ភ្នំពេញ៖ បើ​​ទោះ​បី​ជា​មាន​​វ័យ​ក្មេង​ខ្ចី​ ទើប​​ប្រសូត​នៅ​​ក្នុង​យុគសម័យ​កំពុង​តែ​មាន​វិបត្តិ ​ដែល​​បង្ក​ដោយ​ជំងឺ​កូវីដ ​១៩ ឆ្នាំ ​២០២០​ នេះ​ក្តី​ តែ​បើ​មើល​​ទៅ​ផលិតកម្ម​ថ្មី​សន្លាង​មួយ​​ឈ្មោះ​​ Davitra Media ហាក់​មាន​ឆន្ទៈ និង​​ផែនការ​យ៉ាង​ច្បាស់លាស់​សម្រាប់​​ទិសដៅ​​អនាគត​ដ៏​វែង​ឆ្ងាយ​នៅ​​​លើ​វិស័យ​​សិល្បៈ​។​


អ្នកស្រី​ ច័ន្ទ ដាវី ចាង​ហ្វាង​ផលិតកម្ម Davitra Media ​បង្ហើប​​​ឱ្យ​ដឹង​ពី​គោល​បំណង​របស់​ខ្លួន​​ថា​៖ «ផលិតកម្ម ​Davitra Media​ បាន​បង្កើត​​ឡើង​នៅ​ឆ្នាំ ​២០២០ ក្នុង​គោលដៅ​ជំរុញ និង​​​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ផលិត​​​ចម្រៀង​ និង​ភាពយន្ត ​ដែល​បង្កប់​នូវ​សារ​អប់រំ និង​​​ជា​ស្នាដៃ​ច្នៃ​ប្រឌិត​របស់​កូន​ខ្មែរ​ពិត​ប្រាកដ​ ដោយ​មិន​ចម្លង​​ពី​ប្រទេស​ដទៃ​»។


ទោះបី​​​ផលិតកម្ម Davitra Media ទើប​បង្កើត​ថ្មី​នៅ​ក្មេង​ខ្ចី​សម្រាប់​​បទពិសោធ​សិល្បៈ​មែន​​​ក្តី​ តែ​​ខ្លួន​ក៏​បាន​ត្រៀម​​ខ្លួន​គ្រប់​​យ៉ាង​ដូចជា​​ ក្រុម​តារា​​ចម្រៀង ក្រុម​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង អាច​​ប្រជែង​​ផលិតកម្ម​ធំៗ​ដូចជា​ហង្សមាស ហ្គាឡាក់ស៊ី ថោន សាន់ដេ ផង​ដែរ​។​


​តារាសម្តែង និង​អ្នកដឹកនាំថត​ ​MV ផលិត​កម្ម​​​ DavitraMedia។ សហ​ការី


ចាងហ្វាង​ផលិត​រូប​នេះ​បាន​បន្ត​​​ថា៖​ «ពិត​ណាស់ វិស័យ​សិល្បៈ​នៅ​ក្នុង​​ប្រទេស​​កម្ពុជា មាន​ការ​រីក​ចម្រើន​ខ្លាំង។ ជាក់​ស្តែង​យើង​ឃើញ​ថា​​ មាន​ផលិតកម្ម​ចម្រៀង​​ និង​ភាពយន្ត​ជាច្រើន​ បាន​លេច​រូបរាង​ក៏​ច្រើន​បន្តបន្ទាប់​ ដែល​ស្តែង​​ឱ្យ​ឃើញ​ពី​ការ​ប្រកួត​ប្រជែង​​​ខ្ពស់​ក្នុង​វិស័យ​នេះ​​ជំរុញ​​​ឱ្យ​​ផលិតកម្ម​នីមួយៗ​​​ត្រូវ​​​​ពង្រឹង​សមត្ថភាព។ ក្នុង​ន័យ​​នេះ​ ផលិតកម្ម ​Davitra Media ​បាន​ត្រៀម​ខ្លួន​​រួចជា​ស្រេច​ក្នុង​ការ​ឈាន​ជើង​ចូល​​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ។ Davitra Media មាន​ក្រុម​ផលិត​ និង​បច្ចេកទេស ​ដែល​​មាន​ជំនាញ​ពិតប្រាកដ និង​​ទេពកោសល្យ​​ខ្ពស់។​ មួយ​វិញ​ទៀត អ្នក​និពន្ធ​ចម្រៀង​​ ក៏​ដូច​ជា​​​អ្នកនិពន្ធ​រឿង​យើង​សុទ្ធ​​តែ​​មាន​​បទពិសោធ ​និង​ចំណេះ​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ និង​ភាពយន្ត​ ជាស្នាដៃ​របស់​កូន​​ខ្មែរ​ផ្ទាល់​។ ផលិតកម្ម​ក៏​​សម្រិត​សម្រាំង​​នូវ​តារា​ចម្រៀង ​និង​តារា​សម្តែង​ដែល​​​មាន​ទេពកោសល្យ​ខ្ពស់ ​ហើយ​​ក៏​បាន​​និង​កំពុង​ខិតខំ​ពង្រឹង​​សមត្ថភាព​​ពួក​គាត់​​​បន្ថែម ដោយ​ការ​បង្ហាត់​បង្រៀន​​បន្ថែម​ពី​អ្នក​ជំនាញ​ក៏​ដូចជា​សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​ផង​ដែរ។ លើស​ពី​នេះ​ គណៈ​គ្រប់គ្រង​ Davitra Media​ ផ្ទាល់​គឺ​ជា​​អ្នក​មាន​បទពិសោធ​ខ្ពស់​​​ច្រើន​ឆ្នាំ​ ក្នុង​ការ​គ្រប់គ្រង​​ក្នុង​វិស័យ​​ផ្សព្វផ្សាយ និង​វិស័យ​ផលិត​​​ភាពយន្ត ​និង​ចម្រៀង​ ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដឹកនាំ Davitra Media ឱ្យ​ឈាន​​ទៅ​ក្លាយ​ជា​ផលិតកម្ម​ឈាន​មុខ​នៅ​កម្ពុជា»។


លើស​ពី​នេះ​ផលិតកម្ម​ Davtira Media ​ក៏​មាន​ស្ទូឌីយោ​ផ្ទាល់​ខ្លួន​ លាត​សន្ធឹង​នៅ​លើ​ផ្ទៃ​ដី ៥ ហិកតា ​ស្ថិត​នៅ​​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល​ ដើម្បី​ផលិត​ថត​បទ​ចម្រៀង សម្តែង MV​ ថត​កុន​ និង​កម្មវិធី​​ប្រគំ​តន្រ្តី​ផ្ទាល់​​​​ខ្លួន​​​នា​ពេល​អនាគត​យ៉ាង​ខ្លី​​​ និង​មាន​គោលដៅ​​សហការ​ជាមួយ​នឹង​បណ្តា​ផលិតកម្ម​នៃ​​បណ្តា​​ប្រទេស​​នានា​នៅ​ក្នុង​តំបន់​អាស៊ី ដើម្បី​រួម​គ្នា​​ផលិតបទ​​​ចម្រៀង​ និង​ការ​ថត​ខ្សែ​ភាពយន្ត​​ផង​ដែរ សម្រាប់​​ការ​ជួយ​អភិវឌ្ឍ​វិស័យ​សិល្បៈ​​កម្ពុជា៕