ក្រុង​ប៉ារីស៖ ប៉ម Eiffel Tower នឹង​បើក​ទទួល​ភ្ញៀវ​ឡើង​វិញ​នៅ​ថ្ងទី ១៦ ខែកក្កដា ក្រោយ​ពី​បិទ​ដំណើរ​ការ​ជា​ច្រើន​ខែ​ដោយសារ​វិបត្ដិ​កូវីដ​សកល។ នេះ​បើ​យោងតាម​ប្រតិបត្ដិករ​អគារ​កម្សាន្ដ​ប៉ារីស​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។


ប្រតិបត្ដិករ​ Sete បាន​ប្រាប់ AFP ថា ចំនួន​ភ្ញៀវ​នឹង​ត្រូវ​កំណត់​ត្រឹម​ ១ ​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ដើម្បី​គោរព​ទៅតាម​គោល​ការណ៍​រក្សា​គម្លាត​សុវត្ថិភាព​ ដែលជា​ចំនួន​តិចជាង​ការ​ចូល​ទស្សនា​មុន​សម័យ​កូវីដ​ជាង​ពាក់​កណ្ដាល។


ត្រឹម​ពាក់​កណ្ដាល​នៃ​ចំនួន​មនុស្ស​ធម្មតា​ត្រូវបាន​អនុញ្ញាត​ឱ្យ​ឡើង​ជណ្ដើរ​យន្ដ​ម្ដង។ ប៉ម Eiffel Tower ត្រូវបាន​និង​កំពុង​តែ​កែកុន​មុខ​មាត់​ប៉ម ១៣០ ​ឆ្នាំ ​ឱ្យ​កាន់តែ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ស្វាគមន៍​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស​ឆ្នាំ​​ ២០២៤ រួមទាំង​ដោយ​ការងារ​លាប​ថ្នាំ​ពណ៌​ដើម្បីរំលេច​ពណ៌​មាស​​ស្រស់​បំព្រង។


ការបើក​​ទទួល​ភ្ញៀវ​ឡើង​នៅ​ខែកក្កដា នឹង​កំណត់​ចំនួន​អ្នក​ឡើង​ទស្សនា​លើប៉ម​ត្រឹម​តែពាក់កណ្ដាលប៉ុណ្ណោះ។ AFP


ប៉ុន្ដែ​ការ​លាប​ពណ៌​ត្រូវបាន​ផ្អាក​ក្រោយ​ត្រូវបា​នរក​ឃើញ​សារធាតុ​ពុល​លើ​ស្រទាប់​ថ្នាំ​លាប​ ដែល​ធ្វើ​ឱ្យ​ដំណើរ​ការ​រអាក់​រអួល។ ការ​បើក​ទ្វារ​ឡើង​វិញ​បាន​បង្ហាញ​ពី​ការ​បិទ​ប៉ម​ដែក​ទម្ងន់ ១០​ តោន​ ដ៏​យូរ​បំផុត​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី២។


ប៉ម Eiffel Tower ​ត្រូវបាន​បិទ​ជាង ៣ ​ខែ​ អំឡុង​ពេល​រលក​កូវីដ​ដំបូង​កាលពី​និទាឃរដូវ​ឆ្នាំ​មុន ហើយ​បិទ​ម្ដង​ទៀត​នៅ​សិសិ​ររដូវ។ សំណង់​ដែក​ ដែល​កសាង​ក្នុង​​ឆ្នាំ​ ១៨៨៩ តែងតែ​ទទួល​ភ្ញៀវ​ប្រមាណ ៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ដោយ​ភាគ​ច្រើន​ជា​ភ្ញៀវ​បរទេស។

ប៉ុន្ដែ​ដោយសារ​ការ​រឹត​បន្ដឹង​ ពេលនេះ ប៉ម Eiffel Tower នឹង​ខាត​បង់​ប្រាក់​ ៨៥​ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២១​ ក្រោយ​ពី​ខាត​ ៥២​ លាន កាលពី​ឆ្នាំ​មុន​ ដែល​បង្ខំ​ឱ្យ​ប្រតិបត្ដិករ​ស្វែង​រកហិរញ្ញវត្ថុ​ថ្មី។

អគ្គនាយក Sete លោក Jean-François Martins បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​៖ «ក្រោយ​ពី​ការ​បិទ​រយៈ​ពេល​ជា​ច្រើន​ខែ យើង​មាន​ចិត្ដ​អន្ទះសា​ចង់​ឱ្យ​បុគ្គលិក​ និង​ភ្ញៀវ​វិល​មក​វិញ​ ដោយ​គោរព​តាម​គោល​ការណ៍​សុវត្ថិភាព​»៕ AFP/HR

ភ្ញៀវ​ទេសចរ​គយគន់ទេសភាព​ក្រុង​ប៉ារីស​តាមរយៈ​កែវ​ឆ្លុះ​នៅ​លើ​កំពូល​ប៉ម Eiffel Tower។ AFP

សំណង់​ដែក​ ដែល​កសាង​ក្នុង​​ឆ្នាំ​១៨៨៩ មាន​​ជាន់​ខ្ពស់បំផុត​ត្រឹម ២៧៦ម៉ែត្រ​ និង​ប្រវែង​ដល់​ចុង​កំពូល ៣២៤ម៉ែត្រ​។ AFP

សំណង់​ដែក​ ដែល​កសាង​ក្នុង​​ឆ្នាំ​១៨៨៩ តែងតែ​ទទួល​ភ្ញៀវ​ប្រមាណ ៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ដោយ​ភាគ​ច្រើន​ជា​ភ្ញៀវ​បរទេស។ AFP