បុរស​បែលហ្ស៊ិក ​រក​ចំណូល​រាប់​លាន​ដុល្លារ ​ពី​សត្វ​ព្រាប

Content image - Phnom Penh Post
លោក ចូអែល វើស្តូត ជាអ្នក​បង្កាត់​ពូជព្រាប​ ជនជាតិ​បែលហ្ស៊ិក ដ៏​ល្បីល្បាញ​​។ រូបថត AFP

ក្រុង​ប៊្រុចសែល៖ អ្នក​បង្កាត់​ពូជ​ព្រាប​ជាតិ​បែលហ្ស៊ិក​ ចូអែល វើស្កូត ទំនង​ជា​អាច​ស្វែងរក​សេចក្ដីសុខ​ឲ្យ​ខ្លួន​ក្នុង​នាម​ជា​និវត្ដជន​ កាល​ពី​ខែ មីនា ក្រោយ​ពី​លោក​បាន​លក់​​ម្ចាស់​ជើងឯក​​ដ៏​ថ្លៃ​បំផុត​ក្នុង​លោក​។

ព្រាប អាមេនដូ ​បាន​ទទួល​ប្រជាប្រិយភាព​ទូទាំង​ពិភព​លោក​ និង​រក​ចំណូល​ឲ្យ​​លោក វើស្កូត ​ ១,៤ លាន​ដុល្លារ ពេល​លោក​បាន​លក់​វា​ទៅ​ឲ្យ​អតិថិជន​​មក​ពី​ចិន​តាមរយៈ​ការ​ដេញ​ថ្លៃ​អនឡាញ​​ដ៏​កក្រើក​។

ពេល​នេះ បក្សី​ដ៏​ល្បី​ឈ្មោះ​មួយ​នេះ​​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង ដែល​ម្ចាស់​​ថ្មី​របស់​វា​ច្បាស់​ជា​មាន​ក្ដី​សង្ឃឹម​ថា វា​នឹង​ក្លាយ​ជា​ម្ចាស់​ជើងឯក​មិន​ខាន​។ ប៉ុន្ដែ​បុរស​វ័យ ៦៤ ឆ្នាំ លោក​នៅ​មិន​ទាន់​រួច​ដៃ​ពី​បេសកកម្ម​បណ្ដុះ​ជើងឯក​សត្វ​ព្រាប​នោះ​ទេ​។ លោក​នៅ​បន្ដ​ចំណាយ​ពេល​ ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ចំពោះ​ការ​ថែទាំ និង​ការ​បង្រៀន​​បក្សី​របស់​ខ្លួន​។

ពេល​នេះ លោក​មាន​ព្រាប​ ៣០០ ក្បាល​ ដែល​សុទ្ធ​តែ​ពូកែ​ខាង​ហើរ​ប្រណាំង​។ តាំង​ពី​ចូល​និវត្ដន៍​ក្នុង​ឆ្នាំ ​២០១៥ លោក វើស្ដូត ក្លាយ​ជា​​ទី​ចំណាប់​អារម្មណ៍​ពី​​អតិថិជន​ចិន​។

បក្សី​បែលហ្ស៊ិក មាន​ឈ្មោះ​បោះ​សំឡេង​ទូទាំង​ពិភព​លោក​ជា​ជើង​ខ្លាំង​ខាង​ហើរ​ប្រណាំង ហើយ​ Nikolaas Gyselbrecht អគ្គនាយក​វេបសាយ​ Pigeon Paradise បាន​និយាយ​ថា អតិថិជន​មាន​ចំនួន ៤០ ភាគរយ ​នៃ​ចំណែក​ទីផ្សារ​។

Content image - Phnom Penh Post
លោក​រំពឹង​ថា កូនចៅ​សត្វ​ព្រាបឈ្មោះ អាមេនដូ នឹង​បន្ត​វេន​ជា​ជើង​ឯក​ហោះហើរ​​។ រូបថត AFP

បក្សី​របស់​លោក វើស្កូត ឈ្មោះ អាមេនដូ មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ក្នុង​ការ​ហើរ​ប្រណាំង​លើ​ចម្ងាយ​ពី ៥០០ ទៅ ៧០០ គីឡូម៉ែត្រ​។ លោក​យល់​ឃើញ​ថា បក្សី​នឹក​ដៃគូ​សុទ្ធតែ​មាន​ការ​តាំង​ចិត្ដ​ខ្ពស់​ដែល​ប៉ង​ត្រឡប់​វិញ ​ដើម្បី​​ជួប​ជុំ​គូ​កំណាន់​ ដោយ​ពួក​វា​ខំ​ប្រឹង​ហើរ​ដល់​​ល្បឿន​ ៨០ គីឡូម៉ែត្រ ​ក្នុង​មួយ​ម៉ោង​ឯណោះ​​។

លោក​បាន​និយាយ​នឹក​ក្នុង​ចិត្ដ​ថា​៖ «​លឿន​ឡើង​ៗៗៗៗ ឆាប់​ត្រឡប់​មក​ផ្ទះ និង​ជួប​ដៃគូ​ឯង​វិញ​»។

ព្រាប ​អាមេនដូ បាន​ឈ្នះ​ Champons League ក្នុង​នាម​ជា​បក្សី​ល្អ​បំផុត​នៅ​អឺរ៉ុប​ ហើយ​ម្ចាស់​ជើងឯក​របស់​លោក​ក្លាយ​ជា​បក្សី​ក្រោម​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ភាគ​ច្រើន​។ អតិថិជន​ចិន​ដែល​ទិញ​សត្វ​ព្រាប ​អាមេនដូ ត្រូវ​បាន​គេ​ជឿ​ថា យក​វា​ទៅ​រក្សា​ទុក​នៅ​មណ្ឌល​ហ្វឹកហ្វឺន​ប្រទេស ​បែលហ្ស៊ិក មិន​ខុស​ពី​ការ​បង្វឹក​សេះ​ក្នង​ក្រោល​ឡើយ​។

លោក វើស្កូត បាន​អះអាង​ថា​៖ «មិន​យូរ​ប៉ុន្មាន អាមេនដូ នឹង​មាន​ចៅ​ ដែល​បន្ដ​វេន​ជា​កំពូល​អ្នក​ហោះហើរ​កាំជ្រួច​ត​ជំនាន់​»៕ AFP/HR