ក្រុង​ប៉ារីស៖ នៅ​ជុំវិញ​ពិភព​លោក ប្រទេស​ខ្លះ​ដាក់​បម្រាម​គ្រឿង​ស្រវឹង ហើយ​ខ្លះ​ទៀត​ទទួល​ស្គាល់​ពី​ភាព​ចាំបាច់​នៃ​ស្រា និង​ស្រាបៀរ ដោយ​សូម្បី​តែ​មន្ត្រី​ថ្នាក់​កំពូល​ម្នាក់​បាន​ស្នើ​​ថា ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​បន្តិច​​អាច​ស្ដារ​អារម្មណ៍​ធុញ​ថប់​​ព្រោះ​តែ​សម្ងំ​នៅ​ផ្ទះ​យូរ​។


ពេល​ការ​រីក​រាលដាល​ជា​សកល មតិ​​​ខុសៗ​គ្នា​ពី​ការ​ផឹក​គ្រឿង​ស្រវឹង​ខុស​គ្នា​ពី​ប្រទេស ​១ ​ទៅ​ប្រទេស ​១ ដោយ​ផ្តោត​លើ​កត្តា​សុខភាព សេដ្ឋកិច្ច និង​សុវត្ថិភាព​អ្នក​បម្រើការ។


តើ​ត្រឹមតែ​ស្រា ​១ ​កែវ ដើម្បី​កាត់​ស្ត្រេស​ព្រោះ​តែ​ឃុំ​ខ្លួន​ឯង​ក្នុង​ផ្ទះ​​ជា​ច្រើន​ថ្ងៃ​នោះ ជា​រឿង​គួរ​ ឬ​មិន​គួរ?


ខណៈ​នៅ​អាហ្វ្រិក​ខាង​ត្បូង ប៉ូលិស​បាន​បង្ខំ​​បិទ​ហាង​លក់​គ្រឿង​ស្រវឹង​។


បើ​អាមេរិក​បិទ​ហាង​លក់​គ្រឿង​ស្រវឹង នឹង​ខាត​បង់​ ២៨៨ ដុល្លារ​ពីពលរដ្ឋម្នាក់។ AFP


ផ្ទុយ​ទៅ​វិញ នៅ​អាមេរិក​ខាង​ជើង និង​អឺរ៉ុប ហាង​លក់​គ្រឿង​ស្រវឹង​នៅ​តែ​បន្ត​បើក ​​និង​មមាញឹក​ទទួល​អតិថិជន ដូច​ទៅ​នឹង​ផ្សារ​ទំនើប និង​ឱសថស្ថាន​ ដែល​​​ចាត់​ទុក​ជា​ទំនិញ​ចាំបាច់​ដែរ។

ថ្នាក់​ដឹកនាំ​ខេត្ត​កេប៊ិច ​កាណាដា Francois Legault ​​និយាយ​ថា​៖ «ដើម្បី​កាត់​បន្ថយ​ស្ត្រេស អ្នក​អាច​ហាត់​ប្រាណ ឬ​ដើរ​ចុះ​ឡើង តែ​ជួន​កាល ក្រេប​ស្រា ​១ ​​កែវ ក៏​វា​ជួយ​បន្ធូរ​អារម្មណ៍​ខ្លះ​ដែរ»។

សំណើ​ឲ្យ​នៅ​ផ្ទះ​ចៀសវាង​ការ​ដើរ​ហើរ​​​​ធ្វើ​ឲ្យ​ពលរដ្ឋ​កាណាដា​យល់​ថា ថ្ងៃ​ណា​ក៏​ដូច​​ថ្ងៃ​ចុង​សប្ដាហ៍​ដែរ។

លទ្ធផល​តម្រូវការ​ស្រា និង​ស្រាបៀរ​​​​កើន​ឡើង ជា​ពិសេស​ការ​ជាវ​អនឡាញ ដែល​​​ស្មើ​នឹង​ការ​សម្រុក​ទិញ​​នា​​​រដូវកាល​​បុណ្យ​គ្រិស្តស្មាស់​ដែរ។

នៅ​ទូទាំង​ប្រទេស ​បើហាង​លក់​គ្រឿង​​ស្រវឹង​​បិទ​ទ្វារ រដ្ឋាភិបាល​​បាត់បង់​ចំណូល​ប្រមាណ​ជា ២៨៨ ដុល្លារ​​អាមេរិក​ ​សម្រាប់​ពលរដ្ឋ​ម្នាក់។

កាណាដា និង​អាមេរិក​លើកទឹកចិត្ដ​ពលរដ្ឋ​ក្រេប​សុរា​តិច​តួច​​បំបាត់​ស្ដ្រេស ខណៈ​អា​្រហ្វិក​ខាង​ត្បូង និង​ក្រុងហុងកុង​ហាមលក់។ AFP

នៅ​​រដ្ឋ​ញូវយ៉ក ដែល​មាន​ករណី​ឆ្លង​វីរុស​កូរ៉ណា​ដ៏​ច្រើន​នោះ តម្រូវ​ការ​ស្រា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ដោយ​ធីប​ចោល​​ហេតុផល​ផឹក​ជ្រុល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នោះ អ្នក​ជំនាញ​​ផ្នែក​សុខភាព​សម្គាល់​ថា អ្នក​​​​ញៀន​ស្រា​​អាច​ប្រឈម​ផល​ប៉ះពាល់​ខ្លាំង ​​បើ​មាន​ការ​កាត់​ផ្ដាច់​​គ្រឿង​ស្រវឹង​ភ្លាមៗ រួម​មាន​បញ្ហា​គេង​មិន​លក់ ធីងធោង កន្ត្រាក់​ និង​ឈឺ​សាច់ដុំ​ជាដើម។

អ្នក​ជំនាញ Anne-Elizabeth Lapointe នាយិកា​មជ្ឈមណ្ឌល​ការពារ​សារធាតុ​ញៀន​នៅ​ម៉ុងរេអាល់ ​​ថា៖ «​​បើ​មនុស្ស​ត្រូវ​នៅ​​​ផ្ទះ​​ជាប់​​ទៀត​​នោះ​ វា​រឹត​តែ​បង្ក​បញ្ហា​​​ធ្ងន់ធ្ងរ ប្រសិន​បើ​បង្អត់​​ពួក​គេ​ពី​​ទម្លាប់​ផឹក​ស្រា»។

ប្រធានាធិបតី​បេឡារុស Alexander Lukashenko ក៏​​ណែនាំ​ឲ្យ​ពលរដ្ឋ​ក្រេប​ស្រាវ៉ុដកា ​១ កែវ​ ​ក្រោយ​​ចេញ​ពី​សោណា​ទៀត​ផង។

នៅ​​ហុងកុង លោកស្រី Carrie Lam បាន​ហាម​ភោជនីយដ្ឋាន និង​បារ៍​ពី​ការ​​លក់​គ្រឿង​ស្រវឹង ក្រែង​ធ្វើ​ឲ្យ​​បាត់​បង់​ការ​រក្សា​គម្លាត​សុវត្ថិភាព​​​៕ AFP