
លោក ដាវីន ហ្គាស្យា ប្រើប្រាស់កម្អែភ្នំភ្លើងដែលហូរតាមជម្រាលភ្នំធ្វើជាចង្ក្រានចម្អិននំភីហ្សា។ AFP
ក្រុងក្វាតេម៉ាឡា៖ ភ្នំភ្លើងប៉ាស្យាយ៉ា នៃប្រទេសក្វាតេម៉ាឡា បាននិងកំពុងតែផ្ទុះតាំងពីខែកុម្ភៈ ដោយធ្វើឱ្យសហគមន៍ក្នុងស្រុក និងអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់។
ប៉ុន្ដែសម្រាប់លោក ដាវីន ហ្គាស្យា បានឱ្យដឹងថា កម្អែភ្នំភ្លើងដែលហូរតាមជម្រាលភ្នំបានក្លាយជាចង្ក្រានភ្លើងដ៏ក្ដៅគគុករបស់លោកទៅវិញ។
លោក ហ្គាស្យា ជាគណនេយ្យករ អាយុ ៣៤ ឆ្នាំបានបម្រើមុខម្ហូប «ភីហ្សា ប៉ាស្យាយ៉ា» ចម្អិនលើកម្អែភ្នំភ្លើងដល់ភ្ញៀវទេសចរ និងអ្នកស្រុកចង់សាកចង់ភ្លក្ស។
លោកបានប្រាប់ទីភ្នាក់ងារ AFP ពីតំបន់ភ្នំ ដែលឆ្ពោះទៅកាន់ភ្នំភ្លើងប៉ាស្យាយ៉ា និងជាទីដែលលោកប្រើជាចង្ក្រានដុតនំថា៖ «មនុស្សជាច្រើននៅពេលនេះកំពុងតែរីករាយនឹងបទពិសោធទទួលទាននំភីហ្សាដុតចេញពីចង្ក្រានភ្នំភ្លើង»។
នៅឯចង្ក្រានបណ្ដោះអាសន្ននោះ លោក ហ្គាស្យា បានពង្រាយនំម្សៅលើថាសដែកមួយដែលអាចទ្រាំទ្រនឹងកម្ដៅរហូតដល់ ១០០ អង្សាសេ រួចស្រោចទឹកប៉េងប៉ោះលើ បន្ថែមឈីស និងសាច់ថែមទៀត។
ស្លៀកឈុតការពារកម្ដៅចាប់ពីក្បាលដល់ចុងជើងតាមបែបផែនទាហាន លោក ហ្គាស្យា បានដាក់នំភីហ្សាលើកម្អែភ្នំភ្លើង។
លោកបាននិយាយ ១០ នាទីក្រោយថា៖ «រួចជាស្រេច ទុកឱ្យឈីសរលាយបន្ដិច»។

ទៅដល់តំបន់ភ្នំភ្លើង លោករៀបចំម្សៅសម្បកនំភីហ្សាមុននឹងថែមថយគ្រឿងផ្សំដាក់លើថាស។ AFP
ភ្ញៀវទេសចរម្នាក់បានស្រែកប្រាប់ពេលឈីសក្ដៅចេញពពុះថា៖ «នំភីហ្សាមួយនោះទំនងឆ្ងាញ់ណាស់ហើយ»។
ផ្ទះបាយរបស់លោក ហ្គាស្យា បានក្លាយជាមេដែកទាក់ទាញភ្ញៀវទេសចរដែលរីករាយនឹងអាហារទាន់ចិត្ដក្រោយការឡើងភ្នំភ្លើង ដែលភ្នំមួយក្នុងចំណោមភ្នំ ៣ កំពុងផ្ទុះដ៏នឿយហត់ ដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង។
ដំបូងលោកចាប់ផ្ដើមដុតភីហ្សានៅតាមជើងភ្នំក្នុងឆ្នាំ ២០១៣ ក្នុងល្អាងតូចមួយ ដែលលោកបានរកឃើញនៅក្រោមថ្ម។
លោក ហ្គាស្យា ដែលមានភាពល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គមបានបន្ដថា៖ «ខ្ញុំលក់មិនសូវបានច្រើនទេកាលពីប៉ុន្មានថ្ងៃដំបូង»។

ដោយគ្រងនូវឈុតការពារបែបទាហាន លោកស្វែងរកកន្លែងដែលអាចដាក់ចម្អិនថាសភីហ្សា។ AFP
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជាមួយភ្នំភ្លើងប៉ាស្យាយ៉ា តែងតែបង្ហូរកម្អែ លោកចាប់ផ្ដើមដុតនំភីហ្សាដោយផ្ទាល់លើរងើកភ្លើង ដោយពេលខ្លះ វាបានហូរមកក្បែរតំបន់លំនៅឋានពលរដ្ឋទៀតផង។
ទោះមានហានិភ័យ លោក ហ្វេលីព ងាល់ដាណា ជាភ្ញៀវទេសចរដែលបានភ្លក្សភីហ្សាភ្នំភ្លើង បាននិយាយថា៖ «ការដុតនាំនៅលើកម្អែភ្នំភ្លើងពិតជាចម្លែក និងអស្ចារ្យក្នុងពិភពលោក»។
ដោយមើលឃើញនៅក្នុងហ្វេសប៊ុកលោកគិតថា៖ «ខ្ញុំត្រូវតែមកទទួលយកបទពិសោធនេះ»។
ភ្ញៀវទេសចរហូឡង់ Kelt Van Meurs បាននិយាយថា៖ «គួរឱ្យអស់សំណើចដែលគិតថាយើងនឹងញ៉ាំអ្វីដែលចម្អិនលើកម្អែភ្នំភ្លើង តែជាអ្វីដែលយើងអាចមករកបាននៅក្វាតេម៉ាឡានេះ»៕ HR

ថាសភីហ្សាត្រូវបានរក្សាទុកលើកម្អែភ្នំភ្លើងដែលប្រើប្រាស់ជំនួសឡចង្ក្រានចម្អិន។ AFP

ភ្ញៀវទេសចររីករាយនឹងបទពិសោធទទួលទាននំភីហ្សាចម្អិនដោយកម្អែភ្នំភ្លើង។ AFP

អ្នកទេសចរមកកាន់តំបន់ភ្នំភ្លើង ដើម្បីភ្លក្សរសជាតិនំភីហ្សាចម្អិនដោយកម្អែធម្មជាតិ។ AFP

ភ្នំភ្លើងប៉ាស្យាយ៉ា នៃប្រទេសក្វាតេម៉ាឡា បាននិងកំពុងតែផ្ទុះតាំងពីខែកុម្ភៈ។ AFP