ក្រុង​សេអ៊ូល៖ ស្ថិត​ក្រោម​ពន្លឺ​ភ្លើង​ពណ៌​​នៃ​ខណ្ឌ​រាត្រី​ហុងដែ ទី​ក្រុង​សេអ៊ូល អគារ​តូច​មួយ​រំលេច​រូបភាព​កម្មករ​សំណង់​រចនាប័ទ្ម​កូរ៉េ​ខាង​ជើង​ ដែល​ចង្អុល​ទៅ​កាន់​ពាក្យ​ស្លោក «មើល​! វា​ជា​បារ៍​ក្រុង​ព្យុងយ៉ាង​»។


អត់​មាន​ប្រៃសណីយ៍ ទូរស័ព្ទ ឬ​ខ្សែ​ដឹក​ជញ្ជូន​សាធារណៈ​រវាង​កូរ៉េ​ទាំង ២ ​ដែល​បែង​ចែក​ឧបទ្វីប​កូរ៉េ​ តែ​តៀម​ស្រា​រចនាប័ទ្ម​កូរ៉េ​ខាង​ជើង​តែ​មួយ​ក្នុង​ក្រុង​សេអ៊ូល មាន​បំណង​ឲ្យ​អតិថិជន​របស់​ខ្លួន​ភ្លក្ស​រសជាតិ​ជីវិត​អ្នក​រស់នៅ​ក្នុង​​ប្រទេស​មាន​មហិច្ឆតា​នុយក្លេអ៊ែរ​។

ម្ចាស់​ហាង ចាង វូយុង មិន​ធ្លាប់​ទៅ​ដល់​តំបន់​គ្មាន​កងទ័ព​ ដែល​បែង​ចែក​កូរ៉េ​ទាំង ២ ហើយ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ត្រូវ​ការ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ​ដើម្បី​ធ្វើ​ទស្សនកិច្ច​ តែ​ការ​តុបតែង​ក្នុង​បារ៍​​យក​លំនាំ​តាម​ទិដ្ឋភាព​ពី​ព្រំដែន​។


បរិវេណ​បារ៍​ត្រូវ​បាន​តុបតែង​ជាមួយ​បដា​ស្ទីល​កូរ៉េ​ខាង​ជើង ជញ្ជាំង​ពណ៌​បៃតង​ខ្ចី​​ និង​ពណ៌​ទឹកក្រូច​ដែល​ដូច​នឹង​​ប្លុក​អគារ​អាផាតមិន​ក្រុង​ព្យុងយ៉ាង​ ក៏​ដូច​ជា​ពាក្យ​ស្លោក​ជុំវិញ​បារ៍ ដែល​ត្រូវ​បាន​សរសេរ​ជា​អក្សរ​ពណ៌​ស​ក្រហម ស្រដៀង​នឹង​ទស្សនៈ​កូរ៉េ​ខាង​ជើង​។


នៅខាង​ក្នុង​បារ៍​មានការ​តុបតែង​ និង​ពាក្យស្លោក​កូរ៉េ​ខាង​ជើង​​​។ រូបថត AFP


ទោះ​នៅ​មុន​ពេល​បើក​សម្ពោធ​មុខ​របរ លោក ចាង ត្រូវ​បាន​បញ្ជា​ដោយ​អាជ្ញាធរ​ឲ្យ​រុះរើ​រូប​លោក គីម អ៊ីលស៊ុង និង​លោក គីម ជុងអ៊ីល ជា​ជីតា និង​ឪពុក​របស់​មេ​ដឹកនាំ​បច្ចុប្បន្ន លោក គីម ជុង​អ៊ុន ពី​ខាង​ក្រៅ​អគារ​បារ៍​ តែ​ម្ចាស់​បារ៍​រូប​នេះ​​ថា លោក​ពុំ​មាន​ចេតនា​នយោបាយ​ឡើយ។

លោក ចាង ដែល​នាម​ប័ណ្ណ​របស់​លោក​សរសេរ​ពាក្យ​អង់គ្លេស​ចំពោះ​ក្រុង​ព្យុងយ៉ាង​របស់​កូរ៉េ​ខាង​ជើង​ថា​៖ «​ខ្ញុំ​​គ្មាន​បំណង​ធ្វើ​ឲ្យ​អាប់​យស ឬ​លើក​​តម្កើង​កូរ៉េ​ខាង​ជើង​នោះ​ទេ​។ ខ្ញុំ​គ្រាន់​តែ​មនុស្ស​ម្នាក់​ស្មោះ​ត្រង់​នឹង​មូលធន​និយម​»។

លោក​ធ្លាប់​បើក​ភោជនីយដ្ឋាន​ជប៉ុន​ តែ​ដោយ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​នៅ​​រកាំ​រកូស​ទំនាក់ទំនង​ការ​ទូត​ដ៏​ល្វីង​ជូរ​ចត់ អតិថិជន​របស់​លោក​បាន​ធ្លាក់​ចុះ​ ៥០ ភាគរយ​ ហើយ​លោក​ក៏​បាន​បើក​ភោជនីយដ្ឋាន​ថ្មី​នេះ​។

លោក​និយាយ​ថា​៖ «​មនុស្ស​ជា​​ច្រើន​មក​ទី​នេះ ដោយ​អ្នក​ខ្លះ​ដែល​អាណិត​ស្រឡាញ់​កូរ៉េ​ខាង​ជើង និង​អ្នក​ខ្លះ​ទៀត​ដែល​ស្អប់​កូរ៉េ​ខាង​ជើង តែ​មនុស្ស​ភាគ​ច្រើន ប្រមាណ ៨០ ទៅ ៩០ ភាគរយ គ្រាន់​តែ​ចង់​មក​ក្រេប​បទពិសោធ​កម្សាន្ត​ប៉ុណ្ណោះ​»។

ភ្ញៀវ​​ស្លៀក​ឈុត​កូរ៉េខាង​ជើង ថត​រូប​អនុស្សាវរីយ៍​​នៅក្រុង​សេអ៊ូល​​។ រូបថត AFP

តារាង​មុខ​ម្ហូប​មាន​ម្ហូប​កូរ៉េ​ខាង​ជើង ដូចជា មី​ត្រជាក់​ក្រុង​ព្យុងយ៉ាង និង​ភេសជ្ជៈ​បិត​យីហោ​រំលេច​ទស្សនីយភាព​កូរ៉េ​ខាង​ជើង​។ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ ​១ មាន​លក់​ផលិតផល​កំប៉ិកកំប៉ុក​ និង​អាហារ​​កូរ៉េ​ខាង​ជើង​។

ហាង​ក៏​លក់​សម្លៀក​បំពាក់​ប្រពៃណី​កូរ៉េ​ក្នុង​ពណ៌​ស្រស់​ឆើតឆាយ​ដែល​ប្រទះ​ឃើញ​នៅ​ព្រំដែន​កូរ៉េ​ខាង​ជើង លើស​ពី​ប្រពៃណី​កូរ៉េ​ខាង​ត្បូង​។

អ្នកស្រី ណា មីនហ៊ី អាយុ ៣០ ឆ្នាំ មក​ពី​កូរ៉េ​ខាង​ជើង​ ដែល​បាន​មក​ដល់​កូរ៉េ​ខាង​ត្បូង​ពី​ឆ្នាំ ​២០១៦ បាន​ពោល​​​ថា​៖ «​សំណេរ និង​ពាក្យ​ស្លោក​​​​លម្អិត​​ ដូច​នៅ​ទឹក​ដី​ខាង​ជើង ហើយ​​កន្លែង​បែប​នេះ​​​ជួយ​រំលេច​​ការ​ពិត​​មាន​បង្កប់​ភាព​ភ័យ​រអា​តិចតួច លាយឡំ​នឹង​ភាព​វិជ្ជមាន​ច្រើន​»៕ AFP/HR