ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ​ស្រាប់តែ​លេចចេញ​ដំណឹង​បែប​ចចាមអារ៉ាម​លើកឡើង​ថា នាយ ចឺម កំពុង​ត្រៀម​រក​ពេលា ដើម្បី​កំណត់​ចូល​រោងជ័យ​ជាមួយ​គូស្នេហ៍​ថ្មី​គឺ​កញ្ញា គៀត ប៊ែលឡា ហៅ អូនហ្វារ បន្ទាប់ពី​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាង ១ ​ឆ្នាំ​មក​នោះ​។


ប្រភព​ដំណឹង​ដដែល​នោះ​បាន​ឲ្យ​ដឹង​បន្តថា​នឹង​ដឹក​ដៃ​កំពូល​ស្នេហ៍​ជា​ស្រី​ស្អាត​ដែល​មាន​រូប​សម្រស់​ផូរផង់​ជា​តារា​ម៉ូដែល និង​តារាសម្តែង​ស្រី​ឈ្មោះ​ក្រៅ​ហៅ អូនហ្វារ ចូល​រោងការ​ឆាប់ៗ​។ ម្យ៉ាងទៀត​ដោយសារ​តែ នាយ ចឺម ជិត​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អាមេរិក​រយៈពេល​ខ្លី​នា​អំឡុង​ខែ​កញ្ញា​ខាងមុខ និង​ចង់​បន្ថែម​ភាពផ្អែមល្ហែម​មួយ​កម្រិត​ទៀត​ជាមួយ​គូស្នេហ៍​ក្រោយ​នេះ បើ​ទោះបី​ជា​ធ្លាប់​លេចឮ​ថា​អ្នក​ទាំង ២ គឺ​បាន​យល់ចិត្ត​ថ្លើម​ចូល​ធ្លុង​មួយ រស់នៅ​ក្រោម​ដំបូល​តែមួយ​ទៅ​ហើយ​ក្តី​។

តែ​ហាក់​ខុស​ផ្ទុយស្រឡះ​តែម្តង ខណៈ​នាយ ចឺម បាន​បកស្រាយ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​រឿង​ដំណឹង​គេ​ល្បី​ជិត​ចូល​រោងជ័យ​ជាមួយ​គូស្នេហ៍​ថ្មី អូនហ្វារ នោះ​ដែរ​ថា​៖ «​តើ​មាន​ចេញ​ព័ត៌មាន​បែប​នោះ មកពី​ខាង​ណា​ទៅ​!​គឺ​មិន​ពិត​ដូចជា​គេ​ថា នោះ​ឡើយ​ព្រោះ​ថា​ពួកយើង​គឺ​សុទ្ធតែ​នៅ​ក្មេងៗ ហើយ​ខ្ញុំ​ទៀត​សោត​ក៏​ពុំទាន់​បាន​គិតគូរ​រឿង​នោះ​នៅ​ឡើយ ដោយសារ​តែ​ចង់​ប្រើ​ពេល​រកលុយ​សិន​ទាន់​ពេល​ដែល​ខ្លួន​នៅ​មាន​ឱកាស ហើយ​ខ្លួន​ក៏​នៅ​ល្បី​ក្នុង​វិស័យ​សិល្បៈ​នេះ​។ ម្យ៉ាងវិញ​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ​ចំពោះ​រឿង​ស្នេហា​នេះ ក៏​ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ដែរ​ថា វា​នឹង​មាន​អ្វី​កើតឡើង​ថ្ងៃ​ខាងមុខ​»​។


ចំពោះ​ការបង្ហាញ​មុខ​សង្សារ​ថ្មី​របស់ នាយចឺម នាពេល​នេះ​ក្រោយពី​ពេលដែល​នាយ​បាន​របូត​សង្សារ​ជា​ស្រី​ស្អាត​អស់ ២ នាក់​រួច​ទៅ​ហើយ​គឺ​ស្រី​ស្អាត​តារាសម្តែង​កញ្ញា ពុធ ស្រីខួច និង​តារាសម្តែង​កញ្ញា អៀ ម៉េងលិ ហៅ​អូនម៉ីម៉ី ដែល​ពេល​នេះ​អ្នកទាំង​ ២ គឺ​សុទ្ធតែ​រកបាន​សង្សារ​ថ្មី​ចោល នាយ ចឺម អស់​ទៅ​ហើយ​ដែរ ខណៈ​កញ្ញា គៀត ប៊ែលឡា ហៅ​អូនហ្វារ គឺជា​គូស្នេហ៍​ទី​ ៣ របស់ នាយ ចឺម ដែល​មាន​រូប​សម្ផស្ស​មិន​ចាញ់​ទៅ​នឹង​អតីត​គូស្នេហ៍​ទី​ ១ និង​ទី​ ២ របស់​នាយ​ឡើយ​។


តារាចម្រៀង​រលក​ក្រោយ​ដែល​ផុស​ភាពល្បី​ចេញពី​ខាង​វិស័យ​កំប្លែង នាយ ចឺម បាន​ហក់​ឡើង​ខ្លាំង និង​បាន​កសាង​ភាព​ល្បី​នៅ​លើ​អាជីព​ថ្មី ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ​ក្រោយ​បាន​លាឈប់​ពី​ក្រុម​កំប្លែង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ស៊ីធីអិន បច្ចុប្បន្ន​មាន​វ័យ ២៥ ឆ្នាំ​មាន​ស្រុកកំណើត​នៅឯ​ខេត្ត​កំពង់ស្ពឺ​គឺជា​ក្មួយប្រុស​បង្កើត​តារាកំប្លែង​ដ៏ល្បី​នាយ ក្រូច នោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ត​ថា​៖ «​ពេលនេះ ខ្ញុំ​មាន​តែ​ការផ្តោត​សំខាន់​ទៅលើ​ការងារ​សិល្បៈ​ដើម្បី​រកប្រាក់​ឲ្យ​ច្រើន​សិន ជាពិសេស​ចង់​បំពេញ​កាតព្វកិច្ច​ជា​កូន​ល្អ​មួយរូប​ចំពោះ​ឪពុកម្តាយ​ខ្ញុំ​សិន ហើយ​បញ្ហា​ទំនាក់ទំនង​ស្នេហា​ក៏នៅ​តែ​មាន​ធម្មតា​ជាមួយ​នឹង អូនហ្វារ​»​។


គួរ​បញ្ជាក់​ថា នាយ ចឺម ដែល​មាន​ឈ្មោះ​ពិត​ថា សុខ មេសា ជា​តារាចម្រៀង​របស់​សាន់ដេ ដែល​កំពុងតែ​ល្បី និង​ស្រូប​ប្រជាប្រិយភាព​ពី​យុវវ័យ​ខ្លាំង ក្រោយពី​អតីត​តារាចម្រៀង​លំដាប់​កំពូល​លោក ខេមរៈ សេរីមន្ត បាន​ចេញ​ទៅ​ជ្រក​ផលិតកម្ម​ថ្មី​ហង្សមាស មក​៕