ភ្នំពេញៈ ទីបំផុតក្រោយពីផ្ទុះរឿងយ៉ាងក្តៅគគុក ដោយសារមានបុរសម្នាក់ប្រើហិង្សាជះស្រាបៀរទៅលើតារាចម្រៀងស្រីល្បី នៅហង្សមាសកញ្ញា ទេព បូព្រឹក្ស កាលពីយប់ថ្ងៃទី២៥ ខែធ្នូ នៅហាងបៀរហ្គាឌិនឈ្មោះ «សមុទ្រ» នោះ បានបញ្ចប់ត្រឹមសំណងជំងឺចិត្ត ១ ម៉ឺន ដុល្លារ ដោយជនដៃដល់ឈ្មោះ ឆេង រស្មី ព្រមសុំទោសជាសាធារណៈ កាលពីរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ។
បើតាមការ Live វីដេអូតាមគេហទំព័ររបស់នាងផ្ទាល់ អស់រយៈពេលរាប់ម៉ោងនោះ កញ្ញា ទេព បូព្រឹក្ស ក៏បានប្រកាសទទួលយកសំណង ១ ម៉ឺនដុល្លារ ពីជនបង្កហិង្សា និង នៅតែបន្ត ឆន្ទៈ យក ប្រាក់នោះទៅធ្វើ ទង្វើល្អដូចបានសន្យាកាលពីទាមទារដំបូងចំនួន ១០ ម៉ឺនដុល្លារ នោះដដែល។
កញ្ញា ទេព បូព្រឹក្ស ថា៖ «ចំពោះប្រាក់ជំងឺចិត្តនេះ នាងខ្ញុំនឹងប្រើជាមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា និងយកជួយដល់ក្រុមសិល្បករចាស់ៗ ដែលជួបនូវការលំបាកជីវភាពដដែល» ក្រោយពីកិច្ចប្រជុំដោះស្រាយរវាងមេធាវីរបស់កញ្ញា ទេព បូព្រឹក្ស និងមេធាវីខាងជនដៃដល់មកនោះ។
គួរបញ្ជាកថា ករណីកើតហិង្សាជះស្រាបៀរដាក់តារាចម្រៀងស្រីនៅហង្សមាស កញ្ញា ទេព បូព្រឹក្ស បានកើតឡើងនៅយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភោជនីយដ្ឋានឈ្មោះ «សមុទ្រ» ដែលមានអសយដ្ឋាននៅក្បែរមន្ទីរកុមារជាតិ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកវេលាម៉ោង ១០ យប់៕