ក្រុងហ្សឺណែវ : ត្បូងពេជ្រពណ៌ផ្កាឈូកដ៏កម្រមួយដែលត្រូវបានកែច្នៃពីត្បូងឆៅដ៏ធំបំផុតក្នុងប្រទេសរុស្ស៊ី ត្រូវបានដាក់លក់ដេញថ្លៃនៅ Sotheby''s ក្នុងហ្សឺណែវ តម្លៃ ២៦,៦ លានដុល្លារ។
ដោយឲ្យឈ្មោះថា «វិញ្ញាណកូលាប» ត្បូងពេជ្រ ១៤,៨៣ ការ៉ាត់ ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំផុត រួមទាំងប្រាក់កម្រៃជើងសារនៅក្នុងប្រវត្ដិសាស្ដ្រគ្រាប់ពេជ្រផ្កាឈូកបែកស្វាយ។
វាត្រូវការពេលតែប៉ុន្មាននាទីក្នុងការដេញថ្លៃដែលតម្លៃបានហក់ដល់ ២១ លានហ្វ្រង់ស្វ៊ីស ក្រោយពីត្បូងប៉ុនថ្លើមថ្មត្រូវបានដាក់លក់ដេញថ្លៃតាមអនឡាញ ដោយអ្នកទិញចុងក្រោយមិនត្រូវបានផ្ដល់អត្ដសញ្ញាណឡើយ។
អ្នកលក់ដេញថ្លៃឲ្យក្រុមហ៊ុន Sotheby''s លោក Benoit Repellin បានហៅគ្រាប់ពេជ្រនោះជា «អច្ឆរិយៈធម្មជាតិ» និងបានបន្ថែមថា តម្លៃដ៏ខ្ពស់សម្រាប់ត្បូងពណ៌ផ្កាឈូកនេះនឹងបន្ដកើនឡើង ខណៈពួកវាកាន់តែត្បូងកម្រ។
«វីញ្ញាណកូលាប» ត្រូវបានកែច្នៃចេញពីថ្មត្បូង ២៧,៨៥ ការ៉ាត់ ដែលត្រូវបានរកឃើញក្នុងឆ្នាំ ២០១៧ ដោយក្រុមហ៊ុនជីករ៉ែ Alrosa ក្នុងសាធារណៈរដ្ឋសាខា នៃប្រទេសរុស្ស៊ី ភាគឦសាន្ដស៊ីបេរី។
វាត្រូវចំណាយពេលមួយឆ្នាំក្នុងកែច្នៃត្បូងដ៏មានតម្លៃនេះ ហើយវាជាតម្រូវការខ្ពស់សម្រាប់ទីផ្សារសកលលោក។
កំណត់ត្រាពិភពលោកសម្រាប់ពេជ្រពណ៌ផ្កាឈូកមានប្រវត្ដិក្នុងឆ្នាំ ២០១៧ នៅពេលត្បូងមួយគ្រាប់ស្គាល់ជា CTF Star Pink ត្រូវបានលក់តម្លៃ ៧១,២ លានដុល្លារ ក្នុងទីក្រុងហុងកុង។
បើយោងតាម Sotheby''s បានឲ្យដឹងថា ៥ ក្នុងចំណោមត្បូងពេជ្រដ៏មានតម្លៃបំផុតទាំង ១០គ្រាប់ ធ្លាប់ត្រូវបានដាក់លក់ គឺមានពណ៌ផ្កាឈូក ដោយត្រូវបានដាក់លក់មួយទសវត្សរ៍ចុងក្រោយ។
ទើបតែនៅក្នុងខែនេះ ការរុករករ៉ែពេជ្រពណ៌ផ្កាឈូកធំបំផុតក្នុងលោកត្រូវបានបញ្ឈប់ ខណៈក្រុមហ៊ុន Argyle របស់អូស្ដ្រាលីដែលទទួលខុសត្រូវលើការផ្គត់ផ្គង់ជាង ៩០ ភាគរយ ក៏ឈប់អាជីវកម្ម៕ AFP/HR