ក្រុងដតម៉ាន់៖ នាពេលព្រឹកព្រលឹមមានក្រុមហាត់យោគៈ នៅពេលយប់ មានភីហ្សាចម្អិនខ្លួនឯង ហើយនរណាក៏មានប្រដាប់អនាម័យប្រើដែរ។
ចំពោះនិស្សិតអាល្លឺម៉ង់ ៦ នាក់ ដែលរស់នៅក្នុងផ្ទះល្វែងមួយ បម្រាមធ្វើដំណើរចំពោះកង្វល់ជំងឺកូវីដ ១៩ មានគុណសម្បត្ដិរបស់វា។
ដោយសាលាត្រូវបិទទ្វារ ហើយផ្ដាច់ទំនាក់ទំនងសង្គម យុវតី ៤ រូប និងយុវជន ២ រូប ដែលរួមរស់ក្នុងផ្ទះល្វែងរួមគ្រែ ៣ ស្រាប់តែរីករាយនឹងពេលវេលាដ៏មានន័យនេះ ខណៈពួកគេត្រូវចូលរួមស្នាក់នៅតែក្នុងផ្ទះជាមួយពលរដ្ឋអាល្លឺម៉ង់រាប់លាននាក់ទៀត។
និស្សិតព័ត៌មានវិទ្យា អាយុ ២២ ឆ្នាំ ឈ្មោះ ធីឡូ បាននិយាយថា៖ «ខ្ញុំរីករាយណាស់ ដែលខ្ញុំរស់នៅមិនឯកានាពេលនេះ ដោយសារអត់បានចេញទៅណាទាំងអស់»។
រីឯមិត្ដស្រី មានវ័យ ២១ ឆ្នាំ ឡាណា បានឯកភាពថា៖ «នៅតែមានកិច្ចការត្រូវធ្វើច្រើននៅទីនេះ»។
កាលពីថ្ងៃសុក្រ ក្រុមយុវវ័យទាំងនេះ បានជួបជុំគ្នានៅផ្ទះបាយដោយជួយគ្នាធ្វើភីហ្សា។
ក្រោយមក ពួកគេមើលភាពយន្ដ ដែលបញ្ចាំងទៅលើជញ្ជាំងផ្ទះ។ ខណៈសកលវិទ្យាល័យជាច្រើនទៀតបានពន្យារពេលចូលកង និស្សិតរួមផ្ទះអាចចំណាយពេលច្រើនបង្កើនសមត្ថភាពលេងវីដេអូហ្គេម «Mario Kart»។
ហ្គេមផ្គុំរូបធំៗ និងហ្គេមបតក៏បានជួយផ្ដល់ការកម្សាន្ដឲ្យពួកគេជាច្រើនម៉ោងផងដែរ។
នៅពេល សេលីន ត្រូវការកាត់តម្រឹមសក់ មិត្តរបស់នាងឈ្មោះ រ៉ៃ អាចជួយនាងបានបន្ដិចបន្ដួច ដោយប្រែក្លាយផ្ទះបាយទៅជាសាឡនក្នុងមួយប៉ប្រិចភ្នែក។
ខុសប្លែកពីមិនទាន់មានផ្ទុះជំងឺ ដែលសម្លាញ់ម្នាក់ៗកម្រជួបមុខគ្នា ហើយត្រូវដាក់វេនគ្នាធ្វើកិច្ចការផ្ទះ សព្វថ្ងៃសមាជិកម្នាក់ៗជុំគ្នារៀបចំអាហារ និងលាងចាន។
ធីឡូ និយាយថា៖ «ឥឡូវស្រួលណាស់ យើងចង់ប្រាប់រឿងអ្វីដល់គ្នា ឬចង់ឲ្យអ្នកណាជួយយើង យើងអាចនិយាយភ្លាមៗ ដោយមិនចាំបាច់ផ្ញើសារ ឬធ្វើតារាវិន័យអីទេ»។
ដោយនៅតែចង់រក្សាសុខភាពរាងកាយតាមរយៈការហាត់ប្រាណប្រចាំ ក្រុមយុវវ័យទាំងនេះនាំគ្នាហាត់យោគៈនាពេលព្រឹក ដោយតម្រៀបគ្នានៅបន្ទប់ទទួលភ្ញៀវ។
ធីឡូ បាននិយាយថា៖ «នៅមានសកម្មភាពថ្មីៗជាច្រើនទៀតចំពោះពួកយើង»។
ក្រោយរយៈពេលជាង ៣ ឆ្នាំ ក្នុងផ្ទះល្វែងតែមួយ ធីឡូ បាននិយាយថា លោកបានស្គាល់មិត្ដភ័ក្ដិយ៉ាងជិតស្និទ្ធ។
ប៉ុន្តែទម្លាប់ដេកពួនរឹតតែស្ដែងច្បាស់ នៅពេលដែលពួកគេអត់ចេញក្រៅទាល់តែសោះ ដោយអ្នកខ្លះនៅតែគេងទ្រមក់ ទោះអត់ជប់លៀងដាច់យប់ ហើយអ្នកខ្លះទៀតថ្ងៃរះមិនទាន់ក៏ក្រោកពីដំណេក។
លោកនិយាយទាំងអស់សំណើចថា៖ «ពួកយើងមានក្រុមចាបឧស្សាហ៍ និងក្រុមទីទុយ។ ពេលខ្លះខ្ញុំក្រោកពីគេង ៣ ម៉ោង ហើយ ក្រុមទីទុយពួកម៉ាកខ្ញុំនៅតែសំងំស្រមុកលើគ្រែនៅឡើយ»។
ខណៈពលរដ្ឋនៅប្រទេស អាល្លឺម៉ង់ បន្ដទិញក្រដាសអនាម័យស្ដុកទុក អ្នករស់នៅរួមផ្ទះក្នុងទីក្រុងដតម៉ាន់ មានអាទិភាពខុសៗគ្នា។
លោក ធីឡូ បានបន្ដទៀតថា៖ «យើងមិនសូវបារម្ភអំពីក្រដាសអនាម័យនោះទេ យើងប្រហែលជាមានប្រើគ្រប់គ្រាន់ហើយ។ ប៉ុន្ដែយើងមានមិត្ដភ័ក្ដិផ្ទះម្នាក់ ដែលចូលចិត្ដញ៉ាំប៉ាស្ដា។ ដូច្នេះយើងក៏ប្រញាប់ទៅទិញប៉ុន្មានកញ្ចប់ទុកញ៉ាំទៅរួចហើយ»៕ AFP/HR