ភ្នំពេញៈ ខណៈភាពយន្តភាគរឿង «មុខកាំបិតមុខស្នេហ៍» ចាក់បញ្ចាំងចប់លើកញ្ចក់ទូរទស្សន៍បាយ័ននាពេលថ្មីៗនេះ មិនត្រឹមតែមានផ្ទុះនូវការគាំទ្រនៃការសម្តែងរបស់តារាស្រីទឹកភ្នែកកញ្ញា នី មុនីនាថ ប៉ុណ្ណោះទេថែមទាំងមានការងឿងឆ្ងល់ពីភាពប្រែប្រួលនៃរូបសម្ផស្សរបស់នាងទៀតផង។
ស្របពេលកុនរឿង «មុខកាំបិតមុខស្នេហ៍» បានឆ្លុះបញ្ចាំងអំពីជីវិតរស់នៅរបស់យុវវ័យនាសម័យពេលបច្ចុប្បន្នដែលមានទំនោរងាកទៅរកភាពស៊ីវិល័យ ជាពិសេសទៅលើរបៀបនៃការថែរក្សាសម្រស់ឲ្យស្អាតផូរផង់តាមរយៈរូបភាពប្លែកៗមានប្រើម្សៅលាប និងការកែសម្ផស្សដោយការវះកាត់ផងដែរឲ្យទាន់សម័យនោះក៏ជាដើមចមនៃការលើកមកនិយាយបែបឆ្ងល់ទៅលើរូបសម្ផស្សប្លែករបស់កញ្ញា នី មុនីនាថ មួយរំពេចថា៖ «តើកញ្ញា នី មុនីនាថ បានទៅកែសម្ផស្សដើម្បីឲ្យស្របតាមសាច់រឿងដែរទេដឹងបានជាសង្កេតឃើញនាងខុសប្លែកពីមុននោះទាំងរាងស្គម ទាំងសម្បុរសទៀតផងហ្ន?»។
តារាសម្តែងស្រីដែលទទួលបានរហស្សនាមពីទស្សនិកជនខ្មែរថាគឺជាតារាស្រីទឹកភ្នែក កញ្ញា នី មុនីនាថ ក៏បង្ហើបឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «តាមពិតទៅ ភាពប្រែប្រួលមួយចំនួននៃរូបរាងកាយរបស់ខ្ញុំតាមរយៈការថតរឿងភាគដែលទើបចាក់បញ្ចាំងចប់នៅទូរទស្សន៍បាយ័ននោះគឺមានមែន តែមិនមែនខ្ញុំទៅកែសម្ផស្សនោះទេ។ ចំពោះរូបរាងស្គមដោយសារតែមុនពេលថត អ្នកដឹកនាំសុំឲ្យនាងខ្ញុំសម្រកទម្ងន់បន្តិច ហើយកាត់សក់សេះដើម្បីឲ្យមានភាពសមសួនទៅនឹងតួអង្គនៃរឿងមុខកាំបិតមុខស្នេហ៍នោះ។ ដូច្នេះហើយបានជារូបរាងនាងខ្ញុំឃើញខុសប្លែកជាងមុន»។
ចំពោះសម្បុរសដែលមានខុសប្លែកពីមុនដែរនោះក៏ត្រូវបានកញ្ញា នី មុនីនាថ ព្រលយថា៖ «រឿងសម្បុរសនោះគឺមកពីនាងខ្ញុំមួយរយៈចុងក្រោយនេះបានប្រើប្រាស់នូវផលិតផលរក្សាសម្រស់ប្រភេទខូឡេជិន និងដាក់ស៊ីរ៉ូមប្រើថ្នាំជួយឲ្យសាច់ស ដោយមិនបាច់ប្រើម្សៅលាប ឬកែសម្ផស្សនោះទេ ហើយការរក្សាសម្ផស្សឲ្យស្អាតនេះគឺចាប់ពេលដែលនាងខ្ញុំកើតមានរឿងមក [រឿងគូដណ្តឹងឆ្លងទ្វីបជាមួយនឹងលោក អ៊ឹង សូឡា] មកនោះ»។
គួររំឭកថារឿងនោះគឺជាបណ្តឹងទារប្រាក់សំណងជាង ១០ ម៉ឺនដុល្លារដែលបុរសជាអតីតគូដណ្តឹងឆ្លងទ្វីបលោក អ៊ឹង សូឡា របស់តារាសម្តែងស្រីល្បីខាងតួសម្រក់ទឹកភ្នែកកញ្ញា នី មុនីនាថ កាលពីឆ្នាំកន្លងមក។
តែនាពេលថ្មីៗនេះ កញ្ញា នី មុនីនាថ បានបង្ហោះសារប្រកាសផ្សព្វផ្សាយពុះដីឡូត៍លក់ដែលមានបញ្ជាក់ពីទីតាំងស្ថិតនៅចម្ងាយផ្លូវប្រមាណ ១៧ គីឡូម៉ែត្រតាមផ្លូវជាតិលេខ ៣ នោះក៏បង្កើតជាចម្ងល់ដល់មហាជនភ្លាមៗ និងបានចោទសួរដេញដោលគ្នាយ៉ាងក្តៅគគុកភ្ជាប់ទៅនឹងរឿងបណ្តឹងដែរ៕