មណ្ឌលគិរីៈ ជា​ម្ចាស់​ដីចម្ការ​នៅ​តំបន់​ដីក្រហម​ស្ថិត​នៅ​ភូមិ​ទួល ឃុំ​អរបួនលើ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​លោក មួយ រ៉ាដូ បាន​ដាំ​ដំណាំ បន្លែ​សុវត្ថិភាព និង​ផ្លៃឈើ​ជាច្រើន​ប្រភេទ​ដូចជា​៖ ឪឡឹក​សាច់​ពណ៌​លឿង ស្រកានាគ​ពណ៌​ស្វាយ ទំពាំង​បារាំង ប៉េងប៉ោះ ម្ទេសហាវៃ ការ៉ុត ដំឡូងបារាំង និង​ផ្លែប៊័រ​។​ល​។ ដែល​ទទួល​បាន​ទិន្នផល​ល្អ​រួមផ្សំ​នឹង​ការដាំដុះ​ទៅ​តាម​បច្ចេកទេស​។


ទន្ទឹម​នឹង​នេះ​ផ្លែឈើ​មួយ​ប្រភេទ​របស់​កសិករ​វ័យ ៤២ ​រូប​នេះ​ ​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​គឺ​ផ្លែ​ឪឡឹក​សាច់​ពណ៌​លឿង​ស្រស់​ឆើត​តែម្ដង​។


លោក មួយ រ៉ាដូ បាន​ប្រាប់​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «​គេ​សរសើរ​ថា ឪឡឹក​សាច់​លឿង​ហ្នឹង ផ្អែម​ឆ្ងាញ់ គេ​ចូលចិត្ត ហើយ​ការដាំ​ធ្វើឲ្យ​ឆ្ងាញ់​អ៊ីចឹង ខ្ញុំ​មើល​លើ​ ៣ ​ចំណុច ជី ទឹក និង​ពូជ ហើយ​ឥឡូវ​ខ្ញុំ​ដាំ​ផ្គត់ផ្គង់​ទីផ្សារ​អត់​ទាន់​មាន​គេ​ចាំ​ទិញ​ច្រើន​»​។


ផ្លែ​ឪឡឹក​សាច់​លឿង​មាន​តម្លៃ ៥ ​ពាន់​រៀល​ក្នុង​ ១ ​គីឡូក្រាម​។ រូបថត ហ្វេសប៊ុក


ទន្ទឹម​នឹង​នេះ​កសិករ​នៅ​ខេត្ត​មណ្ឌលគិរី​រូប​នេះ​បាន​រំឭក​ប្រវត្តិ​នៃ​ការដាំ​ឪឡឹក​សាច់​ពណ៌​លឿង​នេះ​ថា ដំបូង​ឡើយ​លោក​បាន​មើល​ឯកសារ​ទាក់ទង​នឹង​ផ្លែឈើ​មួយ​នេះ និង​បាន​ឃើញ​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក លោក​កាន់តែ​ចាប់​អារម្មណ៍​ឡើង និង​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ពូជ​ឪឡឹក​សាច់​ពណ៌​លឿង​អស់​រយៈពេល​ជិត ៣ ​ឆ្នាំ​រហូត​លោក​បាន​ស្គាល់​អាណិកជន​ខ្មែរ​នៅ​ជប៉ុន​ម្នាក់​ដែល​ដឹង​គ្រាប់ពូជ​ឪឡឹក​នេះ ហើយ​លោក​ក៏​ធ្វើការ​ទាក់ទង​យក​គ្រាប់ពូជ​ពី​ជប៉ុន​មក​ដាំ​នៅ​ចម្ការ​របស់​លោក​នៅ​ឆ្នាំ​ ២០១៥​។


លោក រ៉ាដូ បញ្ជាក់​ថា​៖ «​ពី​មុន​ខ្ញុំ​ដាំ​តិចតួច​ទេ តែ​ឆ្នាំ​នេះ​ខ្ញុំ​ដាំ​វា​ធំ​បន្តិច​។ ខ្ញុំ​សប្បាយចិត្ត​ព្រោះ​ការដាំ​នេះ​ទទួល​បាន​ជោគជ័យ ហើយ​ឥឡូវ​ខ្ញុំ​មាន​ពូជ​ឪឡឹក​ពណ៌​ស្វាយ និង​ឪឡឹក​ពណ៌​ទឹកប្រាក់​ថែម​ទៀត​ហើយ​នៅ​ពេល​ខាង​មុខ​ទៀត ខ្ញុំ​នឹង​យក​ពូជ​ឪឡឹក​មួយ​ទៀត​មក​ដាំ​គឺ​ពូជ​ឪឡឹក​ ១ ​ផ្លែ ១០០ ​គីឡូ​»​។

សម្រាប់​តម្លៃ​ឪឡឹក​សាច់​ពណ៌​លឿង​នេះ ការទិញ​នៅ​ទីតាំង​ផ្ទាល់​ក្នុង ១ ​គីឡូក្រាម​តម្លៃ ៥ ​ពាន់​រៀល ចំណែក​តម្លៃ​លក់​ទូទៅ​នៅ​ទី​រួម​ខេត្ត​មណ្ឌលគិរី​តម្លៃ ៦ ​ពាន់​រៀល និង​នៅ​ទីក្រុង​ភ្នំពេញ​តម្លៃ​ចន្លោះ​ពី ៧ ​ពាន់​រៀល​ទៅ ៨ ​ពាន់​រៀល​។

លោក រ៉ាដូ បាន​បញ្ជាក់​ថា​នៅ​ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​លោក​នឹង​ពង្រីក​អាជីវកម្ម​មួយ​នេះ​ឲ្យ​ធំ​ដោយ​នឹង​ដាំដុះ​ឪឡឹក​សាច់​លឿង​នេះ​លើ​ផ្ទៃដី​​ពី​ ៣ ទៅ​ ៥ ​ហិកតា​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​។

ដំណាំ​ឪឡឹក​សាច់​ពណ៌​លឿង​មាន​លេខ​ទំនាក់ទំនង ០៨៥ ៤៣៣ ៣៤៣ ឬ​ហ្វេសប៊ុក​កសិករ​ភូមិ​ទួល ខេត្ត​មណ្ឌលគិរី​៕