ក្រុងរ៉ូម: ស្ថិតនៅក្បែរឆ្នេរប្រទេសអ៊ីតាលីនារាត្រីខែភ្លឺប្រជានេសាទកំពុងនាំគ្នាធ្វើការប្រមាញ់ដ៏កម្រនូវពពួកមឹក ត្រូមូឡេតក្រហម និងសំណល់ប្លាស្ទិក។ ប៉ុន្ដែការនេសាទលើកនេះពួកគេមិនបោះសំរាមចូលផ្ទៃសាគរវិញឡើយ។
អេឡេអូណូរ៉ា ដេ សាបាតា ជាអ្នកសម្របសម្រួលរបស់អង្គការ Clean Sea Life ដែលដំណើរការគម្រោងនេះបាននិយាយថា៖ «ប្រជានេសាទជាច្រើនធ្លាប់បោះសំរាមចូលសមុទ្រវិញ ពីព្រោះច្បាប់បានចែងថាពួកគេមិនអាចដឹកជញ្ជូនសំរាមទាំងនៅកំពង់ផែ ហើយមិនច្បាស់ថា តើនរណាអាចទទួលខុសត្រូវរឿងនេះបាន»។
វានឹងលែងក្លាយជាទង្វើខុសច្បាប់សម្រាប់ក្រុមនេសាទ ៤០ ទូកនៅក្បែររីសត Adriatic នៃតំបន់ សាន់ បេណេដេតតូ ដេល ត្រូនតូ ដែលបានផ្ដួចផ្ដើមគម្រោងនេះ។ តាំងពីចាប់ផ្ដើមប្រជានេសាទបានប្រមែប្រមូលសំរាមបានប្រមាណ ១ តោនក្នុង ១ សប្ដាហ៍រយៈពេល ១ ខែដែល ៦០ ភាគរយគឺជាប្លាស្ទិក។
ក្នុង ១ ថ្ងៃក្រុមការងារស្ម័គ្រចិត្ដបានបែងចែកកាកសំណល់សំរាមពីទិន្នផលត្រីសមុទ្រដាច់ដោយឡែក។ សំណល់ខ្លះអាចប្រើប្រាស់ឡើងវិញ ហើយខ្លះទៀតអាចកែច្នៃ តែវាមិនត្រូវបានបោះចូលសមុទ្រវិញឡើយ។
តាមពិតគម្រោងនេះត្រូវបញ្ចប់ត្រឹមថ្ងៃទី ៧ ខែមិថុនានេះមុនថ្ងៃទិវាមហាសមុទ្រពិភពលោក តែពេលនេះត្រូវបានពន្យារពេលរហូតដល់បញ្ចប់រដូវក្ដៅនៅខែកញ្ញាតែម្ដង។
ជាអ្នកនេសាទអាយុ ៦២ ឆ្នាំលោក ក្លូឌីអូ យូរៀនី ដែលបានចាប់អាជីពនេសាទតាំងពីឆ្នាំ ១៩៧២ បានថ្លែងថា៖ «កន្លងមកយើងមិនដែលប្រមូលសំរាមទុកទេ។ គ្មាននរណាធ្លាប់កាន់សំរាមប្លាស្ទិកពីសមុទ្រមកដីគោកឡើយ។ បើត្រីស៊ីប្លាស្ទិកពួកវាប្រាកដជាឈឺ ហើយយើងជាអ្នកទទួលទានក៏អាចឆ្លងជំងឺដែរ»។
ព្រឹត្ដិបត្រវិទ្យាសាស្ត្របានចុះផ្សាយក្នុងឆ្នាំ ២០១៥ ដោយប៉ាន់ប្រមាណថា មហាសមុទ្រមេឌីទែរ៉ាណេ ផ្ទុកនូវប្លាស្ទិកអណ្ដែតទឹកពីចន្លោះ ១០០០ ទៅ ៣០០០ តោន៕ HR