ភ្នំពេញ៖ ថ្មីៗ​នេះ​ពិធីការិនី​ទូរទស្សន៍ និង​តារាសម្តែង​ស្រី ដែល​រយាល​ពី​ការថតកុន​សម្រស់​កាន់តែ​ផូរផង់​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​បង្កើត​ភាពភ្ញាក់ផ្អើល​ខ្លាំង​ដល់​មហាជន​ជាមួយ​ការបង្ហោះ​រូប​កៀកកិត​នឹង​បុរស​រូប​សង្ហា មាន​ត្រេមុខ​ដូចជា​កូនកាត់​ចិន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។


មួយ​រំពេច​ក្រោយមក​នោះ ក៏​មាន​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​ការអបអរសាទរ ដោយ​ប្រើ​ជា​សញ្ញា​រូប​បេះដូង បង្ហាញ​ការស្រឡាញ់ និង​ចុច Like ហើយ​ក៏មាន​ក្រុម​អ្នក Comment យ៉ាងច្រើន​ជា​ហូរហែ។


គេ​ឃើញ​មាន​អ្នកខ្លះ​លើកឡើងថា៖ «អ៊ី​យ៉ា! ទីបំផុត​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ហ៊ាន​បង្ហាញ​មុខមាត់​គូស្នេហ៍​ជា​ម្ចាស់​បេះដូង​ខ្លួន​ហើយ​ទេតើ!»។



ការពិត​បុរស​រូប​សង្ហា​ដែល​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បណ្តើរ​ដូច​មាន​ក្នុង​ហ្វេសប៊ុក​នោះ ភ្នំពេញ ប៉ុស្តិ៍ ក៏​មិនអាច​ទទួល​ការបញ្ជាក់​ពី​តារាស្រី​រូបនេះ​បានទេ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ ដែល​ធ្លាប់​ទាក់ទង​ពីមុន​នាពេល​នេះ​មិន​អាច​ទំនាក់ទំនង​បាន។


ដោយឡែក​រឿង​សម្ព័ន្ធ​ស្នេហា​ផ្ទាល់ខ្លួន​នេះ ទោះបី​ជា​មិត្ត​រួម​សិល្បៈ​ស្រីៗ​ស្របាល​គ្នា បាន​រៀបការ​ជិត​ទៅ​ហើយ​នោះ នាពេល​កន្លងមក​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់បាន​ព្រលយ​ថា៖ «ចំពោះ​រឿងនេះ ខ្ញុំ​មិនបាន​យកចិត្ត​ទុក​ខ្លាំង​នោះទេ ហើយ​ចាំមើល​តាម​ពេលវេលា​ទៅ​ចុះ​ពេលណា គឺ​ពេល​ណុង​ទៅ​ចុះ ចំណែកឯ​អ្នក​គេ​រៀបការ​មុន​នោះ សូម​ឱ្យគេ​ទៅមុន​ចុះ»។

បើតាម​កត់សម្គាល់​នោះ មួយរយៈ​ចុងក្រោយ​នេះ តារាសម្តែង និង​ពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ហាក់​ដូចជា​មាន​ភាពរយាល​នឹង​ការសម្តែង​សិល្បៈ​បន្តិច ដោយសារ​មាន​ការមមាញឹក​នឹង​ការបើក​អាជីវកម្ម​លក់​គ្រឿងសម្អាង​កាយ​ម៉ាក U.Me និង ELMA ជា​ផលិតផល​កំពុង​ល្បី​នៅ​កម្ពុជា ដែល​ជា​ដើមចម​មួយ​នៃ​អាថ៌កំបាំង​សម្រស់​ស្រស់ស្អាត នៅ​ក្មេង​ជានិច្ច​របស់​កញ្ញា​ទៀតផង។

អម​នឹង​រូបថត​ស្លៀកពាក់​បែប​ប្រពៃណី​មួយ​សន្លឹក​មាន​ទឹកមុខ​ញញឹម​ស្រស់​ពព្រាយ​នោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បាន​បង្ហោះ​សារ ១ ឃ្លា​ថា៖ «ឆ្នាំ​នឹង​អត់​ទាន់​ការ ព្រោះ​កូវីដ​ចាំ​ឆ្នាំក្រោយ (kidding)»។

មាន​អ្នកខ្លះ​សរសេរ​ថា៖ «អ៊ីចឹង​ហ្វេន (អ្នកគាំទ្រ) ជិត​បាន​ញ៉ាំការ​បង​ភិមាន​ហើយ។ សុំ​ធ្វើ​កូន​ព្នាយ​ផង​បង។ ចង់ឃើញ​កូនកំលោះ​អាយ​ដល់ (idol) សុំ​ប្រាប់​ការ​ផង!»។

ឯ​អ្នកខ្លះ​និយាយ​ថា៖ «Idol ចេះ​លេងសើច​ទៀត។ កំប្លែង​ស្ងួត​ណាស់​អាយ​ដល់​ខ្ញុំ។ ឆ្នាំក្រោយ​ក៏បាន Ok! គឺ​លើក​ទៅ​ឆ្នាំក្រោយ ហើយ​បងប្អូន​យើង!»៕