ភ្នំពេញ៖ ក្រោយពី​ប្រកាស​ជាសះស្បើយ​ពី​ជំងឺ​កូវីដ ១៩ កាលពី​ចុងខែ​មីនា និង​បន្ត​ដាក់ខ្លួន​ដាច់​ដោយឡែក​នៅផ្ទះ​ពីរ​សប្ដាហ៍​ទៀត​នោះ តារាចម្រៀង​សំនៀង​ស្រទន់ អ្នកនាង សុគន្ធ និសា ស្ងាត់ៗ​បាន​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ដោយ​បង្ហាញ​វត្តមាន​នៅមុខ​ផ្ទះ​គ្របដណ្ដប់​ដោយ​ព្រឹល​ទឹកកក​សក្បុស​នៃ​ទីក្រុង​បូស្តុន កាលពី​ថ្ងៃទី ១៦ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ។


ភ្ជាប់​ជាមួយ​រូបថត​ពាក់​ម៉ាស និង​កាន់​ប្រអប់​អំណោយ​ដោយ​ក្ដី​អំណរ​ស្វាគមន៍ តារាចម្រៀង​ស្រី​ជួរមុខ​ទ្រនំ​ហង្សមាស​រូបនេះ​បាន​សរសេរ​ថា៖ «ខ្ញុំ​បាន​មក​ដល់ Boston ថ្ងៃទី ១៦ ខែ​មេសា ឆ្នាំ ២០២១ មាន​ការចាំបាច់​ត្រូវតែ​មក ពេល​រួចរាល់​ការងារ​ប្រចាំ​គ្រួសារ​ហើយ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​យើង​វិញ។ ជិត ១០ ឆ្នាំ​ហើយ​ដែល​មិន​បានមក (អ្វីៗ​ប្រគល់​ឱ្យ​ដំណើរ ខ្ញុំ​អស់​ភារកិច្ច)»។


ក្រៅពី​ប្រកាសថា ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​គឺជា​កិច្ចការ​ចាំបាច់​សម្រាប់​គ្រួសារ តារាចម្រៀង សុគន្ធ និសា ក៏បាន​បញ្ជាក់​ជំហរ​មិន​ចោល​ប្រទេស​កំណើត​ផងដែរ ដោយ​អ្នកនាង​ប្រាប់ថា​នឹង​ត្រឡប់​មកកាន់​កម្ពុជា​វិញ។



ក្រុម​អ្នកគាំទ្រ​របស់​នាង​ក៏បាន​លើកឡើង​ពី​ការស្វាគមន៍​វត្តមាន​អ្នកនាង សុគន្ធ និសា នៅ​ទឹកដី​អាមេរិក តាមរយៈ​ទំព័រ​ហ្វេសប៊ុក Sokun Nisa’s Fan យ៉ាង​ដូច្នេះ​ថា៖ «ទៅដល់​ទាំង​មេឃ​ត្រជាក់​ធ្លាក់​ព្រឹល ជាមួយ​នឹង​ការសូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បងប្អូន​ខ្មែរ​នៅ USA នៅមាន Comment ច្រើនៗទៀត មើល​ក៏​សប្បាយចិត្ត​ជំនួស​បងស្រី និសា។ ជូនពរ​បងស្រី​ឱ្យ​សំណាងល្អ និង​សម្រេច​ការងារ​ដែល​បង​ត្រូវបំពេញ និង​រីករាយ​ពេលវេលា​ជាមួយ​គ្រួសារ​បង»។


ស្រប​នឹង​ការសន្យា​របស់​អ្នកនាង សុគន្ធ និសា ដែល​ថា​នឹង​ត្រឡប់​មកកាន់​ប្រទេស​កំណើត​វិញ​នោះ ក្រុម​អ្នកគាំទ្រ​នាង​ក៏​រំពឹង​ដែរ​ថា៖ «យើង​រង់ចាំ​សរសេរ​ពាក្យ Welcome Back to Cambodia»។

ដំណើរ​ទៅកាន់​ទឹកដី​អាមេរិក​ភ្លាមៗ​របស់​អ្នកនាង សុគន្ធ និសា និង​ស្វាមី ក៏​ត្រូវបាន​មិត្តភក្ដិ​ជិតដិត​រួម​អាជីព​សិល្បៈ និង​រួម​មន្ទីរពេទ្យ​ព្យាបាល​កូវីដ អ្នកនាង ចាន់ កែវនិមល បាន​សរសេរ​សារ​សម្ដែង​ការនឹករឭក និង​ជូនពរ​ផងដែរ​ថា៖ «បែក​គ្នា​មួយរយៈ​សង្ឃឹមថា [និសា] មកវិញ​បាន​សមាជិក​ថ្មី​មកជា​មួយ​ដែរ​ណា​សំណព្វចិត្ត។ មិត្ត​មហា​ចិត្តស្ងប់ និង​ចិត្ត​ត្រជាក់ អនុស្សាវរីយ៍​រាប់មិនអស់ តែ​ខ្ញុំ​លើស​ជាមួយ​បងប្អូន​ក្នុង​គ្រុប​យើង​ត្រង់​ថា ឈឺ​នៅ​ពេទ្យ​ជាមួយគ្នា​ហ្នឹង​ម៉ង។ ជួប​គ្នា​ឆាប់»។

គួរ​បញ្ជាក់ថា តារាចម្រៀង​ស្រី សុគន្ធ និសា បាន​ប្រកាស​វិជ្ជមាន​ជំងឺ​កូវីដ ១៩ កាលពី​ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ ដោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហ្គ្រេដឌុក អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ រហូត​ដល់​ជាសះស្បើយ​នា​ព្រឹក​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១ ដោយ​ត្រូវ​ឃុំខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​ក្នុង​បន្ទប់​តែឯង​ចំនួន ១៤ ថ្ងៃ​បន្ថែម​ទៀត​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត។

តារាចម្រៀង​វ័យ​សាមប្លាយ​អ្នកនាង សុគន្ធ និសា បាន​លាភាព​នៅ​លីវ​កាលពីដើម​ខែធ្នូ ចុងឆ្នាំ ២០១៧ ដោយ​ចូល​រោង​ជ័យ​ជាមួយ​អាណិកជន​អាមេរិក និង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្រុមហ៊ុន​ធនា​រ៉ាប់រង​មួយរូប។ ចំណង​អាពាហ៍ពិពាហ៍​ជិត ៤ ឆ្នាំនេះ ពុំទាន់​ស្វាគមន៍​ដំណក់ឈាម​រួមគ្នា​នៅឡើយ​ទេ៕