ភ្នំពេញ៖​ ទោះបី​ជា​មិន​ទទួល​បាន​ជោគជ័យ​ នា​​ពេល​ប្រកួត​ប្រជែង​កម្មវិធី​​ចម្រៀង​លំដាប់​ពិភព​​​លោក​ដូចជា​ The Voice Cambodia​ និង​ Cambodian Idol ដើម្បី​បំពេញ​ក្តី​​​​សុបិន​​នៅ​​លើ​វិថី​​សិល្បៈ​​​​ចម្រៀង​​មែន​​​ក្តី​ តែ​​ពេល​នេះ ស្រី​ស្រស់ ថុល ស្រីល័ក្ខណ៍ ​កំពុង​តែ​ទាញ​បាន​ប្រជាប្រិយភាព​ខ្លាំង​ពី​មហាជន​​ ក្រោយ​ពី​បាន​​​ក្លាយ​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​​ថ្មី​សន្លាង ​Davitra Media ជា​ពិសេស តាមរយៈ​បទ​​មាន​ចំណង​ជើង​ថា​​ «ផ្ញើ​លុយ​​ចង​ដៃ ៨២ ០០០៛»។​


តារា​​​ចម្រៀង​ស្រី​ ទើប​មាន​វ័យ ​២១ ឆ្នាំ ដែល​​អតីត​ជា​បេក្ខនារី​ធ្លាប់​ចូល​រួម​ប្រឡង​ប្រជែង​កម្មវិធី The Voice Cambodia រដូវកាល​ទី​២ នៅ​ក្នុង​​ឆ្នាំ ​២០១៦ កញ្ញា ថុល ស្រីល័ក្ខណ៍ បាន​បង្ហើប​​ពី​ការ​ចាប់​ផ្តើម​អាជីព​ជា​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថ្មី​ Davitra Media ​​កើត​នៅ​ឆ្នាំ ​២០២០ នេះ​ថា៖ «នាង​ខ្ញុំ​បាន​ចូលរួម​ជាមួយ​ផលិតកម្ម Davitra Media ថ្មីៗ​នេះ​ទេ​។ មក​ទល់​នឹង​ពេល​នេះ ​គឺ​បាន​ប្រហែល​ជា​ជាង ៣ ខែ ​ដោយ​​នាង​ខ្ញុំ​មាន​ចម្រៀង​​ចំនួន​​​ជាង ១០ បទ ហើយ​​សុទ្ធ​ជា​បទ​ប្រភេទ​ Original Song។ ​ចំពោះ​​បទ​​ជា​ចំណង់​ចំណូល​ចិត្ត​នាង​ខ្ញុំ គឺ​បែប​សង់ទីម៉ង់ ដោយសារ​នាង​ខ្ញុំ​ចូលចិត្ត​ដាក់​​​មនោសញ្ចេតនា​ទៅ​តាម​ទឹកដៃ​​និពន្ធ​របស់​បងៗ​ អ្នក​តែង​និពន្ធ​​បទ​ចម្រៀង។ ​តែ​នេះ​មិនមែន​​មាន​ន័យ​ថា ​នាង​​ខ្ញុំ​​មិនចូល​​​​ចិត្ត​​ច្រៀង​បទ​ញាក់​កន្រ្តាក់​អារម្មណ៍​នោះ​ទេ​បង​ ខ្ញុំ​ក៏​បាន​ច្រៀង​​បទ​ញាក់​មួយ​ចំនួន​ផង​ដែរ»។​


តារា​ចម្រៀងស្រី​កំពុង​ល្បី​នៅ​ផលិត​កម្ម Davitra Media កញ្ញា ថុល ស្រល័ក្ខណ៍។ រូបថត សហ​ការី


ស្រីស្រស់​ ថុល ស្រីល័ក្ខណ៍ ដែល​ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី​ Cambodian Idol រដូវ​កាល​ទី​២ ផង​ដែរ​​នោះ ​បាន​​​បន្ត​ឱ្យ​ដឹង​ថា​​៖ «នាង​ខ្ញុំ​បាន​ចូល​​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​​ខ្ញុំ​ភាគ​ច្រើន​​ច្រៀង​តាម​កម្មវិធី​អាហ្វែរ​​ផ្សេងៗ និង​ថត​ឱ្យ​ផលិតកម្ម​​នានា​​តាម YouTube។​ ជាមួយ​​​គ្នា​នេះ​​ដែរ ​នាង​ខ្ញុំ​ក៏​ធ្លាប់​ចូល​រួម​​ប្រឡង​ចម្រៀង​​​​​កម្មវិធី​ល្បីៗ​ ​​​ដូចជា ​The Voice Cambodia 2 កម្មវិធី Cambodian Idol 2 និង​កម្មវិធី​​ថ្នាក់​ជាតិ​មួយ​​នៅ​​​ប៉ុស្តិ៍ ​MYTV ​ទទួល​បាន​​ជយលាភី​លេខ ២ ទៀត​ផង​»។


អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ ជាមួយ​បទ​​ចម្រៀង​​ដែល​មាន​ចំណង​ថា «ផ្ញើ​​​​​​លុយ​​ចង​ដៃ ៨២ ០០០៛» របស់​កញ្ញា ថុល ស្រីល័ក្ខណ៍ ដែល​បាន​​ចេញ MV នៅ​​ក្នុង​ផលិតកម្ម​ Davitra Media​ ក៏​កំពុង​តែ​មាន​ភាព​លេចធ្លោ​ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​តាម​បណ្តាញ​សង្គម​​នានា​ដូចជា Facebook,YouTube និង ​TikTok ជាដើម​។


ស្រីស្អាត​ ថុល ស្រីល័ក្ខណ៍ ក៏​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​​​ខ្លួន​ថា៖ «​នាង​ខ្ញុំ​បាន​តាមដាន​ដែរ​​ថា​បទ «ផ្ញើ​លុយ​ចងដៃ ៨២ ០០០៛» របស់​នាង​​​ខ្ញុំ​គ្រាន់​តែ​​​ចេញ​ជាង​ ១ សប្តាហ៍ គឺ​មាន​បងប្អូន​គាំទ្រ​ទស្សនា​ច្រើន និង​មាន​បងប្អូន​យើង​​មួយ​ចំនួន​បាន​​យក​បទ​នាង​ខ្ញុំ​ទៅ​បង្ហោះ និង​​ថត​ដើរ​តួ​​លើ​បណ្តាញ​សង្គម​ ជាពិសេស Facebook និង​តាម​អាខោន​ TikTok​ ពួក​គាត់»៕​