ក្រុងញូវដែលី៖ មន្ដ្រីឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រថា ប៉ូលិសឥណ្ឌាបានសង្គ្រោះទារិកាម្នាក់ ខណៈក្រុមគ្រួសារហៀបនឹងកប់ទាំងរស់។ ក្រុមមន្ដ្រីបានឈ្លោះនឹងជីតារបស់ទារិកាតូច ខណៈបុរសចំណាស់រូបនេះបានខ្ចប់ក្មេងក្នុងភួយ ខណៈបុរសម្នាក់ទៀតជីករណ្ដៅលើដីមួយកន្លែងនៅជាយក្រុងភាគខាងត្បូងទីក្រុង Hyderabad។
ករណីនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈរយៈពេល ២ សប្ដាហ៍ ក្រោយមានករណីមួយផ្សេងទៀតអំពីទារិកាតូចត្រូវបានរកឃើញក្នុងឆ្នាំងដីមួយនៅប៉ាឆាភាគខាងជើងប្រទេស ដែលបានបង្កការភ្ញាក់ផ្អើលអំពីការរស់រានមានជីវិតដ៏អច្ឆរិយ។
ក្នុងឧប្បត្ដិហេតុចុងក្រោយ បុរសទាំង ២ បាននិយាយថា ទារិកាបានស្លាប់ក្នុងមន្ទីរពេទ្យ។ ប៉ុន្ដែប៉ូលិស ដែលត្រូវបានអ្នកបើកបរតាក់ស៊ីម្នាក់ជូនដំណឹងអំពីហេតុការណ៍ដ៏គួរឲ្យសង្ស័យបានឲ្យដឹងថា ទារិកានៅរើបម្រះពីក្នុងភួយនៅឡើយ។
បុរសទាំង ២ ត្រូវបានឃុំខ្លួន ហើយក្រោយមកត្រូវបានដោះលែង ដែលទារិកាក៏ត្រូវបានទទួលការព្យាបាលក្នុងមន្ទីរពេទ្យ ខណៈការស៊ើបអង្កេតត្រូវបានធ្វើឡើង។
មន្ដ្រីប៉ូលិស A. Srinivasulu បានប្រាប់ AFP ថា៖ «ពួកគេគិតថា ទារិកាស្លាប់ហើយ តែតាមពិតនាងនៅរស់។ យើងមានសេចក្ដីត្រេកអរ ដែលទារិកាតូចនេះត្រូវបានសង្គ្រោះជីវិត»។
ឥណ្ឌាជាប្រទេសអសោចខាងពិឃាតកូនស្រី ដោយជាយេនឌ័រត្រូវបានចាត់ទុកជានិមិត្តរូបទ្រព្យចេញ ពីព្រោះពេលរៀបការ កូនក្រមុំត្រូវផ្ដល់បណ្ណាការជូនខាងកូនកំលោះ។
ការរើសអើងបែបនេះ ត្រូវបានស្ដីបន្ទោសចំពោះទស្សនៈអតុល្យភាពយេនឌ័រ ដែលកូនស្រីមានចំនួន ៩៤០ នាក់ ក្នុងចំណោមកូនប្រុស ១ ០០០ នាក់។ នេះបើយោងតាមជំរឿនឆ្នាំ ២០១១៕ AFP/HR