ក្រុង​សាន់ត្យាហ្គោ: ខណៈពិភព​លោក​កំពុង​រង​ការរីករាលដាល​នៃ​វីរុស​កូរ៉ូណា ប្រជាជន​ដែល​សម្ងំ​នៅ​ផ្ទះ​ធ្វើឲ្យចរាចរណ៍​ផ្លូវ​ថ្នល់ស្រឡះ​ស្ងាត់ជ្រងំ​នោះ​ ស្រាប់តែ​មាន​​​សត្វ​ខ្លា​ ព្រៃ ​Puma ត្រូវ​បាន​ប្រទះឃើញ​ដើរ​​តាម​ផ្លូវ​ដ៏ស្ងាត់ជ្រងំ​នានា​ នៃ​ទីក្រុង​សាន់ត្យាហ្គោ ដើម្បី​រក​អាហារ។ នេះ​បើ​យោង​តាមអាជ្ញាធរ​ស៊ីលី​បានឲ្យដឹង​កាលពី​ថ្ងៃអង្គារ។


ប្រទេសស៊ីលី កំពុងតែ​​កំហិត​សកម្មភាព​ប្រជាពលរដ្ឋ​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ជា​សកល។​


សត្វ​ខ្លា​ Puma អាយុ​ប្រមាណជាង ១ ឆ្នាំ និង​ទម្ងន់​ជាង ៣៥ គីឡូក្រាម​នេះ ត្រូវបានគេ​សន្និដ្ឋានថា​ មក​ពី​តំបន់ភ្នំ​ជុំវិញ​រដ្ឋធានី។


លោក Marcelo Giagnoni នាយក​រដ្ឋបាល​កសិកម្ម និង​សត្វ​ពាហនៈ ដែល​ចូលរួម​ក្នុង​កិច្ចការ​ចាប់​សត្វ​ខ្លា Puma ជាមួយ​ប៉ូលិស និង​កម្លាំង​សន្តិសុខពីសួនសត្វ​ជាតិ បាន​ឲ្យ​ដឹង​ថា៖ «ពួកវា​ត្រឡប់មក​កាន់​ទឹកដី​ដែលធ្លាប់តែ​ជាជម្រកពួកវា ហើយ​យើង​បាន​វាតទី​យក​មកធ្វើជា​របស់យើង»។


លោក​បាន​បញ្ជាក់ថា៖ «សត្វ​ខ្លា Puma ១​ ក្បាល​នេះ​​ ​មាន​សុខភាព​ល្អជា​ទេ​»។


កាលពី​ឆ្នាំមុន សត្វ​ខ្លា​ Puma ក៏​ត្រូវបានគេ​សង្គ្រោះ​ពី​ដើមឈើ​ខ្ពស់ នៅ​តំបន់​សម្បូរ​ប្រជាជន​រស់នៅ​ឯ​ភាគ​ខាង​កើត​ក្រុង​សាន់ត្យាហ្គោ។

គេពុំបានដឹង​ពីមូលហេតុ​ដែល​នាំ​ឲ្យ​វា​ជាប់លើ​ដើមឈើ​នោះទេ តែ​សត្វ​ព្រៃ​ដ៏​កាច​សាហាវ​នេះ​បាន​ឈរ​សម្លឹង​មនុស្ស​​ពី​លើ​មែកឈើ​ប្រមាណ ១៥ ម៉ោង មុន​ពេល​ដែល​​អាជ្ញាធរ​សម្រេច​បាញ់​ព្រួញ​ថ្នាំ​សណ្ដំ​​ ទម្លាក់វាមក​លើ​ពូក​ពីកម្ពស់ ១៨ ម៉ែត្រ។

សត្វ​ខ្លា Puma ១​ ក្បាល​នោះ​ត្រូវ​បាន​​លែង​ចូលព្រៃ​វិញ ដោយ​បំពាក់​នូវ​ឧបករណ៍​តាមដានទីតាំង ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ វា​បាន​ស្លាប់​​​កាលពី​ប៉ុន្មាន​​សប្ដាហ៍​មុន៕