ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។ សម្រាប់​ក្រុម​យុវជន ឬ​អ្នក​មាន​ជំនាញ ​និង​ចូលចិត្ត​​ថត​វីដេអូ​រួសរាន់​ដាក់​ពាក្យ​​​ប្រកួត​​ប្រជែង​ ខណៈ​​​ការ​ឈប់​ទទួល​​​​បេក្ខភាព​​​​នឹង​​​​​ត្រូវ​ពន្យារពេល​​ដល់​ថ្ងៃ​ទី ​៣ ខែ ​វិច្ឆិកា ឆ្នាំ ​២០២០​។​


បើ​​តាម​លោក ឡោ វុឌ្ឍី ជា​អ្នក​រៀបចំ​​កម្មវិធី​ប្រកួត​​​​មក​​ពី​ «ក្រុម​ដើរ​ព្រៃ»​ ​​ដែល​​រៀបចំ​ដោយ​​ក្រសួង​​​ទេសចរណ៍​បាន​​​ឲ្យ​​​​​ដឹង​​ពី​​គោល​​​បំណង​​​​នៃ​ការ​ប្រកួត​​នេះ​​ថា​៖​ «ការ​ប្រឡង​ប្រណាំង​ថត​វីដេអូ កំណប់​សហគមន៍​ជំរំ​ទេសចរណ៍​រដូវកាល​​​ទី៣ ឆ្នាំ ​២០២០ ក្រោម​ប្រធាន​បទ ​«ខ្ញុំ និង​ធម្មជាតិ» ដោយ​ក្រសួង​ទេសចរណ៍​សហការ​នឹង​សហគមន៍​​អេកូ​​​​ទេសចរណ៍​តាម​​តំបន់​ផ្សេងៗ​ក្នុង​​ប្រទេស​កម្ពុជា ​រួម​ជាមួយ​នឹង «ក្រុម​ដើរ​ព្រៃ-Der​Prey» និង​​​​​ឧបត្ថម្ភ​​​​​ដោយ​ក្រុមហ៊ុន Metfone​។


គោល​​​​​បំណង​​​​នៃ​​កម្មវិធី​​នេះ ​​គឺ​ដើម្បី​បង្ហាញ​​សក្តានុពល ​​សហគមន៍​ទេសចរណ៍ ​និង​​អេកូ​​ទេសចរណ៍​​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​​បង្ហាញ​​​គំនិត​ច្នៃ​ប្រឌិត និង​​ស្នាដៃ​តាមរយៈ​ការ​​បង្កើត​​​​វីដេអូ​​របស់​យុវជន​ខ្មែរ ​​នា​បច្ចុប្បន្ន​នេះ។​ ជា​​គោលការណ៍​នៃ​ការ​ផលិត​​វីដេអូ​​ ត្រូវ​​​ផលិត​​មាន​រយៈពេល​ចន្លោះ​ពី​ ៣-៥ ​នាទី ​​​មាន​ខ្លឹមសារ​​​ស្តីពី​ ​១- សេវាកម្ម​ និង​បដិសណ្ឋារកិច្ច​​ ២- ​បរិស្ថាន អនាម័យ និង​ទឹក​​ស្អាត​ ៣- សក្តានុពល​​នៃ​ទេសចរណ៍ សម្រស់​​​ទេសភាព​ ​និង​​ជីវ​ចម្រុះ​ ៤- ​ផលិតផល​សហគមន៍ ៥- ជីវភាព​ ជំនឿ ​ប្រពៃណី​ និង​វប្បធម៌​របស់​សហគមន៍​»។​


លោក​​​បន្ថែម​ថា៖ «ក្រោយ​​ពី​ទទួល​​​បេក្ខភាព​​ក្រុម​ ដែល​ដាក់​ពាក្យ​​​ប្រកួត​មក គឺ​យើង​នឹង​​ចម្រាញ់​​បេក្ខភាព​​ចំនួន​ ២១ ក្រុម ដើម្បី​​រៀបចំ​​​​សិក្ខាសាលា​​ណែនាំ​មួយ​ពី​កម្មវិធី នឹង​ជម្រុះ​យក​​​ចំនួន​ ​៩ ក្រុម​តែ​ប៉ុណ្ណោះ​។ ​​​យើង​ក៏​​ត្រូវ​តម្រូវ​ក្រុម​​ចាប់​ឆ្នោត​​តំបន់​ទេសចរណ៍​ជា​​គោលដៅ​​​​ចេញ​​​ថត​​មាន​ចំនួន ​៣ ដែរ​​ គឺ​តំបន់​ទី​១ នៅ​ភ្នំ​ទំព័រ ​​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ​តំបន់​ទី​​២ នៅ​​​ភ្នំ​តាក្រហម​​ក ស្រុក​ក្រវាញ​ ខេត្ត​​​​ពោធិ៍សាត់ និង​តំបន់​ទី​៣ នៅ​​ភ្នំ​ទន្លេ​ផែន ស្រុក​​សំឡូត ខេត្ត​​បាត់ដំបង​ ដែល​មាន​រយៈពេល​ថត​ ៣ ថ្ងៃ ហើយ​រាល់​ការ​ចំណាយ​លើ​ការ​ថ្លៃ​ស្នាក់​នៅ​ និង​​អាហារ​ ជា​បន្ទុក​របស់​ក្រុម​រៀបចំ​កម្មវិធី​របស់​ក្រសួង​​»។


តំបន់​ប្រាសាទព្រះខ័ន នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ហេង ជីវ័ន


ក្រុម​​ជាប់​ជម្រើស​​​ទាំង ​៩ ​​នឹង​​ត្រូវ​ឆ្លង​ការ​វាយ​តម្លៃ​ច្រើន​ដំណាក់​កាល​ ដូច​ជា​​​ការ​ទទួល​បាន​គាំទ្រ​ពី​ការ​បោះ​​ឆ្នោត​ក្នុង​គេហទំព័រ​​​ក្រសួង​អត្ថន័យ​នៃ​ការ​​​ផលិត​វីដេអូ​​ទៅ​តាម​គោលការណ៍ និង​​បច្ចេកទេស​ថត​។​ រង្វាន់​​លេខ ​១ នឹង​ទទួល​បាន​ប្រាក់​ចំនួន ១​ ៥០០ ដុល្លារ ស្មើ ៦ ​លាន​​រៀល លេខ​ ​២ នឹង​ទទួល​បាន​ប្រាក់​ចំនួន ១ ពាន់​ដុល្លារ ស្មើ ៤ លាន​រៀល​​ និង​លេខ​ ​៣ ទទួល​បាន​ប្រាក់​ចំនួន ៥០០ ដុល្លារ ស្មើ​ ២ លាន​រៀល​។ ​ការ​ប្រកាស​លទ្ធផល​ អាច​​​​នឹង​ដឹង​លទ្ធផល​​​នៅ​​​ខែ​មករា ឆ្នាំ ​២០២១ ក្រោយ​ពី​ឆ្លង​កាត់​នូវ​ការ​វាយ​តម្លៃ​ទាំង​ ​៣ ​ដំណាក់កាល​​នៃ​ការ​ប្រកួត​នេះ​​រួច​​មក​នោះ​»។

ដោយសារ​កត្តា​អាកាសធាតុ​មួយ​​រយៈ​នេះ​ មិន​សូវ​​អំណោយផល​ល្អ​​​​នោះ​ ទើប​​កម្មវិធី​ប្រឡង​ប្រណាំង​នឹង​បាន​​​​ពន្យារពេល​ចុះ​​ឈ្មោះ​ចាប់​ពី​​​ថ្ងៃ​​នេះ រហូត​ទៅ​​ដល់​ថ្ងៃទី ៣ ខែ​​វិច្ឆិកា ឆ្នាំ ​២០២០។ ដូច្នេះ សូម​​រួស​រាន់​​ដាក់​ពាក្យ ​ដើម្បី​​​ផ្សព្វផ្សាយ​​​អំពី​​​​សក្តានុពល​អេកូ​ទេសចរណ៍ បែប​​ផ្សង​ព្រេង​ទាំង​អស់​គ្នា ហើយ​​​​​របៀប​ចូលរួម​ក្នុង​​​កម្មវិធី ​១- ​បេក្ខជន​ត្រូវ​មាន​គ្នា​ចាប់​ពី ៣ នាក់ ទៅ ៥ នាក់ ​ ២- ចូល​ទៅ​​តភ្ជាប់ bit.ly/3a​v00​k9​ ដើម្បី​​ដោន​ឡូត​​យក​ព័ត៌មាន​រួម​ទាំង​​ពាក្យ​​ចូល​រួមកម្ម​​វិធី ​៣ ​បំពេញ​​​ព័ត៌មាន​របស់​ក្រុម​​អ្នក​​ខាង​ក្នុង​ពាក្យ​សុំ​ប្រកួត​ រួច​​ផ្ញើ​​ឯកសារ​នោះ​មក​កាន់​អ៊ីមែល ecotourismcambodia18​@gmail.com​ ឬ​ទាក់ទង​តាម​​ទូរស័ព្ទ​លេខ 097 711 04 55៕​

តំបន់​សហគមន៍​ទេសចរណ៍អណ្តូងស្នេហ៍​ដាក់ដាំ មាន​ទេសភាព​ស្រស់​ស្អាត ទាក់ទាញ​ទេសចរ នៅ​​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី។ហុង មិនា

សកម្មភាពរបស់​ក្រុមចូលរួម​ប្រកួត​ថត​វីដេអូ​កាល​ពី​ឆ្នាំ​មុន​​​។ រូប សហ​ការី