ភ្នំពេញៈ នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា មិន​ត្រឹម​តែ​មាន​រូប​សម្ផស្ស​កាន់​តែ​ស្រស់​ផូរផង់ សាច់​ឡើង​សខ្ចី រាង​ស្រឡូន​ស្អាត​ជាង​មុន​នោះ​ប៉ុណ្ណោះ​ទេ តារា​ស្រី​ស្រស់​អតីត​ជា​បេក្ខនារី​ប្រកួត​កម្មវិធី The Voice Cambodia រដូវកាល​ទី​ ១ ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កញ្ញា ប៉ាច គីមមួយ កំពុង​តែ​មាន​រាសី​ឡើង​ស្រឺតៗ​ហើយ​សម្បូរ​ទីផ្សារ​ក្នុង​សិល្បៈ​ទាំង​ចម្រៀង និង​ថតកុន​តែ​ម្តង​នៅ​ទ្រនំ​ហង្សមាស​។


កញ្ញា ប៉ាច គីមមួយ តារាចម្រៀង​ស្រី​ដែល​មាន​គេ​សង្កេត​ឃើញ​ចូលចិត្ត​លេង​ស្ទីល​តែង​ខ្លួន​ដូចជា​តារាចម្រៀង​ស្រី​កូរ៉េ​នាង CL កំពុងតែ​ទាក់ទាញ​ប្រជាប្រិយភាព​ច្រើន​ពី​មហាជន​គ្រប់​ស្រទាប់​តាមរយៈ​ការបង្ហើរ​សំនៀង​បាន​ទាំង​បទ​ពី​ដើម និង​សម័យ​។ យ៉ាងណា​មិញ​ជិត​ពេល​ចូល​រដូវកាល​ចូល​ឆ្នាំ​ថ្មី នាង​ក៏​មាន​ចម្រៀង​ថ្មីៗ​ជាច្រើន​បទ ដើម្បី​វាយលុក​ទីផ្សារ និង​បំពេ​អារម្មណ៍​ប្រិយមិត្ត​ផង​ដែរ​។


តារាចម្រៀង​ស្រី​មុខ​កូនកាត់​ចិន​ដែល​មាន​ស្រុក​កំណើត​មកពី​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​វ័យ ២៥ ឆ្នាំ​រូបនេះ​បង្ហើប​ឲ្យ​ដឹង​ពី​ទីផ្សារ​សិល្បៈ​នាពេល​បច្ចុប្បន្ន​របស់​ខ្លួន​ថា​៖ «​មាន​ការមមាញឹក​គួរសម​ដែរ​បង​!​គឺ​នាង​ខ្ញុំ​រវល់​ទាំង​ថត​បទចម្រៀង​សម្រាប់​ផលិតកម្ម​ផង និង​ទៅ​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​តាម​ខេត្ត​នានា​ផង ហើយ​ថ្មីៗ​នេះ​ក៏​រាង​រវល់​ការថត​បទចម្រៀង​ត្រៀម​ចេញ​ពេល​ចូលឆ្នាំ​ថ្មី​ដែរ​។ តែ​នាង​ខ្ញុំ​មិន​ដឹង​ចេញ​ប៉ុន្មាន​បទ​ទេ ព្រោះ​ថា​នាង​ខ្ញុំ​ក៏​ទើប​បាន​ចេញ​បទ​ថ្មី​ផង​ដែរ​»​។


ទោះ​ជា កញ្ញា ប៉ាច គីមមួយ អតីត​ជា​បេក្ខភាព​ប្រកួត​កម្មវិធី The Voice Cambodia រដូវកាល​ទី​ ១ មិន​បាន​ជោគជ័យ​លើ​វិថី​សិល្បៈ​កាលពី​ឆ្នាំ​ ២០១៦ ដោយ​បាន​របូត​ពាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក ប៊ុត សីហា មែន​ក្តី តែ​នាពេល​នេះ​តារាចម្រៀង​ស្រី​ជ្រក​នៅ​ផលិតកម្ម WeProduction ដែល​ជា​បុត្រសម្ព័ន្ធ​ហង្សមាស​កំពុង​តែ​បាន​បន្ថែម​នូវ​អាជីព​ថ្មី​មួយ​ទៀត​គឺ​ក្លាយ​ជា​តារាសម្តែង​ភាពយន្ត​ជា​ហូរហែ​បាន​ចំនួន​ ២​ រឿង​រួចហើយ​គឺ​រឿង​ «​បិសាច​គួរ​ឲ្យ​ស្រឡាញ់​» និង​រឿង «​ខ្ញុំ​មាន​ញាណ​លើស​» ព្រម​ទាំង​ក្តាប់​បាន​ឱកាស​ឡើង​ឆាក​ប្រគំ​តន្ត្រី​ទេសចរណ៍​តាម​ខេត្ត​នានា​មិន​សូវ​ជា​លោះ​ពេល​ឡើយ​លើ​ទ្រនំ​ហង្សមាស​។


កញ្ញា ប៉ាច គីមមួយ ក៏​ប្រាប់​ពី​អារម្មណ៍​យល់​ឃើញ​លើ​អាជីព​ទាំង ២ ​ដែរ​ថា​៖ «​ប្រសិន​បើ​និយាយ​ទូទៅ អាជីព​ទាំង​ ២ ​នេះ​គឺ​សុទ្ធ​តែ​មាន​លក្ខណៈ​មិន​ងាយស្រួល​ដូច​គ្នា​សម្រាប់​រូបនាង​ខ្ញុំ​។ តែ​ប្រសិន​ប្រៀបធៀប​វិញ នាង​ខ្ញុំ​គិត​ថា អាជីព​ជា​តារាសម្តែង​ហាក់​ដូចជា​ត្រូវការ​នូវ​ភាព​សម្រប​ច្រើន​ព្រោះ​បាន​ទាមទារ​ឲ្យ​យើង​ប្រើ​អារម្មណ៍​ច្រើន​ទៅ​តាម​សាច់រឿង​នៃ​ខ្សែ​ភាពយន្ត​ជាង​ការច្រៀង​»៕


កញ្ញា ប៉ាច គីមមួយ​បច្ចុប្បន្ន​កាន់តែ​មាន​រូបសម្ផស្ស​ស្អាត និង​សម្បូរ​ទីផ្សារ​សិល្បៈ​។ រូបថត ហ្វេសប៊ុក