ក្រុងអង់តាណាណារីវ: ម៉ាដាហ្គាស្កា ដែលសម្បូរសត្វព្រៃ និងការផលិតវ៉ានីឡាបានបង្កើតភាពលេចធ្លោថ្មីមួយទៀតគឺដែនកោះនេះជាប្រទេសតែមួយគត់នៅអាហ្វ្រិកដែលមានពងត្រីខាវីយ៉ាតម្លៃកប់ពពក។
ដោយសារភាពថា សហគ្រិនរបស់ខ្លួនស្ថិតក្នុងភាពប្រថុយប្រថានអ្នកស្រី Delphyne Dabezies ប្រធានក្រុមហ៊ុន Rova Caviar បាននិយាយថា៖ «មនុស្សជាច្រើននាំគ្នាសើចចំអកឲ្យយើង។ ប៉ុន្ដែយើងអាចបញ្ជាក់ថា នេះជាជំនួញដ៏ល្អពិតប្រាកដ។ ពងត្រីខាវីយ៉ាម៉ាដាហ្គាស្កាគឺជាពងត្រីតែមួយគត់ផលិតក្នុងទ្វីបអាហ្វ្រិក និងមហាសមុទ្រឥណ្ឌា»។
ត្រីស្ទឺហ្គន ដែលផលិតពងត្រីខាវីយ៉ាអត់កូនត្រូវបានចិញ្ចឹមក្នុងបឹងម៉ានតាសូយ៉ា ស្ថិតនៅរយៈកម្ពស់ ១៤០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រភាគខាងកើតទីក្រុងអង់តាណាណារីវ។
ត្រី ស្ទឺហ្គន ត្រូវបាននាំចូលពីរុស្ស៊ីជាស៊ុតបង្កកំណើតដែលភ្ញាស់ និងទទួលការថែទាំយ៉ាងយកចិត្ដទុកដាក់នៅក្នុងបឹងម៉ានតាសូយ៉ា។ ពេលវាមានទម្ងន់ ៧ ក្រាម ពួកវាត្រូវផ្ទេរទៅនៅក្នុងត្រពាំងទឹកសាប និងក្នុងទ្រុងទឹកបឹង។ នៅទម្ងន់ ១,៥ គីឡូក្រាម សត្វឈ្មោលត្រូវបានសម្លាប់ និងរក្សាទុកតែត្រីញីរហូតដល់ពួកវាបញ្ចេញពង។ នីតិវិធីនេះត្រូវការភាពអត់ធន់ និងជំនាញខ្ពស់។
ត្រីនាំចូលដំបូងបានមកដល់បឹងម៉ានតាសូយ៉ាក្នុងឆ្នាំ ២០១៣ ហើយរហូតដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ ទើបមានការប្រមូលផលចំថ្ងៃទិវាឯករាជ្យម៉ាដាហ្គាស្កា តែម្ដង។
ពងត្រូវបានរក្សាទុកក្នុងបន្ទប់មានសីតុណ្ហភាព ០ អង្សាសេ។
អ្នកជំនាញភ្លក្សរសជាតិ Georges Heriniaina Andrianjatovo បានប្រាប់ថា៖ «ពងត្រីល្អរលាយនៅក្នុងមាត់មានរសជាតិដូចប៊ឺស្រស់ៗ»។
តម្លៃពងត្រីខាវីយ៉ា ១ ខាំ ថ្លៃប្រមាណ ១៤៤ ដុល្លារដែលមានតម្លៃថោកជាងនៅអឺរ៉ុបឆ្ងាយណាស់។
ក្នុងកំណត់ត្រាហ្គីនណេសពងត្រីខាវីយ៉ាដ៏ថ្លៃបំផុតពីត្រីភឿកស្ទឺហ្គននៅឆ្នេរអ៊ីរ៉ង់មានតម្លៃជាង ២៥ ០០០ ដុល្លារឯណោះ៕ HR