ក្រុង​ស៊ីដនី៖ អ្នក​ស្រាវជ្រាវ​តារាសាស្រ្ត​ម្នាក់ ដែល​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​នៅ​តែ​ក្នុង​ផ្ទះ បាន​សាកល្បង​​ច្នៃ​គ្រឿង​ពាក់​​ការពារ​កុំ​ឲ្យ​រមាស់​ដៃ​ប៉ះ​មុខ​មាត់​នាំ​ឆ្លង​មេរោគ។ តែ​ចៃ​ដន្យ​អាក្រក់ កំហុស​បច្ចេកទេស​បាន​ធ្វើ​ឲ្យ​លោក​​​​ជាប់​មេ​ដែក​ឆក់​​ក្នុង​រន្ធ​ច្រមុះ​។ ​


លោក ដានីញែល រៀរដិន ជា​និស្សិត​កំពុង​សិក្សា​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Swinburne ឯ​ទីក្រុង​មែលប៊ន បាន​ព្យាយាម​ច្នៃ​ធ្វើ​ខ្សែ​ក​បំពាក់​មេដែក​ឆក់ ​ដែល​នឹង​បញ្ចេញ​សញ្ញា​ក្រើន​រំឭក​អ្នក​ពាក់ ប្រសិន​បើ​ពួក​គេ​យក​ដៃ​ដាក់​ជិត​ផ្ទៃ​មុខ​​។​


អ្នក​ជំនាញ​​តារា​សាស្ត្រ​រូប​នេះ បាន​ប្រាប់​ ABC ថា ក្រោយ​ពី​​សាកល្បង​​លើក​ដំបូង​បរាជ័យ លោក​​អង្គុយ​លើ​សាឡុង ហើយ​ជក់​ដៃ​កាត់​មេដែក​ជា​បំណែកៗ​រហូត​ដល់​ភ្លេច​ខ្លួន។


លោក​បាន​រៀប​រាប់​ថា៖ «ដំបូង​ខ្ញុំ​កាត់​​តម្រូវ​​សម្រាប់​ពាក់​ត្រចៀក រួច​បំណែក​ផ្សេង​ទៀត​តម្រូវ​រន្ធ​ច្រមុះ»។


លោក​បន្ត​ទៀត​ថា៖ «នៅ​ទីបំផុត ខ្ញុំ​មាន​​មេដែក ​១ គូ​នៅ​ក្នុង​រន្ធ​ច្រមុះ​ទាំង ​២ របស់​ខ្ញុំ ហើយ​វា​ឆក់​ជាប់​គ្នា កៀប​សាច់​​រន្ធ​ច្រមុះ​ខ្ញុំ​ទាំង ​២»។


លោក រៀរដិន បាន​ចំណាយ​ពេល​ជាង ​១ ម៉ោង​ ដើម្បី​យក​មេ​ដែក​ចេញ មុន​ពេល​ដែល​សង្សារ​របស់​លោក ជា​អ្នក​ជំនាញ​ផ្នែក​វិទ្យុ​សាស្ត្រ នៅ​មន្ទីរ​ពេទ្យ​ក្រុង​មែលប៊ន បាន​ជំរុញ​ឲ្យ​លោក​ប្រញាប់​ទៅ​ពេទ្យ។

ថ្លែង​ទាំង​គួរ​ឲ្យ​អស់​សំណើច លោក​បាន​អះអាង​ថា ច្រមុះ​លោក​មិន​មាន​របួស​​​ធ្ងន់ធ្ងរ​នោះ​ទេ តែ​​លោក​​​​​លែង​ហ៊ាន​លេង​​​​មេ​ដែក​ឆក់​ទៀត​ហើយ​។

យ៉ាង​ណា​ក្ដី​​ លោក​មិន​បោះបង់​ចោល​គំនិត​បង្កើត​ឧបករណ៍​ការពារ​មេរោគ​ឆ្លង​នោះ​ទេ។

ស្រប​នឹង​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជា​ច្រើន​ដែល​ថា ជំងឺ​កូវីដ ១៩ ឆ្លង​ដោយសារ​ការ​ប្រើ​ដៃ​មិន​ស្អាត​ប៉ះពាល់​​មុខ លោក រៀរដិន បញ្ជាក់​ថា៖ «គំនិត​ខ្ញុំ​ពី​មុន​នៅ​តែ​ល្អ​ គ្រាន់​តែ​ខ្ញុំ​ត្រូវ​រក​វិធី​​​ត្រឹមត្រូវ​ជាង​នេះ​»៕ AFP