កាហ្សា ប៉ាលេស្ទីន៖ ឃើញពិភពលោកកំពុងតែព្យាយាមលើកកម្ពស់ការយល់ដឹងពីវិរុសកូរ៉ូណា និងឲ្យមនុស្សនៅផ្ទះរក្សាសុខភាព អ្នកជំនាញដុតនំជាតិប៉ាឡេស្ទីន លោក Eyad Abu Rezqa នឹកឃើញគំនិតថ្មីតម្រូវតាមនិន្នាការសកល។
ប្រធានផ្នែកដុតនំនៅហាង Al-Nada តំបន់ Khan Yunis ភាគខាងត្បូងកាហ្សា រចនានំរូបនារីពាក់ម៉ាស់ខៀវ បំណងក្រើនរំឭកពលរដ្ឋពីសារៈសំខាន់នៃការរក្សាគម្លាតសង្គម។
រូបថតនំខេកដែលត្រូវបានលោកបង្ហោះលើកដំបូង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មនុស្សជាច្រើនធ្វើការកុម្ម៉ង់ទិញនំខេកកូរ៉ូណា ទោះតំបន់នៅប៉ាឡេស្ទីននេះសម្បូរប្រជាជនរស់ក្នុងភាពក្រីក្រ។
លោកថា៖ «និយាយឲ្យត្រង់ទៅ នំខេកកូរ៉ូណាមានគេចាប់អារម្មណ៍ច្រើន។ អតិថិជនលាន់មាត់ថា គាត់ចង់បាននំនេះ»។
លោកថា៖ «រាល់ថ្ងៃ តម្រូវការភ្ញៀវទិញនំខេកនារីពាក់ម៉ាស់ កាន់តែកើនឡើង»។
អ្នកជំនាញដុតនំ លោក Eyad Abu Rezqa បញ្ជាក់ថា លោកមិនមែនចង់មើលស្រាលជំងឺឆ្លង ដែលបានឆក់យកជីវិតមនុស្សជាង ៦ ម៉ឺននាក់ទូទាំងពិភពលោកនោះទេ។ លោកព្យាយាមលើកកម្ពស់ការយល់ដឹងពីជំងឺឆ្លង និងធ្វើឲ្យប្រជាជនមានអារម្មណ៍ស្រស់ស្រាយនឹងអាហារផ្អែម។
គិតត្រឹមចុងសប្ដាហ៍ កាហ្សា មានករណីជំងឺកូវីដ ១៩ ចំនួន ១២ នាក់។
លោក Abu Rezqa បញ្ជាក់ថា៖ «បុគ្គលិកធ្វើនំតម្រូវឲ្យពាក់ស្រោមដៃ ម៉ាស់ និងសម្លៀកបំពាក់ការពារ»៕ AFP