ក្រុង​ម៉ៃអាមី៖ គ្មាន​នរណា​ដឹង​ថា ខ្លួន​នឹង​អាច​ស្ទូច​បាន​អ្វី​នោះ​ទេ នៅ​ពេល​​ចេញ​នេសាទ​នៅ​រដ្ឋ​ Florida​ សហរដ្ឋ​អាមេរិក​។


ស្ថិត​នៅ​ទឹក​ដី​ដែល​សម្បូរ​ជីវ​ចម្រុះ​នេះ អ្នក​អាច​ចាប់​បាន​ក្រពើ ពស់ ឬ​សត្វ​​ផ្សេង​ខុស​ពី​ការ​រំពឹង​ទុក។


ដោយ​ឡែក ​បុរស​ម្នាក់​នេះ បែរ​ជា​ប្រមាញ់​បាន​ត្រី​​ក្រូព័រ​ (grouper) ចំណាស់​បំផុត ​១ ​ក្បាល​។


គណៈកម្មការ​អភិរក្ស​សត្វ​ព្រៃ​ និង​ត្រី​រដ្ឋ Florida (FWC) មក​ពី​​វិទ្យាស្ថាន​ជ្រាវជ្រាវ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ថា ត្រី​ក្រូព័រ ​វ៉ាសរ​ (Warsaw grouper) ដែល​ចាប់​កាល​ពី​ចុង​ខែ​ធ្នូ​ កន្លង​មក​នេះ​មាន​អាយុ ៥០ ឆ្នាំ។


ត្រី​ខ្នាត​ធំ​រស់នៅ​ទឹក​ជ្រៅ​ ១ ​ក្បាល ​​នេះ​គឺ​ជា​​ចាស់​បំផុត​ដែល​ត្រូវ​បាន​វិភាគ​​ដោយ​ការ​ប្រមែ​ប្រមូល​ទិន្នន័យ​តាម​​អាយុ​កាល​របស់​វា​។


ក្រុម​ជីវវិទូ​មន្ទីរ​ពិសោធន៍​អាយុ និង​ការ​លូតលាស់​របស់​​ (FWC) ប៉ាន់​ប្រមាណ​អាយុ​ត្រី​ក្រូព័រ​ដោយ​ការ​ត្រួត​ពិនិត្យ​លើ អូតូលីត ឬ​ហៅ​ថា «​earstones» ដែល​ជា​សំណង់​​កាល់ស្យូម​រឹង​ស្ថិត​នៅ​ខាង​ក្រោយ​ខួរ​ក្បាល​ត្រី​មាន​ឆ្អឹង​។

អូតូលីត អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​វាយ​តម្លៃ​ពី​អាយុ​របស់​ត្រី​។ FWC បាន​តាម​ដឹង​ការ​បង្ហោះ​រូប​ថត​របស់​លោក ចាសុន ប៊យល៍ ជា​អ្នក​នេសាទ​ថ្មី​ថ្មោង​មក​ពី​ភាគ​និរតី​តំបន់ Siesta Key ដែល​បាន​ចាប់​ត្រី​ក្រូព័រ​ទម្ងន់​ ១៦០ គីឡូក្រាម​។

នៅ​ក្នុង​រូប​នោះ លោក ប៊យល៍ ឈរ​ជាប់​នឹង​ត្រី​ ដែល​មាន​កម្ពស់​ជាង​រូប​លោក​ទៅ​ទៀត​។ លោក ប៊យល៍ បាន​ប្រមាញ់​ត្រី​ក្រូព័រ​មួយ​ក្បាល​នេះ​នៅ​ក្បែរ​ឆ្នេរ​រដ្ឋ​ Florida កាល​ពី​ថ្ងៃទី ២៩ ខែ​ធ្នូ នៅ​ជម្រៅ​ទឹក ១៨២ ម៉ែត្រ​។ នេះ​បើ​យោង​តាម FWC។

ត្រី​ក្រូព័រ វ៉ាសរ អាច​មាន​ទម្ងន់​​ដល់ ២៥៨ គីឡូក្រាម៕ AFP/HR