ដែល​ឆ្នាំ​នេះ​មាន​វ័យ​ ២៨ ​ឆ្នាំ​ទៅ​​ហើយ​នោះ បាន​អះអាង​ថា នៅ​ពេល​នេះ​គ្មាន​​គម្រោង​ចូល​រោង​ការ​ឆាប់ៗ​ទេ​ ព្រោះ​នៅ​​មិន​ទាន់​​ជ្រើសរើស​គូ​អនាគត​ស្វាមី​បាន​នៅ​​ឡើយ។ តែ​យ៉ាង​ណា កញ្ញា​បង្ហើប​ថា មិន​បារម្ភ​ ខ្លាច​​ជ្រុល​វ័យ​អត់​ប្ដី​ទៅ​​ជា​ក្រមុំ​ចាស់​សៅកែ​នោះ​ទេ​ ព្រោះ​ថា​ បើ​គូព្រេង​​មក​ដល់​ហើយ​ទោះ​ជា​ប្រឹង​ប្រកែក​​យ៉ាង​ណា​ក៏​មិន​រួច​ដែរ។


តែ​​ពេល​សាកសួរ​ថាតើ វត្តី ចង់​បាន​ប្ដី​ជាតិ​ឥណ្ឌា ឬ​ប្ដី​ខ្មែរ​នោះ នាង វត្តី ឆ្លើយ​ថា No ចំពោះ​ប្ដី​​​​ឥណ្ឌា​នោះ​តែ​ម្ដង​។ ដោយ​អះអាង​ថា​ នាង​ចង់​បាន​​​ម្ចាស់​បេះដូង​ជា​បុរស​ខ្មែរ​ ដែល​មាន​វ័យ​កណ្ដាល​ ហើយ​បើទោះ​ជា​នាង​ចូលចិត្ត​ស្លៀក​ពាក់​ជា​យុវវ័យ​មែន​ តែ​នាង​មិន​ដែល​ស្រឡាញ់ ​ឬ​​​ចង់​បាន​ប្រុស​​ក្មេង​ស្ទាវៗ​មក​ធ្វើ​ជា​ប្ដី​ម្ដង​ណា​នោះ​ឡើយ។​


កញ្ញា វណ្ណា វត្តី ​បាន​ញ្ជាក់​ថា​៖ ​«រៀប​ការ​ជាមួយ​​អ្នក​ណា​ទៅ បើ​​អត់​មាន​សង្សារ​ផង​ហ្នឹង!។ មាន​អ្នក​ធ្លាប់​តាម​​​ស្រឡាញ់​អី​ហ្នឹង​ មិន​អត់​ទេ តែ​កន្លង​មក​ចេះ​តែ​មិន​ត្រូវ​គ្នា​ហើយ​ខ្ញុំ​ជា​​មនុស្ស​ចូលចិត្ត​សេរីភាព​អ៊ីចឹង​ បើ​ចូល​មក​មិន​ត្រូវ​ចិត្ត​ខ្ញុំ មិន​ខ្លាច​បែក​នោះ​ទេ។ ​​ចាំ​មើល​បន្ដិច​ទៀត​​មើល​ក្រែង​រក​អ្នក​ត្រូវ​ចិត្ត​បាន ​តែ​បើ​នៅ​តែ​មិន​ត្រូវ​ទៀត ខ្ញុំ​មិន​ខ្វល់​អត់​ប្ដី​នោះ​ទេ​ រស់នៅ​​ម្នាក់​ឯង​រហូត​ក៏​បាន»។​


តារា​ស្រី​កញ្ញា វណ្ណា វត្តី ដែល​​កាត់​ឥណ្ឌា​ទៅ​​ខាង​ជីតា​របស់​នាង​​ តែ​នាង​មិន​ដែល​បាន​ទៅ​លេង​នៅ​​ប្រទេស ​ឥណ្ឌា ​​ម្ដង​ណា​ទេ ​ហើយ​នាង​​​ក៏​មិន​​​ចង់​បាន​ប្ដី​ឥណ្ឌា​ដែរ ​គឺ​ស្រឡាញ់​តែ​ប្រុស​​ខ្មែរ។ តែ​នាង​ថា ចេះ​ក្បាច់​រាំ​ឥណ្ឌា​ខ្លះៗ​ដែរ ខណៈ​ដែល​មិត្ត​រួម​អាជីព​ថា​កញ្ញា ​វត្តី​ មាន​​ច្រមុះ​​ស្រួច​កាត់​ទៅ​ខាង​ឥណ្ឌា។​


កញ្ញា វណ្ណា វត្តី បាន​វិវត្ត​ខ្លួន​ពី​តារា​សម្ដែង​​​​មក​ជា​អ្នក​ចម្រៀង​ម្នាក់​​ដែល​មាន​​ទឹក​ដម​សំឡេង​គួរ​ឲ្យ​ទាក់ទាញ​​​​ហើយ​បាន​ចំណាយ​ប្រាក់​​ផ្ទាល់​ខ្លួន​ផលិត​​ជា​បទ​​ចម្រៀង​ចេញ​នៅ​​លើ​យូធូប និង​ផេក​ខ្លួន​ផង​ដែរ។​ កញ្ញា​ថា​ ទាំង​អាជីព​សម្ដែង​​ចម្រៀង​​គឺ​នាង​ចាប់​យក​ទាំង​ ២ ​​ព្រម​គ្នា​តែ​ម្ដង​ ហើយ​​​ពេល​នេះ ​កំពុង​ហ្វឹកហាត់​​​ធ្វើ MC ដែរ​ព្រោះ​ឲ្យ​តែ​ការងារ​​សិល្បៈ​នាង​ពេញ​ចិត្ត​ទាំង​អស់ ​គឺ​តាំង​ពី​​តូច​​​​មក​ម្ល៉េះ​ ​ហើយ​ភាពយន្ដ​ដែល​នាង​សម្ដែង​ចុង​ក្រោយ​គេ​នោះ ​គឺ​កុន​​ភាគ​រឿង​ «​កូន​ពស់​កេងកង»​ របស់​ផលិត​កម្ម​ហង្សមាស​។


ការ​ជិះ​រថយន្ដ​ម៉ាក​ Hummer យ៉ាង​ហំហួន​ក៏​​មាន​ការ​សង្ស័យ​ថា វណ្ណា វត្តី មាន​គូ​​ស្នេហ៍​នៅ​ក្រោយ​​​​ខ្នង​ឧបត្ថម្ភ ​តែ​តារា​ស្រី​រូប​នេះ​មិន​ខ្លាច​អត់​​​ប្ដី និង​​មាន​សមត្ថភាព​​​រក​ប្រាក់​ចិញ្ចឹម​ខ្លួន​ឯង​នោះ នាង​មិន​ត្រូវ​ការ​អ្នក​ណា​មក​ចិញ្ចឹម​​ខ្លួន​​​ឡើយ​៕​