ភ្នំពេញៈ ខណៈ​ចំណង​ស្នេហ៍​តារាស្រី​ស្រស់​កញ្ញា តូតា និង​ពាណិជ្ជករ​ខ្មែរ​ទ្រព្យ​ស្តុក​លោក ប៉ូ វិបុល សុសសាយ​ពេញ​ពិភព​សិល្បៈ​តាមរយៈ​ការពួត​ដៃ​គ្នា​បើក​មុខ​ជំនួញ​អាហារ «​ផែសមុទ្រ​» នៅក្នុង​ទីក្រុង​ភ្នំពេញ​ដំណើរការ​បាន​ច្រើន​សាខា​មក​នោះ ក៏​ស្រាប់​លេចចេញ​រឿង​មួយ​ទៀត​បើក​រីសត​ថ្មី​សន្លាង​នៅ​លើ​ទឹកដី​ខេត្ត​កំពត គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​សាជាថ្មី​។


នេះ​បើ​យោង​តាម​ការប្រកាស​ពី​ហ្វេសប៊ុក​តារាស្រី​មាន​បបូរមាត់​សិចស៊ី ម៉ា់ក់ សែនសូនីតា ហៅ​ តូតា បាន​បង្ហោះ​ប្រាប់​មិត្តភក្តិ​នាពេល​ថ្មីៗ​ដែល​មាន​ឈ្មោះ​ថា «​ផែសមុទ្រ​រីសត​» ស្ថិត​នៅ​ក្រុង​កំពត ខេត្ត​កំពត ឯណោះ​។

ដំណឹង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​ការពង្រីក​សាខា​បន្តបន្ទាប់​នៃ​អាជីវកម្ម​ក្រោម​ស្លាក​យីហោ «​ផែសមុទ្រ​» ដែល​ជា​ការដាក់ទុន​បេះដូង និង​ធនធាន​រួម​គ្នា​រវាង​តារា​សម្ដែង​កញ្ញា តូតា និង​ថៅកែ​ផលិតកម្ម​អង្គរភិចឈ័រ លោក ប៉ូ វិបុល លក្ខណៈ​លក់ franchise មិន​ទាន់​អស់​ចំហាយ​ល្បី​ផង ក៏​ស្រាប់​តែ​តារា​ស្រី​រូប​នេះ​បន្ត​មក​ផុលផុស​នឹង​រឿង​បើក​រីសត​វិញ​ម្តង​។


រីសត «​ផែសមុទ្រ​» ថ្មី​សន្លាង​របស់​តារាសម្តែង​ស្រី​កញ្ញា តូតា និង​ម្ចាស់​ស្នេហ៍​លោក ប៉ូ វិបុល ​នោះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​តាដិប សង្កាត់​អណ្តូងខ្មែរ ក្រុង​កំពត ខេត្ត​កំពត​។


លោក ប៉ូ វិបុល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​តាមពិត​ទៅ​ទីនេះ​គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​បើក​នូវ​ការដ្ឋាន​រៀបចំ​ប្រែក្លាយ​ឲ្យ​ទៅ​ជា​រីសត​តែ​ប៉ុណ្ណោះ យើង​មិន​ទាន់​បាន​រួចរាល់​មួយរយ​ភាគរយ​នោះ​ទេ​។ ផ្ទៃដី​នៃ​តំបន់​រីសត​នេះ​មាន​ទំហំ​ចំនួន ៤ ហិកតា​វា​មាន​ទីតាំង​ល្អ​ស្ថិត​នៅក្នុង​ភូមិ​តាដិប​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ជាប់​ដងព្រែក​ហើយ​អាច​ជា​កន្លែង​សម្រាប់​បោះតង់​កម្សាន្ត​នានា​បាន ហើយ​នេះ​ក៏​ជា​ការដាក់​ហ៊ុន​រួម​គ្នា​រវាង​ខ្ញុំ និង កញ្ញា តូតា ផង​ដែរ​»​។


ចំណែក​តារាស្រី​កាន់តែ​មាន​រូប​សម្ផស្ស​ស្រស់ស្អាត​វ័យ ២៤ ​ឆ្នាំ​ កញ្ញា តូតា បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «​ទោះបី​ជា​ទើប​បើក​មិន​ទាន់​មាន​លក្ខណៈ​ជា​រីសត​ពេញលេញ​មែន តែ​ឃើញ​ថា​មាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​បងប្អូន​មហាជន និង​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត​បែប​នែបនិត្យ​នឹង​សម្រស់​ធម្មជាតិ​ពិតៗ​ដូចជា​នៅ​កន្លែង​រីសត​យើង​នេះ​។ នៅពេល​នេះ​យើង​ក៏​មាន​រៀបចំ​ជា​សេវាកម្ម​បោះតង់ ជិះទូក​កម្សាន្ត និង​ស្ទូចត្រី និង​អង្គុយ​ញ៉ាំ​អាហារ​សមុទ្រ និង​ត្រី​ដែល​អាច​រក​ទិញ​ពី​អ្នកភូមិ​ហើយ​ក្នុង​ក្យូស​លើ​ផែ លម្ហែ​អារម្មណ៍ បណ្តើរៗ​ហើយ​ផង​ដែរ​។

ពេល​ឆាប់ៗ​នេះ​យើង​នឹង​មាន​ទូក​ធំ​សម្រាប់​ដឹក​ក្រុម​ទេសចរ​កម្សាន្ត​លក្ខណៈ​ជា​ក្រុម​ខ្នាត​ធំ​ចំនួន ២០-៣០ នាក់​ដែរ ហើយ​យើង​ក៏​មាន​គម្រោង​រៀបចំ​ជា​សេវាកម្ម​ជា​ប្រភេទ​កញ្ចប់​នៃ​ការធ្វើ​ដំណើរ​កម្សាន្ត​នានា​ដូចជា​ការបោះតង់​ ការជិះទូក ស្ទូចត្រី ឲ្យ​បាន​ពេញលេញ​ដែល​អាច​ចេញ​ទៅ​កាន់​តំបន់​កម្សាន្ត​នានា​ដូចជា​ទៅ​កោះរ៉ុង ឬ​ជិះទូក​កម្សាន្ត​តាម​ដងព្រែក​ជាដើម​»៕