ភ្នំពេញ៖ នា​ឱកាស​​ប្រារព្ធ​ពិធី​ខួប​ទី​ ៩០ ឆ្នាំ​ នៃ​ការ​បង្កើត​ពុទ្ធ​សាសន​បណ្ឌិត្យ​នៅ​ឆ្នាំ ​១៩៣០-២០២០​​ ដែល​​​បាន​​ប្រារព្ធ​​ធ្វើ​កាល​ពី​ថ្ងៃ​ទី​ ២១ ខែ ​មករា ឆ្នាំ ​២០២០ កន្លង​មក​នេះ ​ក៏​​មាន​ការ​ប្រកាស​ប្រគល់​ពាន​រង្វាន់​​អក្សរ​សិល្ប៍​​ចំនួន ​២ ​ជំនាន់ (២ លើក) ទៅ​ដល់​ក្រុម​​​កវី និង​អ្នក​និពន្ធ​ផ្នែក​​អក្សរ​សិល្ប៍​ខ្មែរ​ផង​ដែរ​។​


បេក្ខជន-បេក្ខនារី​ ដែល​ជា​ម្ចាស់​ជយលាភី​​នៃ​ពាន​រង្វាន់​​អក្សរសិល្ប៍​ ២ ​ជំនាន់ ​នៅ​ឆ្នាំ ​២០១៨​ និង​ឆ្នាំ ​២០១៩ សរុប​​​ចំនួន​ ១០ រូប ត្រូវ​បាន​​ប្រកាស​​ឈ្មោះ​​​​ និង​ទទួល​ពាន​រង្វាន់​នា​ឱកាស​​ប្រារព្ធ​ធ្វើ​កម្មវិធី​រំឮក​ខួប​ទី ​៩០ ​​​នៃ​​ការ​បង្កើត​ពុទ្ធ​​សាសន​បណ្ឌិត្យ ​ដោយ​ក្នុង​នោះ​​​ជយលាភី​ឆ្នាំ ​២០១៨ ចំនួន ​៤ រូប គឺ​មាន​​អ្នក​និពន្ធ​ រ៉េត សារ៉ុន អ្នក​និពន្ធ​ រ៉ា ឡៃហួរ អ្នក​​និពន្ធ​ ហុង វ៉ាន់​សុធីរ និង​អ្នក​​និពន្ធ​ ង៉ែត ជិនបុត្រ​​ ខណៈ​នៅ​​ឆ្នាំ ​២០១៩ ​ចំនួន​ ៦ ​​រូប រួម​មាន​អ្នក​និពន្ធ​​ ទៀង ពិសិដ្ឋ អ្នក​និពន្ធ លឹម ដារ៉ា អ្នក​និពន្ធ លឹម ផាន់ណា អ្នក​​និពន្ធ​ សាម​ សុនិត អ្នក​និពន្ធ រ៉េត សារ៉ុន​ និង​​​អ្នក​និពន្ធ ទី​ លីហៀង​។​


កញ្ញា លឹម ផាន់ណា ជយ​លាភី​លេខ​៣​ ឆ្នាំ២០១៩​។ សមាគមអ្នកនិពន្ធខ្មែរ


លោក​​បណ្ឌិត ឡឹក ជំនោរ ជា​អនុប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​ទទួល​បន្ទុក​​ផ្នែក​ស្រាវជ្រាវ​​បោះ​​ពុម្ពផ្សាយ និង​នវានុវត្តន៍​បាន​​​​ថ្លែង​​ចំណាប់​អារម្មណ៍​​​ថា៖ «​​​ពី​អតីតកាល​​នៃ​ការ​រីក​ចម្រើន​​​ក្នុង​វិស័យ​អក្សរ​សាស្ត្រ​ជាតិ​ស្ថាប័ន​​​នេះ ​ជា​ស្ថាប័ន​​ចម្បង​​​លំដាប់​ទី ​៣​ បន្ទាប់​ពី​​ព្រះរាជ​បណ្ណាល័យ​ និង​សាលា​បាលី​ជាន់​ខ្ពស់​ ដែល​ជា​ស្ថាប័ន​មួយ​​​មាន​​​កាតព្វកិច្ច​​យ៉ាង​សំខាន់​​ជ្រោមជ្រែង​​ ថែរក្សា​នូវ​មរតក នៃ​​​វប្បធម៌​អក្សរសាស្ត្រ​ជាតិ​ឲ្យ​គង់​​វង្ស។ ​តែ​អកុសល​​ក៏​ផ្អាក​មួយ​រយៈ​​ដោយ​សង្គ្រាម​។ បន្ទាប់​ពី​ប្រទេស​​មាន​​សុខ​សន្តិភាព​​មក ស្ថាប័ន​​អក្សរសាស្ត្រ ​​ក៏​បាន​​ដើរ​តួនាទី​ឡើង​វិញ​​​ក្នុង​​ការ​ចងក្រង​ឯកសារ​ និង​បោះពុម្ព​ផ្សាយ​​ឯកសារ​​អក្សរសាស្ត្រ​​សំខាន់ៗ​​ឡើង​វិញ​ ដើម្បី​ជា​ជំនួយ​​ និង​ការ​ចូលរួម​ចង​ក្រង​​ឯកសារ​សិល្បៈ ​វប្បធម៌​ អក្សរសិល្ប៍ ឲ្យ​កាន់​តែ​សម្បូរ បែប​​ពី​បញ្ញវន្ត​ និង​​​​អ្នក​ស្រាវជ្រាវ​​ពី​គ្រប់​មជ្ឈដ្ឋាន​​​​​ក្រៅ​ពី​បោះពុម្ព​ផ្សាយ​កិច្ចការ​​ទំនៀម​ទម្លាប់​អក្សរសាស្ត្រ ​និង​អក្សរសិល្ប៍​ក្នុង​ទស្សនាវដ្ដី​​កម្ពុជា​សុរិយា​មក​ ឆ្នាំ ​២០១៨​ និង ​២០១៩​ កន្លង​មក​​ ពុទ្ធសាសន​​​បណ្ឌិត្យ​​បាន​រៀបចំ​​ឲ្យ​ការ​ប្រកួត​​ពាន​រង្វាន់​អក្សរ​​សិល្ប៍​ សម្រាប់​បុគ្គល​​ទូទៅ​ដែល​​​​មាន​ចំណាប់​​អារម្មណ៍​​លើ​វិស័យ​​​​នេះ​ ​ដាក់​ប្រកួត​​​ប្រលោម​លោក ​រឿងខ្លី​ និង​កំណាព្យ​​តាម​ប្រធានបទ​​​ ២ ផ្សេង​​គ្នា​​ចំនួន​ ២ ​លើក​​រួម​ច​មក​ហើយ»។


លោក​បន្ត​ថា៖ « អក្សរ​សិល្ប៍ ​ជា​​បទ​និពន្ធ​​អក្សរសាស្ត្រ​មួយ​ប្រភេទ​​​ ដែល​បង្ហាញ​​ពី​តថភាព​សង្គម​ និង​​ការ​ប្រឌិត​ញាណ​​ប្រកប​​​ដោយ​​វនានុវត្តន៍​ និង​វនកម្ម​ ដោយ​សម្ដែង​ចេញ​​គំនិត​​មនោសញ្ចេតនារ​បស់​​ស្មេរ​​​​ប្រកប​​ដោយ​ភាព​​ប្រាកដ​និយម​ពិត​​ និង​ក្លែងក្លាយ​ដោះ​ស្រាយ​បញ្ហា​ មនុស្ស​​​ប្រកប​ទៅ​ដោយ​សិល្ប៍វិធី។​ ហើយ​វា​ជា​មធ្យោបាយ​ដ៏​ស្តួចស្តើង​វិសេសវិសាល​សម្រាប់​យល់​ដឹង​ពី​តថភាព​សង្គម​ និង​ជា​កត្តា​​សំខាន់​​មួយ​នៃ​ជីវភាព​រស់នៅ​ផង​ដែរ»៕​