ក្រុង​លីម៉ា៖ ទេសចរ​ម្នាក់​ ត្រូវ​បាន​កាត់​ទោស ហើយ ៥ នាក់​ទៀត​នឹង​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស ក្រោយ​ពី​រង​នូវ​ការ​ចោទ​បំផ្លាញ​បេតិកភណ្ឌ​វប្បធម៌​ប្រទេស ​ប៉េរូ និង​បន្ទោបង់​នៅ​ប្រាសាទ​ពិសិដ្ឋ​នៅ​វិមាន​និម្មិតរូប Machu Picchu។


មនុស្ស​ ៦ នាក់​ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​ត្រូវ​បាន​រក​ឃើញ​ដោយ​ឆ្មាំ​ឧទ្យាន​ក្នុង​តំបន់​ហាម​ឃាត់​នៃ​ប្រាសាទ​ព្រះអាទិត្យ ជា​ទីឋាន​សក្ការៈ​នៃ​រជ្ជកាល​អ៊ីនកា​។


ពួក​គេ​បាន​ចូល​បរិវេណ​បន្ទាយ​​ពី​ថ្ងៃ​សៅរ៍ និង​លាក់​ខ្លួន​នៅ​ទីនោះ ​១ ​យប់​ ដែល​ជា​ទង្វើ​ត្រូវ​បាន​ហាម​ឃាត់​។


ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា បុរស ៤ នាក់​ និង​ស្ដ្រី ២ នាក់​ បាន​ធ្វើ​ឲ្យ​បែក​ថ្ម​ប្រាសាទ​អាយុ​កាល ៦០០ ឆ្នាំ និង​បាន​បន្ទោបង់​លើ​បរិវេណ​ពិសិដ្ឋ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​តំបន់​គុស្កូ។


ទេសចរ​ទាំង ៦ នាក់ ដែល​មានអាយុ​ចន្លោះ ២០ ទៅ ៣២ ឆ្នាំ។ រូបថត AFP


ណាហូអែល ហ្គូម៉េស ជនជាតិ​អាហ្សង់ទីន ដែល​នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាត់​ទោស​បាន​សារភាព​ថា​ បាន​ប៉ង​បំបែក​ថ្ម​ប្រាសាទ​ដែល​ធ្លាក់​រមៀល​លើ​ដី​ និង​ធ្វើ​ឲ្យ​បែក​បំណែក​តូច​ ក៏​ធ្វើ​ឲ្យ​ប្រេះ​កម្រាល​ផង​ដែរ​។

មេ​ប៉ូលិស​តំបន់ លោក Victor Andres Patino បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស​ទាំង​ ៦ នាក់ ដែល​មាន​អាយុ​ពី ២០ ទៅ ៣២ ឆ្នាំ ត្រូវ​បាន​ចោទ​ពី​បទ​បំផ្លាញ​បេតិកភណ្ឌ​វប្បធម៌​។

លោក ណាហូអែល បន្ដ​នៅ​ឯ​​ Machu Picchu ជា​ទី​ដែល​លោក​ត្រូវ​ឡើង​សវនាការ​នា​រសៀល​ថ្ងៃ​អង្គារ ខណៈ​មនុស្ស​ ៥ នាក់​ទៀត ដែល​ម្នាក់​មក​ពី​​អាហ្សង់ទីន ២ នាក់ ​មក​ពី​ប្រេស៊ីល ម្នាក់​ជា​ជនជាតិ​ឈីលី និង​ម្នាក់​ជា​ស្ដ្រី​​បារាំង​ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​នេះ។

ថ្ម​ប្រាសាទ​អាយុ​កាល ៦០០ ឆ្នាំ ត្រូវបាន​ធ្វើ​ឲ្យ​បែក​ដោយ​អ្នកទេសចរ​។ រូបថត AFP

យុវជន ណាហូអែល អាយុ ២៨ ឆ្នាំ ​អាច​ជាប់​គុក​យ៉ាង​តិច ៤ ឆ្នាំ បើ​គេ​រក​ឃើញ​កំហុស​ចំពោះ​ការ​បំផ្លាញ​បេតិកភណ្ឌ​វប្បធម៌​ប៉េរូ​ មែន​នោះ។ ​

នៅ​ក្នុង​ឆ្នាំ ​២០០០ ថ្ម​នាឡិកា​ព្រះអាទិត្យ (Intihuatana) ត្រូវ​បាន​បំផ្លាញ​អំឡុង​ពេល​ថត​ពាណិជ្ជកម្ម​ស្រាបៀរ​។ ក្នុង​ឆ្នាំ ​២០១៧ ជនជាតិ​អាហ្សង់ទីន​ ៣ នាក់ និង​កូឡុំប៊ី​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​គូរ​រូប​លើ​ជញ្ជាំង​បុរាណ​។ ក្នុង​ឆ្នាំ ​២០០៤ ជនជាតិ​ស៊ីលី ២ នាក់​ បាន​ដេក​គុក ​៦ ខែ​ ពី​បទ​គូរ​រូប​លើ​ជញ្ជាំង​ប្រាសាទ​អ៊ីនកា​។ ពួក​គេ​ត្រូវ​បាន​ដោះលែង​ក្រោយ​ពី​ព្រម​ផ្ដល់​សំណង ១០ ម៉ឺន​ដុល្លារ ​ចំពោះ​ការ​ខូចខាត​។

Machu Picchu ដែល​មាន​ន័យ​ថា «​ភ្នំ​ចាស់​» ស្ថិត​នៅ​លើ​កំពូល​​ភ្នំ​បៃតង​ស្រស់​ និង​ត្រូវ​បាន​កសាង​ឡើង​អំឡុង​អធិរាជ​សម័យ​អ៊ីនកា គឺ​ព្រះ​មហាក្សត្រ​ផាឆាឃ្យូ​ទី (១៤៣៨-១៤៧១)៕ AFP/HR