ក្រុង​វែលីងតោន៖ ការ​ឆ្លង​ជា​សកល​នៃ​វីរុស​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ត្រូវ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នូវែលសេឡង់​ក្ដៅ​ចិត្ត​ជាង​គេ​នោះ ​គឺ​អំឡុង​ពេល​មាន​បម្រាម​ដើរ​ហើរ តម្លៃ​ផ្កា​ខាត់ណា​ហក់​ឡើង​ខ្ពស់ ដល់​​ថ្នាក់​ពួក​គេ​ស្នើ​សុំ​រដ្ឋាភិបាល​ចូល​ធ្វើ​អន្តរាគមន៍។


អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​ឆ្លង​ទូទាំង​ពិភព​លោក អាជ្ញាធរ​នូវែលសេឡង់ បាន​​ធ្វើ​ការ​តាមដាន​តម្លៃ​ទំនិញ និង​ទទួល​បាន​ការ​ត្អូញត្អែរ​ឥត​ឈប់ឈរ​ពី​តម្លៃ​បន្លែ​បង្ការ។


ជាជាង​រង​ការ​រិះគន់​ពី​តម្លៃ​ទំនិញ​ចាំបាច់​មួយ​ចំនួន ដូចជា​ម៉ាស់ គ្រឿង​លាង​សម្អាត​​អនាម័យ គ្រឿង​ស្រវឹង និង​បារី ហាង​លក់​ដូរ​នៅ​នូវែលសេឡង់ បែរ​ជា​ត្រូវ​ចោទ​ប្រកាន់​ពី​ល្បិច​ដំឡើង​ថ្លៃ​បន្លែ​ទៅ​វិញ។


នាយករដ្ឋមន្ត្រី ចាស៊ីដា អារដេន បាន​​ប្រកាស​ពី​សេវាកម្ម​ហៅ​ថា «ការ​ឃ្លាំ​មើល​តម្លៃ​ទំនិញ» តាំង​ពី​ថ្ងៃ​ចន្ទ ដោយ​នៅ​ថ្ងៃ​ដំបូង លោកស្រី​ទទួល​បាន​ជិត ១ ០០០ អ៊ីមែល។


លោកស្រី​បាន​លើក​ឡើង​ថា៖ «ការ​ត្អូញត្អែរ​ទាំង​នោះ​មាន តម្លៃ​ខ្ពស់​នៃ​ផ្កា​ខាត់ណា ដោយ​មាន​អ៊ីមែល​ខ្លះ​បាន​បញ្ជាក់​ថា ១ ​ដុំ​តម្លៃ​ដល់​ទៅ ៧,៧ ដុល្លារ​អាមេរិក​ឯណោះ»។


នាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ «តម្លៃ​ជែល​លាង​ដៃ នំប៉័ង សាច់ ខ្ទឹមស និង​ម៉ាស់ ក៏​ស្ថិត​ក្នុង​សារ​មតិ​រិះគន់​ទាំង​នោះ​ផង​ដែរ»។

លោកស្រី​បាន​បន្ដ​ថា៖ «ខ្ញុំ​ចង់​ប្រាប់​ទៅ​​កាន់​ប្រជាពលរដ្ឋ​ថា យើង​កំពុង​តែ​ធ្វើ​កិច្ចការ​ និង​ចាត់​វិធានការ​លើ​បញ្ហា​ទាំង​នេះ​ហើយ»។

ស្ថិតិ​មុខ​ទំនិញ​នៅ​លើ​វេបសាយ​របស់​នូវែលសេឡង់​ បាន​បង្ហាញ​ថា តម្លៃ​ផ្កាខាត់ណា​ត្រឹម​តែ​ប្រមាណ ២,៣៤ ដុល្លារ កាល​ពី​ចុង​ឆ្នាំ​មុន។

ម្ចាស់​ផ្សារ​ទំនើប North Island លោក Sagar Patel កាល​ពី​សប្ដាហ៍​មុន​ត្រូវ​បាន​អាជ្ញាធរ​សួរ​នាំ​អំពី​តម្លៃ​ផ្កា​ខាត់​ណា​ ដែល​លោក​អះអាង​ថា ជា​បន្លែ​តាម​រដូវកាល។

លោក​បាន​បដិសេធ​ថា មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ ហើយ​ពលរដ្ឋ​គួរ​តែ​ខឹង​សម្បា​នឹង​តម្លៃ​នំប៉័ង ជាជាង​បន្លែ​តាម​​រដូវកាល​នេះ​ឡើង​ថ្លៃ៕ AFP