បុរសអូស្ដ្រាលីម្នាក់ បាញ់សម្លាប់ចោរចូលផ្ទះរួចទុកសពក្នុងផ្ទះជាង ១៥ ឆ្នាំ

ក្រុងស៊ីដនី៖ បុរសអូស្ដ្រាលីម្នាក់បានសម្លាប់ចោរ និងរក្សាទុកសពរយៈពេល ១៥ ឆ្នាំ ដោយប្រើដបក្លិនក្រអូបជាង ៧០ ដប ដើម្បីទប់ក្លិនស្អុយ។ នេះបើយោងតាមរបាយការណ៍បណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។
ទូរទស្សន៍ ABC បានផ្សាយថា ការកោសល្យវិច័យបានបង្ហាញថា បុរសស៊ីដនី ប្រូស រ៉ូប៊ឺតស៍ បានបាញ់សម្លាប់ចោរ សាន ស្នែលមេន អំឡុងពេលប៉ុនប៉ងចូលលួចក្នុងផ្ទះរបស់លោកក្នុងឆ្នាំ ២០០២ និងរក្សាទុកសពក្នុងផ្ទះ។
ក្រោយលោក រ៉ូប៊ឺតស៍ បានស្លាប់ក្នុងឆ្នាំ ២០១៧ ដោយសារជំងឺ អ្នកជិតខាងបានទាក់ទងទៅសេវាកម្មសង្គ្រោះបន្ទាន់ ដែលបានបានរកឃើញសពដួលលើម៉ាស៊ីនកម្ដៅ។

ប៉ុន្ដែគ្រោងឆ្អឹងចោរ ស្នែលមេន មិនត្រូវបានរកឃើញនោះទេក្នុងគំនរសំរាមនៅផ្ទះនោះរហូតដល់ក្រុមអ្នកអនាម័យត្រូវបានជួលមកសម្អាតអគារនោះនៅមួយឆ្នាំក្រោយ។
មន្ដ្រីស៊ើបសង្កេតបានរាយការណ៍ក្នុងសាវនាការតុលាការថា សពត្រូវបានរក្សាទុកក្នុងគំនរដបក្លិនក្រអូបជាង ៧០ ដែលប្រើសម្រាប់ទប់ក្លិនស្អុយ។
លោក រ៉ូប៊ឺតស៍ ត្រូវបានដកស្រង់សម្ដីថា លោកជាមនុស្សកម្រដើរចេញពីផ្ទះ ជាទីកន្លែងដែលកាំភ្លើងជាច្រើនដើមត្រូវបានរកឃើញផងដែរ៕ AFP/HR







